នាព្រឹកថ្ងៃចន្ទ ទី៣១ ខែមករា​ ឆ្នាំ២០២២នេះ នៅសាលប្រជុំព្រៃបាសាក់ អគារ ខ សាលាខេត្ត ឯកឧត្តម ម៉ែន​ វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង​ បានអញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីកម្មសិក្សា ទាំង ៦រូប ដែលទេីបបានប្រឡងជាប់ក្របខណ្ឌមន្ត្រីរាជការចូលបម្រើការងារក្នុងសាលាខេត្តស្វាយរៀង​។


មានប្រសាសន៍នូវក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្ត​បានធ្វេីការផ្តាំផ្ញេីនូវចំណុចសំខាន់ៗមួយចំនួនដូចជា​៖​ 

១-ត្រូវគោរពពេលវេលាក្នុងម៉ោងការងារឲ្យបានត្រឹមត្រូវតាមបទបញ្ជាផ្ទៃក្នុងរបស់អង្គភាព។ 

២-​ក្នុងនាមជាមន្ត្រីត្រូវខិតខំបំពេញការងារទៅតាមតួនាទីភារកិច្ចរបស់ខ្លួនដែលថ្នាក់ដឹកនាំប្រគល់ជូន។  

៣-​ត្រូវមានសាមគ្គីភាពគ្នានៅក្នុងអង្គភាព។

៤-​ កុំតាំងខ្លួនជាមន្ត្រីជេីងដប់ឲ្យសោះ​ ត្រូវតាំងខ្លួនជាមន្ត្រីជេីងពីរ។ 

៥-ត្រូវប្រកាន់ខ្ជាប់នូវឥរិយាបទទាំងបួនរបស់មន្ត្រីរាជការ គឺឆន្ទៈ ម្ចាស់ការ ភក្ដីភាព និងវប្បធម៌សេវាសាធារណៈ។

៦-​ កុំតាំងខ្លួនជាមន្ត្រីគ្រាប់ល្ពៅ​ គឺត្រូវធ្វេីជាមន្ត្រីដែលស្មោះត្រង់ចំពោះថ្នាក់ដឹកនាំ​ ចំពោះអង្គភាព​ ចំពោះការងាររបស់ខ្លួន​ និងប្រជាជន។ ត្រូវបំពេញការងារ​ដោយស្មោះត្រង់​ និងឲ្យអស់ពីសមត្ថភាព​ ដេីម្បីចូលរួមចំណែកក្នុងកិច្ចការផ្ដល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋឲ្យបានកាន់តែល្អប្រសើរ ប្រកបដោយប្រសិទ្ធភាព និងជោគជ័យ។

៧-ត្រូវខិតខំសិក្សា ស្វែងយល់ និងរៀនសូត្រពីចំណេះដឹង និងបច្ចេកវិទ្យាថ្មីៗ ដើម្បីប្រើប្រាស់ជាគុណប្រយោជន៍ដល់ការអភិវឌ្ឍអង្គភាពដែលខ្លួនបម្រើការងារឲ្យកាន់តែមានការរីកចម្រើន៕