មណ្ឌលគិរី៖ ឯកឧត្ដម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្តមណ្ឌលគិរី ឯកឧត្ដម ថង សាវុន អភិបាលខេត្ត បានដឹកនាំមន្ត្រីរាជការ មន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ក្រុមយុវជន បានជួបជុំក្នុងពិធីបុណ្យឯករាជ្យជាតិខួបលើកទី៦៨ ថ្ងៃ០៩វិច្ឆិកា១៩៥៣ - ០៩វិច្ឆិកា ២០២១ មានរយៈពេល៦៨ឆ្នាំ ដែលប្រទេសកម្ពុជាទទួលបានឯករាជ្យជាតិ បូរណភាពទឹកដីពីប្រទេសបារាំង និងរំដោះយកមកវិញនៅបណ្ដាខេត្តមួយចំនួនពីប្រទេសជិតខាងផងនោះ។
ដើម្បីរលឹកទៅដល់ស្នាព្រះហស្ដរបស់ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ដែលទ្រង់បានធ្វើព្រះរាជបូជនីយកិច្ច ដោយលះបង់ទាំងកម្លាំងព្រះកាយពល និងទាំងកម្លាំងព្រះបញ្ញាញាណ ដើម្បីទាមទារឯករាជ្យពេញបូរិបូណ៍ពីបារាំង ជូនជាតិមាតុភូមិ រដ្ឋបាលខេត្តមណ្ឌលគិរី ក៏បានសាងសង់សំណង់វិមានឯករាជ្យដ៏ល្អប្រណិតមួយ នៅចំកណ្ដាលក្រុងសែនមនោរម្យ ដើម្បីប្រារព្ធពិធីបុណ្យឯករាជ្យជាតិជារៀងរាល់ឆ្នាំ និងចង់ឲ្យកូនខ្មែរគ្រប់រូបចង់ចាំជានិច្ចនូវព្រះគុណូបការ:ដ៏ថ្លៃថ្លា និងវិសេសវិសាលដ៏ឧត្តុង្គឧត្តម ចំពោះស្នាព្រះហស្ថរបស់ព្រះករុណា ព្រះបរមរតនកោដ្ឋ ដែលបានបន្សល់ទុកនូវសមិទ្ធផលជាច្រើន សម្រាប់ជាតិ មាតុភូមិ សម្រាប់កូនចៅប្រជារាស្រ្តកម្ពុជាទូទាំងប្រទេស ។
នៅក្នុងពិធីបុណ្យឯករាជ្យជាតិខួបលើកទី៦៨ដែលប្រារព្ធធ្វើឡើងនៅខេត្តមណ្ឌលគិរី លោក ស៊ន សារុន នាយករដ្ឋបាលសាលាខេត្ត ក៏បានថ្លែងជូនអង្គពិធីអំពីប្រវត្តិនិងអត្ថន័យរបស់ថ្ងៃ០៩វិច្ឆិកាផងដែរ ដោយព្រះបាទនរោត្តម សីហនុ តែងរិះរកគ្រប់លទ្ធភាព ដើម្បីរំដោះប្រទេសជាតិ ពីអាណានិគមបារាំង។ ចំណែកបារាំងនាពេលនោះ បានបន្ថែមទ័ពមកកម្ពុជាយ៉ាងច្រើន ដើម្បីទប់ទល់ការបះបោរ។ ដោយយល់ថា ការទាមទារឯករាជ្យដោយអាវុធបណ្តាលឲ្យប្រជារាស្ត្ររងទុក្ខខ្លាំងពេក ព្រះមហាក្សត្រចាប់ផ្តើមធ្វើការតស៊ូតាម ផ្លូវទូត ដើម្បីទាមទារឯករាជ្យនៃប្រទេសកម្ពុជា។
ប្រទេសកម្ពុជាបានស្ថិតនៅក្រោមអាណានិគមនិយមបារាំង អស់ជិតមួយសតវត្ស គឺ៩០ឆ្នាំដោយគិតចាប់ពីឆ្នាំ១៨៦៣ រហូតដល់ពេលទទួលបានឯករាជ្យនៅឆ្នាំ១៩៥៣។ ក្នុងឆ្នាំ១៩៤៩ ព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្តម សីហនុ បានទាមទារឲ្យប្រទេសបារាំងបញ្ឈប់នូវសន្ធិសញ្ញា អាណាព្យាបាល ដែលបានចុះហត្ថលេខានៅឆ្នាំ១៨៦៣ និង ១៨៨៤។ នៅឆ្នាំ១៩៤៩ ដដែលព្រះអង្គ បានឡាយព្រះហត្ថលេខាលើ សន្ធិសញ្ញាឯករាជ្យ ដែលប្រទេសបារាំងព្រមទទួលស្គាល់តាមផ្លូវច្បាប់ នូវឯករាជ្យរបស់ព្រះរាជាណាចក្រកម្ពុជា ។ ពីឆ្នាំ១៩៥២ ដល់ឆ្នាំ១៩៥៣ ព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្តម សីហនុ ព្រះអង្គយាងបំពេញព្រះរាជបូជនីយកិច្ច ទាមទារកេតនភណ្ភ ឯករាជ្យ១០០%ជូនជាតិមាតុភូមិ ។ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ដោយស្នាព្រះហស្ដដ៏ឧត្តុង្គឧត្តមរបស់ព្រះអង្គ ព្រះរាជាណាចក្រកម្ពុជា បានទទួលឯករាជ្យ ទាំងស្រុងពីសាធារណរដ្ឋបារាំង។ ប្រជារាស្ត្រកម្ពុជាទូទាំងប្រទេស បានថ្វាយព្រះកិត្តិនាម ព្រះអង្គជា «ព្រះមហាវីរបុរសជាតិ ព្រះបិតាឯករាជ្យជាតិ»៕
គួររំលឹកដែរថា ថ្ងៃទី៩ វិច្ឆិកា នេះ គឺជាថ្ងៃប្រវត្តិសាស្ត្រដ៏សំខាន់សម្រាប់ប្រទេសកម្ពុជា ដែលទទួលបានឯករាជ្យពេញបរិបូរណ៍ពីអាណានិគមបារាំង នៅក្នុងឆ្នាំ១៩៥៣ ក្រោមព្រះរាជបូជនីយកិច្ចដ៏ឧត្តុង្គឧត្តមរបស់ព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្តម សីហនុ ព្រះវររាជបិតាឯករាជ្យ បូរណភាពដែនដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» ដែលព្រះអង្គបានលះបង់ទាំងព្រះកាយពល និងព្រះបញ្ញាញាណយ៉ាងក្លៀវក្លាបំផុតក្នុងព្រះរាជបេសកកម្ម ដើម្បីជាតិមាតុភូមិ និងប្រជារាស្ត្រខ្មែរ៕
No comments:
Post a Comment