សម្តេចក្រឡាហោម ស ខេង អនុញ្ញាតឱ្យអគ្គស្នងការនគរបាលសហព័ន្ធអូស្រ្តាលី ចូលជួបសម្តែងការគួរសម - គេហទំព័រ សន្តិភាពថ្មី

Breaking

Wednesday, March 2, 2022

សម្តេចក្រឡាហោម ស ខេង អនុញ្ញាតឱ្យអគ្គស្នងការនគរបាលសហព័ន្ធអូស្រ្តាលី ចូលជួបសម្តែងការគួរសម

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នារសៀលថ្ងៃអង្គារទី០១ ខែមីនា ឆ្នាំ២០២២នេះ បានអនុញ្ញាតឱ្យ ឯកឧត្តម Reece Philip Kershaw អគ្គស្នងការនគរបាលសហព័ន្ធអូស្រ្តាលី ព្រមទាំសហការី ចូលជួបសម្តែងការគួរសម។


ជាកិច្ចចាប់ផ្តើម សម្តេចក្រឡាហោម បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តម អគ្គស្នងការនគរបាលសហព័ន្ធអូស្រ្តាលី ដែលបានមកបំពេញទស្សនៈកិច្ចនៅព្រះរាជាណាចក្រកម្ពុជា និងដើម្បីចូលរួមសន្និសីទអាស៊ានណាប៉ូល លើកទី៤០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ជាពិសេសបានប្រជុំពិភាក្សាទ្វេភាគីជាមួយអគ្គស្នងការនគរបាលជាតិកម្ពុជា ពាក់ព័ន្ធវិស័យបណ្តុះបណ្តាលនគរបាល និងកិច្ចសហប្រតិបត្តិការនានារវាងប្រទេសទាំងពីរ ព្រមទាំងបានផ្លាស់ប្តូរព័តមានពីគ្នាទៅវិញទៅមកជាច្រើនផងដែរ។


ជាមួយគ្នានេះដែរ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានគាំទ្រចំពោះលទ្ធផលនៃកិច្ចពិភាក្សារវាង ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរនគរបាលជាតិកម្ពុជា និងឯកឧត្តម Reece Philip Kershaw អគ្គស្នងការនគរបាលសហពន្ធ័អូស្រ្តាលី ដែលបានជួបពិភាក្សា នាព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២២ ដែលបានពិភាក្សាទៅលើការជួយជ្រុមជ្រែងការងារបណ្តុះបណ្តាលនគរបាល ជាពិសេសទៅលើការផ្ទេរជំនាញ និងចំណេះដឹងពីនគរបាលអូស្ត្រាលីដើម្បីជួយនគរបាលកម្ពុជា នៅក្នុងការងារប្រយុទ្ធប្រឆាំងបទល្មើសនានា ដែលកំពុងកើតមាននៅក្នុងក្របខណ្ឌតំបន់ និងសកលលោក ក្នុងនោះរួមមានបទល្មើសប្រឆាំងបច្ចេកវិទ្យា និងការសម្អាតប្រាក់ជាដើម។


លើសពីនេះទៀត សម្តេចក្រឡាហោម បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេលកន្លងមក ជាពិសេសលើការអនុវត្តកិច្ចព្រមព្រៀង និងអនុសារណៈនានាដែលកំពុងនៅជាធរមាន។ ទន្ទឹមនេះ សម្តេចក្រឡាហោម បានមានប្រសាសន៍ជំរុញឱ្យភាគីទាំងពីរបន្តអនុវត្តកិច្ចព្រមព្រៀងទាំងអស់ឱ្យមានប្រសិទ្ធភាពជាបន្តទៀត និងជាពិសេសឱ្យពិនិត្យលទ្ធភាពចុះកិច្ចព្រមព្រៀងបន្ថែមស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទាំងឡាយណា ដែលយល់ថាចាំបាច់ដើម្បីបម្រើជាប្រយោជន៍រួមនៃនគរបាលប្រទេសទាំងពីរ និងប្រជាជន។ សម្តេចក្រឡាហោម ក៏បានរម្លឹងផងដែលថា កម្ពុជា បានបង្ក្រាប់បាននូវបទល្មើសគ្រឿងញៀនជាច្រើនក្នុងរយៈពេលកន្លងមក ហើយក៏មានការចូលរួមចំណែកសហការពីភាគីអូស្ត្រាលីផងដែរ។


នាឱកាសនោះ តាមរយៈឯកឧត្តម Reece Philip Kershaw អគ្គស្នងការនគរបាលសហពន្ធ័អូស្រ្តាលី សម្តេចក្រឡាហោម ក៏បានថ្លែងអំណរដល់រដ្ឋាភិបាលអូស្ត្រាលី ដែលបានចូលរួមចំណែកផ្តល់នូវជំនួយវាក់សាំងការពារជំងឺកូវីដ១៩ ទោះបីប្រទេសកម្ពុជាស្ថានភាពឆ្លងជំងឺកូវីឌ១៩មានការកើនឡើងក្នុងរយៈពេលចុងក្រោយនេះក៏ដោយ ប៉ុន្តែអត្រានៃការស្លាប់មានភាគរយតិច។ 


ទន្ទឹមនេះដែរ ឯកឧត្តម អគ្គស្នងការនគរបាលសហពន្ធ័អូស្រ្តាលី បានគោរពថ្លែងអំណរគុណដល់សម្តេចក្រឡាហោម ដែលបានផ្តល់កិត្តិយសអនុញ្ញាតឱ្យរូបឯកឧត្តមបានចូលជួបសម្តែងការគួរសមនាពេលនេះ និងបានគោរពបញ្ជាក់ជូនសម្តេចក្រឡាហោម អំពីលទ្ធផលនៃកិច្ចពិភាក្សារវាង ឯកឧត្តម ជាមួយឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរនគរបាលជាតិកម្ពុជា ក្នុងនោះអូស្ត្រាលីនិងបន្តជួយបណ្តុះបណ្តាលដល់នគរបាលកម្ពុជា ជាពិសេសពាក់ព័ន្ធការងារប្រយុទ្ធប្រឆាំងបទល្មើសនានាបន្ថែមទៀត៕






 

No comments:

Post a Comment

Pages