រសៀលថ្ងៃពុធទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ នៅបរិវេណសាលាខេត្តក្រចេះ ឯកឧត្តម វ៉ា ថន អភិបាលខេត្ត និងលោកជំទាវ ឯកឧត្តម ហឿ សុីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្តក្រចេះ បានរៀបចំពិធីសូត្រមន្តបុណ្យកឋិនទានរស្មីសាមគ្គី ដង្ហែរទៅវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាទាំង១៧៧វត្ត ក្នុងខេត្តក្រចេះ។
ឯកឧត្តម វ៉ា ថន អភិបាលខេត្ត បានមានប្រសាសន៍ថា ការរៀបចំបុណ្យអង្គកឋិនទានរស្មីសាមគ្គីនេះ គឺបានអនុវត្តតាមគោលការណ៍របស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល ដើម្បីបង្ការ ទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។
ឯកឧត្តម អភិបាលខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅចំពោះ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី ថ្នាក់ដឹកនាំ មន្រ្តីរាជការ ព្រមទាំងពុទ្ធបរិស័ទទាំងអស់ ដែលបានមូលមតិគ្នាផ្តួចផ្តើមធ្វើបុណ្យអង្គកឋិនទាននាពេលនេះ។ ការធ្វើបុណ្យអង្គកឋិនទានសាមគ្គីនេះ ជាការរួមចំណែកមួយក្នុងការលើកស្ទួយ ក្នុងវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ និងបានបង្ហាញឲ្យកូនចៅជំនាន់ក្រោយ មើលឃើញនូវការប្រារព្ធពិធីពុទ្ធសាសនា ដែលជាទំនៀមទំលាប់ប្រពៃណីដ៏ល្អរបស់ខ្មែរយើង។
ឯកឧត្តម អភិបាលខេត្ត បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមឲ្យបានខ្ជាប់ខ្ជួននូវវិធានការរបស់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល ៣កុំ ៣ការពារ ដើម្បីបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ៕
No comments:
Post a Comment