(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ ២០២១ នៅសាខាពន្ធដារខេត្ត បានដឹកនាំកិច្ចប្រជុំជាមួយអាជ្ញាធរក្រុង ស្រុក និងមន្ទីរពាក់ព័ន្ធ ដើម្បីពិភាក្សាលើសេចក្តីព្រាងតម្លៃអចលនទ្រព្យ សម្រាប់ជាមូលដ្ឋានគិតពន្ធប្រថាប់ត្រា។
អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានឲ្យដឹងថា យោងតាមលិខិត លេខ ១២២៤២ អពន ចុះថ្ងៃទី ២០ ខែតុលា ឆ្នាំ២០២១ របស់អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ ទើបអាជ្ញាធរខេត្តកំពង់ចាមជួបជុំគ្នាដើម្បី ធ្វើការពិនិត្យពិភាក្សាលើសេចក្តីព្រាង តម្លៃអចលនទ្រព្យ ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម។
ក្នុងកិច្ចប្រជុំពិភាក្សានេះមានគោលបំណង ៤ ៖
*ទី១ ៖ គឺដើម្បីប្រមូលពន្ធប្រថាប់ត្រា ការផ្ទេរកម្មសិទ្ធិ ឬ សិទ្ធិកាន់កាប់អចលនទ្រព្យប្រកបដោយប្រសិទ្ធភាព តម្លាភាព និងសមភាព ។
*ទី២ ៖ ពិនិត្យទៅលើឧបសម្ព័ន្ធ ដែលបានអនុវត្តនាពេលបច្ចុប្បន្ននេះ សម្រាប់កំណត់នូវមូលដ្ឋានគិតពន្ធប្រថាប់ត្រា ក្នុងខេត្តកំពង់ចាម ក្រែងមានភាពខ្វះចន្លោះដែលពាក់ព័ន្ធទៅលើផ្នែក ប្រែប្រួលនៃតម្លៃអចលនទ្រព្យផងដែរ។
*ទី៣ ៖ ដើម្បីពិនិត្យនិងពិភាក្សាសម្រេច លើសេចក្តីព្រាងអចលនទ្រព្យ ឧបសម្ព័ន្ធថ្មីនៃការបែងចែកភូមិសាស្ត្រថ្មី នៃតម្លៃអចលនទ្រព្យ កំណត់ជាមូលដ្ឋានគិតពន្ធប្រថាប់ត្រា ក្នុងខេត្តកំពង់ចាម។
*ទី៤ ៖ ក្រោយពីការប្រជុំពិភាក្សាគ្នារួច សាខាពន្ធដារខេត្ត និងរៀបចំលិខិត ដាក់ជូនគណៈកម្មការវាយតម្លៃអចលនទ្រព្យ នៅអគ្គនាយកដ្ឋានពន្ធដារ៕
No comments:
Post a Comment