ដើម្បី ប្រជាពលរដ្ឋបានជ្រួតជ្រាប នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ លោកជំទាវ ប៉ាង ដានី អភិបាលរង ខេត្តកំពង់ចាម និងជាប្រធានលេខាធិការដ្ឋានខេត្ត ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមប្រធាគណកម្មាធិការខេត្តប្រយុទ្ទប្រឆាំងអំពើជួញដូរមនុស្ស បានដឹកនាំក្រុមការងារ បើកយុទ្ធនាការស្ដីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ធ្វើឡើងនៅក្នុងស្រុកកំពង់សៀម ស្រុកព្រៃឈរ ស្រុកជើងព្រៃ និងស្រុកបាធាយ។
បើតាមលោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត បានឲ្យដឹងថា ផ្អែកតាមខ្លឹមសារ នៃសាលិខិតរបស់ឯកឧត្ដម អភិបាលខេត្តកំពង់ចាម បានគូសបញ្ជាក់ថា នាបច្ចុប្បន្នបានលេចចេញនូវជនខិលខូចមួយចំនួនដែលជាមេខ្យល់ កំពុងប្រើល្បិចកលអូសទាញ និងបោកបញ្ឆោត ក្នុងបំណងកេងយកផលចំណេញពីកម្លាំងពលកម្មតាមរយៈ ការលក់បងប្អូនកូនក្មួយ ទៅឲ្យឈ្មួញ ដែលជាថៅកែនៅក្រៅប្រទេស ទង្វើបែបនេះ គឺជាការប្រព្រឹត្តិនូវអំពើជួញដូរមនុស្សយ៉ាងពិតប្រាកដ ហើយត្រូវបានហាមឃាត់ដោយច្បាប់ ។ ឆ្នាំនេះ យើងប្រារព្ធខួបលើកទី១៥ នៃទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សក្រោមប្រធានបទ «សូមកុំយកកូវីដ-១៩ ជាឱកាសប្រព្រឹត្តិអំពើជួញដូរមនុស្ស»។ ដូចនេះ ដើម្បី ចូលរួមទាំងអស់គ្នាក្នុងការទប់ស្កាត់ការប្រយុទ្ធប្រឆាំង នឹងអំពើជួញដូរមនុស្ស និងផ្តន្ទាទោសដាច់ខាតចំពោះមេខ្យល់ ដែលតែងតែប្រព្រឹត្តអំពើឆបោក អូសទាញបងប្អូនកូនក្មួយ ដើម្បីកេងប្រវ័ញ្ចកម្លាំងពលកម្ម និងការធ្វើអាជីវកម្មផ្លូវភេទ លើស្ត្រី និងកុមារ។ សាលិខិត ក៏បានបញ្ជាក់ទៀតថា ក្នុងនាមអភិបាល នៃគណៈអភិបាលខេត្ត ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងជាប្រធានគណៈកម្មាធិការខេត្ត ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក៏សូមដាស់តឿនក្រើនរំឭកដូចតទៅ ៖ សូមបងប្អូន កូនក្មួយទាំងអស់ ប្រុងប្រយ័ត្នឲ្យបានខ្ពស់ចំពោះល្បិចកលឆបោករបស់មេខ្យល់ ដែលសន្យាថា នាំបងប្អូនកូនក្មួយ ទៅធ្វើការនៅក្រៅប្រទេសហើយទទួល បានប្រាក់ខែខ្ពស់។ ការសន្យាបែបនេះ គឺមានបំណងបោកប្រាស់បងប្អូនកូនក្មួយ ដើម្បីទទួលបានផលប្រយោជន៍សម្រាប់ពួកគេផ្ទាល់ខ្លួនប៉ុណ្ណោះ ដោយពួកគេអាចនឹងធ្វើការលក់បងប្អូនកូនក្មួយទៅឲ្យថៅកែនៅក្រៅប្រទេស។
ដូចនេះ ប្រសិនបើបងប្អូនមានបំណងចេញទៅធ្វើការនៅក្រៅប្រទេស ក្រោមរូបភាពណាក៏ដោយ សូមបងប្អូនកូនក្មួយដាក់ជាប់ខ្លួនជានិច្ចនូវ ៖ លិខិតឆ្លងដែន អត្តសញ្ញាណប័ណ្ណលេខទូរស័ព្ទស្ថានទូតខ្មែរនៅប្រទេសនោះ និងលេខទូរស័ព្ទ ឪពុក ម្តាយ បងប្អូន ក្រុមគ្រួសារ ឬលេខទូរស័ព្ទអាជ្ញាធរភូមិ ឃុំ របស់បងប្អូន កូនក្មួយ។ មួយវិញទៀតប្រសិន បើលោកយាយ លោកតា អ៊ុំ ពូមីង បងប្អូន កូនក្មួយកំពុងបានជួបនឹងបានឃើញជនណាម្នាក់ដែលកំពុងប្រាស្រ័យទាក់ទងនិយាយបញ្ចុះបញ្ចូល ឬអូសទាញ បងប្អូន ផ្ទាល់ឬអ្នកជិតខាង ក្នុងគោលបំណងនាំ យកបងប្អូន ឬអ្នកទាំងនោះទៅធ្វើការនៅក្រៅប្រទេស តាមរយៈមេខ្យល់ សូមលោកយាយ លោកតា អុំ ពូមីង បងប្អូនកូនក្មួយ ផ្តល់ព័ត៌មានទាំងនេះ ទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ឬ លោកមេឃុំ ចៅសង្កាត់ឬក៏លេខ អន្តរាគមន៍ពិសេសរបស់ ការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្ត ដែលមានលេខទូរស័ព្ទ ០៨១ ៣៧ ៣៨ ៣៩/០១១ ៧១៤៦៦៨ ឬ លេខអន្តរាគមន៍ពិសេស របស់អគ្គស្នងការនគរ បាលជាតិ ១១៧។ សូមបងប្អូនកូនក្មួយចងចាំថា មានតែក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តែមួយប៉ុណ្ណោះ ដែលអាចជួយរកការងារ នៅក្រៅប្រទេសបានដោយស្របច្បាប់ និងធានាសុវត្ថិភាព៕
No comments:
Post a Comment