កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២នេះ ឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម គុយ ចន្ថា សមាជិកក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ឯកឧត្តម នៃ ចារី អភិបាល រងខេត្តកំពង់ឆ្នាំង រួមនិងក្រុមការងារ ចុះសួរសុខ ទុក្ខ និងចែកអំណោយជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិតាតាន់ ឃុំព្រៃគ្រី ជើង ស្រុកជលគិរី ខេត្តកំពង់ឆ្នាំងចំនួន ៤៥៦គ្រួសារ ដែលរងផលប៉ះពាល់ ដោយជំងឺកូវីដ-១៩ និងឧបត្ថម្ភស៊ីម៉ង់ត៍ចំនួន ៤០តោន ជូនអាជ្ញាធរឃុំ សម្រាប់សាងសង់ផ្លូវបេតុងក្នុងឃុំព្រៃគ្រីជើង ផងដែរ។


ក្នុងឱកាសនោះ ឯកឧត្តម ឡុង ឈុនឡៃ និងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានថ្លែង ទៅកាន់បងប្អូនប្រជាពលរដ្ឋថា ដើម្បីទទួល បានសុខសន្តិភាព និងមានការអភិវឌ្ឍគ្រប់វិស័យនៅ ក្នុងមូលដ្ឋាន ប្រជាពលរដ្ឋយើងត្រូវតែចូលរួមអនុវត្តគោលនយោបាយភូមិឃុំ មានសុវត្ថិភាព គឺភូមិឃុំមានសន្តិសុខសណ្តាប់ធ្នាប់ល្អ គ្មានចោរកម្មគ្មាន គ្រឿងញៀនគ្មានក្មេងទំនើងនិងគ្មានអំពើហឹង្សា នៅក្នុងគ្រួសារ។


ឯកឧត្តម បានបន្តទៀតថា តាមគម្រោងផែនការរបស់ខេត្តមន្ទីរអភិវឌ្ឍន៍ ជនបទនិងកសាងស្ពានចំនួន១០កន្លែងនៅតាមផ្លូវមាត់ទន្លេ ពីឃុំកោះថ្កូវ ទៅមកកាន់ទីរួមស្រុកជលគិរី។ ក្នុងនោះផ្លូវពីសាលាស្រុកជលគីរីទៅកាន់ឃុំពាមឆ្កាកគឺ ក្រុមហ៊ុនកូនិងជួយកសាងជាផ្លូវបេតុង ហើយផ្លូវនៅក្នុងឃុំព្រៃគ្រីជើងទាំងអស់ និងកសាងជាផ្លូវបេតុងផងដែរជាមួយ គ្នានេះដែរ ឯកឧត្តមបានសន្យាថា នឹង អភិវឌ្ឍន៍ស្រុកជលគីរីអោយក្លាយទៅជាតំបន់ទេសចរណ៍ទាក់ទាញ ដើម្បី លើកកម្ពស់ជីវភាពរស់ នៅរបស់ប្រជាពលរដ្ឋយើង។


ឯកឧត្តមក៏បានផ្តាំផ្ញើ ដល់បងប្អូនប្រជាពលរដ្ឋក្នុងឃុំ ទាំងអស់សូមរួមគ្នា អនុវត្តវិធានការ ៣កុំ-៣ការពារដើម្បីចូលរួមគ្នាទប់ ស្កាត់ការរាលដាល ជំងឺកូវីដ១៩ ឬអូមេក្រុងនៅក្នុងមូលដ្ឋាន។ ជាមួយគ្នានេះ ឯកឧត្តម និងក្រុមការងារ ក៏បានចែក អំណោយជូនបងប្អូនប្រជាពលរដ្ឋ ចំនួន ៤៥៦គ្រួសារ នៅ ក្នុងភូមិតាតាន់ ឃុំ ព្រៃគ្រីជើងដែលរងំផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ ដោយក្នុង១គ្រួសារៗ ទទួលបាន អង្ករ ត្រីខ ទឹកត្រី និងទឹកស៊ីអ៊ីវ៕