ខេត្តកណ្ដាល៖ រសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១ ​ឯកឧត្តម​ គង់ សោភ័ណ្ឌ ​អភិបាល​ខេត្ត នៃគណៈអភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល និងឯកឧត្ដម កឹម បុរី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយសង្កាត់សិត្បូ ព្រមទាំងសហការរី និងមន្ត្រីរាជការ បានចែក​អាវរងា​ ​ភួយ​ ​និង​ស្បៀងអាហារមួយចំនួន ​ដល់ប្រជា​ពលរដ្ឋ​ចាស់ជរា ក្រីក្រគ្មានទីពឹង ចំនួន៣២០នាក់​ ​មកពីសង្កាត់ទាំង៤ ក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល។​


ថ្លែងក្នុងពិធីនេះ ឯកឧត្តម គង់ សោភ័ណ្ឌ បានបញ្ជាក់ថា ការចែក​អំណោយ​នេះ​ធ្វើឡើង​ ដើម្បីឆ្លើយតបតាមការអំពាវនាវរបស់ សម្ដេច អគ្គសេនាបតីតេជោ  ​ហ៊ុន​ ​សែន​ ​នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានអំពាវនាឱ្យអាជ្ញាធរ​ត្រូវយកចិត្តទុកដាក់​ចំពោះ​ជន​ងាយ​រងគ្រោះ​ក្នុង​ពេល​មាន​ធាតុអាកាស​ត្រជាក់​ចូល​មកដល់​ ដើម្បី​រក្សា​ភាព​កក់ក្តៅ​ ​និង​សុវត្ថិភាព​ក្នុង​ពេល​អាកាសធាតុ​ចុះ​ត្រជាក់​។​


ឆ្លៀតនាឱកាសនោះដែរ ឯកឧត្តមក៏បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដោយក្តីនឹករលឹកបំផុត។


ឯកឧត្ដមបន្តថា កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន សម្ដេចតែងគិតគូរជានិច្ចអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋទូទៅនៅគ្រប់ពេលវេលា និងថែមទាំងបានណែនាំជាប្រចាំ ដល់មន្រ្តីនៅថ្នាក់មូលដ្ឋានទាំងអស់ ត្រូវពិនិត្យមើលពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងចុះសុខទុក្ខដល់ជនងាយរងគ្រោះ និងជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់ពូជសាសន៍ សាសនា ឬនិន្នាការនយោបាយឡើយ ។ 


ឯកឧត្តមក៏បានអំពាវនាវឱ្យមនុស្សវ័យចំណាស់ទាំងអស់បន្តថែទាំសុខភាព ទោះបីជាប្រមុខរាជរដ្ឋាភិបាល បានសម្រេចឱ្យបើកប្រទេសឡើងវិញក៏ដោយ និងបានសំណូមពរឱ្យប្រជាពលរដ្ឋទាំងអស់ថែរក្សាសុខភាពរបស់ខ្លួនឱ្យបានល្អ តាមការណែនាំរបស់ក្រសួងសុខាភិបាល ពិសេសក្នុងកាលៈទេសៈដែលកម្ពុជាមិនទាន់បានបញ្ចប់ជំងឺកូវីដ-១៩នៅឡើយ។


​បើ​យោង​តាម​ក្រសួង​ធនធាន​ទឹក​ ​និង​ឧតុនិយម​បានឱ្យ​ដឹង​ថា​ ​អាកាសធាតុ​ត្រជាក់​នឹង​បន្ត​រហូតដល់​ខែកុម្ភៈ​ ​ឆ្នាំ​២​០​២​២​ ហើយអាកាសធាតុ​ត្រជាក់​ត្រូវ​បាន​គេ​រំពឹង​ថា​ ​នឹង​ធ្វើ​ឱ្យ​សីតុណ្ហភាព​នៅ​តំបន់​នានា​ក្នុង​ប្រទេស​ធ្លាក់ចុះ​មក​នៅ​ត្រឹម​ ​១​៥​ ​អង្សា​រ​សេ​។​


សូមបញ្ជាក់ផងដែរថា ប្រជាពលរដ្ឋចាស់ជរាទាំង ៣២០នាក់ បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តកណ្ដាល ដោយក្នុងម្នាក់ទទួលបាន៖ ភួយ១ អាវរងា១ មី ១កេស ត្រីខ ១យួរ ជែលលាងដៃ ១ដប សាប៊ូ ១ដុំ និងម៉ាស់ ១០បន្ទះ និងថវិកា៥ម៉ឺនរៀល៕