សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសន្និបាតត្រួតពិនិត្យលទ្ធផល ការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ និងលទ្ធផលការងារប្រឡងប្រណាំងអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព - គេហទំព័រ សន្តិភាពថ្មី

Breaking

Tuesday, February 22, 2022

សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសន្និបាតត្រួតពិនិត្យលទ្ធផល ការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ និងលទ្ធផលការងារប្រឡងប្រណាំងអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព

នៅព្រឹកថ្ងៃអង្គារ ទី២២ ខែកុម្ភៈ ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសន្និបាតត្រួតពិនិត្យលទ្ធផល

ការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារបន្តឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ និងលទ្ធផល ការងារប្រឡងប្រណាំងអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ដោយមានការ អញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋមន្ត្រីក្រសួង-ស្ថាប័នពាក់ព័ន្ធ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការប្រចាំការ, រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងក្រសួង-ស្ថាប័ន ពាក់ព័ន្ធនានា, អគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ, អគ្គស្នងការដ្ឋាននគរបាលជាតិ, អគ្គនាយក នៃអគ្គនាយកដ្ឋានចំណុះក្រសួងមហាផ្ទៃ, ប្រធានក្រុមប្រឹក្សា អភិបាលរាជធានី-ខេត្ត ព្រមទាំងអ្នក ពាក់ព័ន្ធជាច្រើនរូបទៀត   សរុបប្រមាណ ៣៥០នាក់ ដែលកម្មវីធីនេះប្រារព្ធធ្វើឡើងនៅសណ្ឋាគារ

រ៉េស៊ីដង់សុខាភ្នំពេញ ស្ថិតនៅសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ជាកិច្ចចាប់ផ្ដើម សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថ្លែងសុន្ទរកថាបើកសន្និបាត  ថា«ថ្ងៃនេះយើងជួបជុំគ្នាដើម្បីប្រារព្ធសន្និបាតប្រចាំឆ្នាំរបស់ក្រសួងមហាផ្ទៃ សំដៅត្រួតពិនិត្យលទ្ធផល ការងារដែលស្ថិតក្រោមសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ បន្ទាប់ពីបានអាក់ខានការជួបជុំដោយផ្ទាល់ ដើម្បីប្រារព្ធសន្និបាតកាលពីឆ្នាំកន្លងទៅ ដោយសារការឆ្លងរាតត្បាតដ៏កាចសាហាវនៃជំងឺកូវីដ-១៩»។

សម្ដេចក្រឡាហោម បានមានប្រសាសន៍បន្ដថា រយៈពេលពីរឆ្នាំកន្លងទៅនេះ កម្ពុជាបានពុះពារជម្នះ និងឆ្លងកាត់នូវបញ្ហាប្រឈមដ៏ស្មុគស្មាញ ដោយសារការផ្ទុះឡើងនៃជំងឺកូវីដ-១៩ ដែលបានបង្កផល ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពសាធារណៈ សេដ្ឋកិច្ច-សង្គម និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ដើម្បីដោះស្រាយបញ្ហាប្រឈមនេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលការណ៍ វិធានការ ដ៏មុតស្រួច ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ការស្វះស្វែងរកវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋ ដើម្បី បង្កើតភាពសាំក្នុងសហគមន៍ ព្រមជាមួយនឹងការផ្ដល់ជំនួយសង្គមដល់គ្រួសារក្រីក្រ និងកម្មកររោង ចក្រ-សហគ្រាសដែលទទួលរងផលប៉ះពាល់ដោយវិបត្តិនៃជំងឺកូវីដ-១៩ ការធ្វើអន្តរាគមន៍នានា ដើម្បី ទប់លំនឹងសេដ្ឋកិច្ចសង្គមកុំឱ្យដួលរលំ ការរក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គម ការធានាដំណើរការនៃ ស្ថាប័នសាធារណៈគ្រប់ថ្នាក់ ដើម្បីផ្តល់សេវាសាធាណៈចាំបាច់ និងជាមូលដ្ឋានក្នុងសង្គម ព្រមទាំង វិធានការនានាជាច្រើនទៀត ដើម្បីស្តារសេដ្ឋកិច្ចសង្គមពីវិបត្តិនៃជំងឺកូវីដ-១៩។

សម្ដេចក្រឡាហោមបានបន្ថែមថា អាស្រ័យដោយកិច្ចខិតខំប្រឹងប្រែងទាំងនេះ បានបង្កលក្ខណៈ សម្បត្តិល្អដល់ប្រទេសកម្ពុជា អាចបើកឱ្យដំណើរការឡើងវិញនូវសកម្មភាពសេដ្ឋកិច្ចសង្គមស្ទើរគ្រប់ វិស័យ ហើយស្ថាប័នសាធារណៈគ្រប់ថ្នាក់ក៏បានធ្វើសកម្មភាពពេញលេញទៅតាមគន្លងប្រក្រតីភាពថ្មី បង្កឱកាសឱ្យបានមកជួបប្រជុំគ្នាដោយផ្ទាល់នាពេលនេះ។

លើសពីនេះទៀត សម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានបន្តមាន ប្រសាសន៍លើកឡើងថា សរុបមក សមិទ្ធផលដែលក្រសួងមហាផ្ទៃ សម្រេចបានក្នុងឆ្នាំ២០២១ ពិតជាបានមកដោយមានការចូលរួមធ្វើពលិកម្ម យ៉ាងធំធេងរបស់កងកម្លាំងនគរបាលជាតិ និង អាជ្ញាធរដែនដីគ្រប់ថ្នាក់ដែលបានពុះពារជម្នះគ្រប់ឧបសគ្គ ដោយដៃម្ខាងចូលរួមអនុវត្តវិធានការនានា របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ក្នុងការប្រយុទ្ធប្រឆាំងការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ និងដៃម្ខាងទៀត ធានាថែរក្សាការពារបានយ៉ាងរឹងមាំនូវសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ  និង សុវត្ថិភាពសង្គមនិងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ក្នុងបរិបទដែលកម្ពុជាកំពុងប្រឈម នឹងការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩។

សម្ដេចក្រឡាហោម បានបញ្ជាក់ថា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្ដេច បានកោតសរសើរ និងវាយ តម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់ថ្នាក់នៃក្រសួងមហាផ្ទៃ ទាំងនគរបាលជាតិ និងរដ្ឋបាលស៊ីវិល ព្រមទាំងក្រសួងស្ថាប័ននានា និងរដ្ឋបាលគ្រប់ថ្នាក់នៅថ្នាក់ក្រោមជាតិ ដែលបានខិតខំរួមគ្នាសម្រេច សមិទ្ធផលខាងលើនេះ។

សម្ដេចក្រឡាហោម បានបញ្ជាក់ទៀតថា ទន្ទឹមនឹងសមិទ្ធផលខាងលើនេះ ក៏នៅមានសេសសល់បញ្ហា ប្រឈមនានាជាច្រើនទៀត ដែលត្រូវបន្តខិតខំរួមគ្នាពុះពារជម្នះដោះស្រាយ។ផ្អែកតាមកម្មវិធីសន្និបាត នឹងធ្វើការបែងចែកក្រុមពិភាក្សាលើប្រធានបទសំខាន់ៗ ដើម្បីប្រមែប្រមូលធាតុចូលពីសមាជិក សមាជិកានៃអង្គសន្និបាត សម្រាប់បំពេញបន្ថែមលើខ្លឹមសាររបាយការណ៍ និងទិសដៅរួម ទាំងបញ្ហា ប្រឈម និងដំណោះស្រាយ ព្រមទាំងគោលការណ៍សំខាន់ៗសម្រាប់អនុវត្ត ក្នុងឆ្នាំ២០២២នេះ បន្តទៀត។ អាស្រ័យហេតុនេះ ក្នុងនាមក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម បានស្នើដល់សមាជិក សមាជិកា នៃអង្គសន្និបាតទាំងមូល សូមយកអស់កម្លាំងកាយ ប្រាជ្ញា ស្មារតី ដើម្បីផ្តល់ធាតុចូល សំដៅចូលរួមធ្វើឱ្យសន្និបាតសម្រេចលទ្ធផលបានតាមការគ្រោងទុក។


នាឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ បានធ្វើសេចក្ដីរាយការណ៍សង្ខេបនូវរបាយការណ៍បូកសរុបលទ្ធផលការងារឆ្នាំ ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ ជូន សម្ដេចក្រឡាហោម ស ខេង និងអង្គសន្និបាតថា នៅក្នុងឆ្នាំ២០២១ក្រសួងមហាផ្ទៃ បានចូលរួមធ្វើឱ្យសម្រេចនូវសមិទ្ធផល នយោបាយ និងសង្គមជាច្រើនតាមរយៈការខិតខំអនុវត្តនូវតួនាទីភារកិច្ច និងការទទួលខុសត្រូវ របស់ខ្លួន។ ដោយឡែកសម្រាប់ទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ, ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ ក៏បានមានប្រសាសន៍លើកឡើងថា ឆ្នាំ២០២២នេះ គឺជាឆ្នាំទី៤ នៃការអនុវត្តកម្មវិធីកំណែទម្រង់ដែលបានកំណត់ក្នុងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល សម្រាប់នីតិកាលទី៦ នៃរដ្ឋសភា និងជាឆ្នាំដែលកម្ពុជាត្រូវរៀបចំនូវព្រឹត្តិការណ៍ និងកិច្ចប្រជុំនានាក្នុងតួនាទីជាប្រធានប្តូរវេនរបស់អាស៊ាន ព្រមទាំងរៀបចំបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥។ 

ឯកឧត្តម នាយឧត្តមសេនីយ៍ បានបន្តទៀតថា ដើម្បីធានារក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម បម្រើឱ្យកម្មវិធីព្រឹត្តិការណ៍នយោបាយនិងវេទិកាទាំងនេះ ប្រព្រឹត្តទៅប្រកប ដោយសុវត្ថិភាព និងជោគជ័យ ព្រមទាំងបន្តរក្សាបាននូវប្រក្រតីភាពនៃជីវភាពសង្គមគ្រប់វិស័យ មន្ត្រីរដ្ឋបាលស៊ីវិល កងកម្លាំងនគរបាលជាតិ និងរដ្ឋបាលគ្រប់ថ្នាក់ នៅថ្នាក់ក្រោមជាតិ ត្រូវបន្តរួមគ្នាសម្រេចឱ្យបាននូវទិសដៅជាយុទ្ធសាស្ត្រសំខាន់ៗចំនួន០៤ ដូចតទៅ ៖

ទី១-បន្តខិតខំថែរក្សា ការពារឱ្យបាននូវឯករាជ្យ អធិបតេយ្យភាពជាតិ បូរណភាពទឹកដី សន្តិភាព និងស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ បង្កបរិយាកាសដល់ការស្តារ និងជំរុញឡើងវិញនូវកំណើនសេដ្ឋកិច្ច និងវឌ្ឍនភាពសង្គម និងធានាការពារលើកស្ទួយសិទ្ធិ សេរីភាព គ្រប់យ៉ាងរបស់ប្រជាពលរដ្ឋ ដោយផ្អែកលើរដ្ឋធម្មនុញ្ញ និងប្បញ្ញត្តិច្បាប់ជាធរមាន សំដៅជំរុញ លើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមលើគ្រប់វិស័យ។

ទី២-បន្តខិតខំជំរុញការអនុវត្តកម្មវិធីកំណែទម្រង់នានា ដែលបានកំណត់ក្នុងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ ជាពិសេសការកែទម្រង់មន្ត្រីគរបាលជាតិកម្ពុជា ការកែទម្រង់មន្ត្រីរដ្ឋបាលស៊ីវិល នៃក្រសួងមហាផ្ទៃ ការអនុវត្តកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ ក្រោមជាតិ ដំណាក់កាលទី២ (២០២១-២០៣០) និងគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» របស់រាជរដ្ឋាភិបាល។

ទី៣-បន្តខិតខំបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ និងការដោះស្រាយសំណើ សំណូមពរ របស់ប្រជាពលរដ្ឋ ក៏ដូចជាបញ្ហាប្រឈមនានានៅមូលដ្ឋាន សំដៅធានាការលើកកម្ពស់ការចូល រួមរបស់ប្រជាពលរដ្ឋក្នុងការអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល និងការអភិវឌ្ឍគ្រប់ វិស័យក្នុងសង្គម។

និងទី៤-បន្តពង្រឹងការអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ និងស្មើភាព ដើរទន្ទឹមនឹងការខិតខំពង្រឹងក្រមសីល ធម៌ វិជ្ជាជីវៈមន្ត្រីអនុវត្តច្បាប់ ដើម្បីរួមគ្នាលុបបំបាត់នូវបាតុភាពអសកម្មនានា សំដៅបង្កើនជំនឿទុក ចិត្តដល់ប្រជាពលរដ្ឋក្នុងការចូលរួមគោរព អនុវត្តច្បាប់ ដើម្បីចូលរួមពង្រឹងយុត្តិធម៌ក្នុងសង្គម។ 

សូមជម្រាបជូនផងដែរថា សន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅ ការងារឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ បានប្រារព្ធធ្វើឡើងរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២២-២៣ ខែកុម្ភៈ ឆ្នាំ២០២២។ ដោយឡែកក្នុងពិធីបិទសន្និបាតរបស់ក្រសួងមហាផ្ទៃ នឹងធ្វើឡើងក្រោម អធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា៕











 

No comments:

Post a Comment

Pages