ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី អញ្ជើញចូលរួមពិធីប្រគល់-ទទួលព្រះរាជអំណោយហ្លួងម៉ែដ៏ឧត្តុង្គឧត្តម ជូនលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋនៅខេត្តមណ្ឌលគិរី - គេហទំព័រ សន្តិភាពថ្មី

Breaking

Saturday, April 9, 2022

ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី អញ្ជើញចូលរួមពិធីប្រគល់-ទទួលព្រះរាជអំណោយហ្លួងម៉ែដ៏ឧត្តុង្គឧត្តម ជូនលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋនៅខេត្តមណ្ឌលគិរី

មណ្ឌលគិរី៖ ព្រះរាជអំណោយដ៏ឧត្តុង្គឧត្តមហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ព្រះប្រធានកិត្តិយស កាកបាទក្រហមកម្ពុជា តាមរយៈសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា រួមមានអណ្ដូងទឹកស្អាតចំនួន៣ ស្ថានីយ៍លាងដៃចំនួន៧ និងបង្គន់អនាម័យចំនួន១ខ្នងមាន៤បន្ទប់ ត្រូវបានប្រគល់ជូនលោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស ក្នុងវិទ្យាល័យចំនួន១ និងសាលាបឋមសិក្សាចំនួន៦ នៅស្រុកកោះញែក និងស្រុកកែវសីមា ខេត្តមណ្ឌលគិរី។


ពិធីប្រគល់ និងទទួលព្រះរាជអំណោយដ៏ឧត្តុង្គឧត្តមនេះ ប្រារព្ធធ្វើនៅថ្ងៃទី ៨ មេសា  ឆ្នាំ២០២២ ក្នុងបរិវេណវិទ្យាល័យ ហ៊ុនសែន កោះញែក ស្ថិតក្នុងឃុំស្រែសង្គម ស្រុកកោះញែក ដោយមានការអញ្ជើញជាអធិបតីពីសំណាក់ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការងទី១ កាកបាទក្រហមកម្ពុជា, ឯកឧត្តម ឧកញ៉ា  អ៊ឹង ស៊ីតាតវីរៈ ជំនួយការផ្ទាល់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី និងលោក សាយ ម៉េងគីម អភិបាលខេត្តស្តីទី និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី ព្រមទាំងសមាជិក សមាជិកា យុវជន អ្នកស្ម័គ្រចិត្ត កាកបាទក្រហមកម្ពុជាសាខាខេត្តមណ្ឌលគិរី និងអាជ្ញាធរដែនដី លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្សផងដែរ។

បើតាមមតិស្វាគមន៍របស់ លោក ទូច សុគន្ធ នាយកវិទ្យាល័យ ហ៊ុនសែន កោះញែក បានឱ្យដឹងថា បច្ចុប្បន្នវិទ្យាល័យមានបុគ្គលិកសរុប ៥១នាក់ ស្រី ០៩ នាក់ ក្នុងនោះបុគ្គលិកជនជាតិភាគតិចសរុប ០៤ នាក់ ស្រី ០១ នាក់។ ព្រមទាំងមានសិស្សសរុប៖ ១០១៧ នាក់ ស្រី ៥៦២ នាក់ ក្នុងនោះមានសិស្សជនជាតិភាគតិចសរុប ២៣២ នាក់ ស្រី ១៣៦នាក់។ លោកនាយកវិទ្យាល័យ ហ៊ុន សែន កោះញែកបន្តទៀតថា ថ្ងៃនេះ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ពិតជាមានកិត្តិយសដ៏ឧត្តុង្គឧត្តមក្រៃលែងដោយ បានទទួលនូវសមិទ្ធិផលថ្មីស្រឡាងដែលជាព្រះរាជអំណោយដ៏ថ្លៃថ្លារបស់ ហ្លួងម៉ែ នរោត្ត មុនីនាថ សីហនុ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជាតាមរយៈ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា នូវអណ្ដូង ចំនួន ០១កន្លែង ដែលបំពាក់ដោយម៉ូទ័របូមទឹកស្វ័យប្រវត្តិ ស្ថានីយ៍លាងសម្អាតដៃ ចំនួន០៣ កន្លែង និងបន្ទប់អនាម័យ ១ខ្នង ចំនួន០៤បន្ទប់។

លោក សាយ ម៉េងគីម អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី បានលើកឡើងថា ការវិវត្តន៌ និងការរីកចំរើនរបស់សាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី ដំណើរការទៅបានក៏អាស្រ័យដោយមានការយកចិត្តទុកដាក់ខ្ពស់ពីថ្នាក់កណ្តាល និងការជួយជ្រោមជ្រែងពីថ្នាក់ដឹកនាំក្នុងគណៈកម្មាធិការសាខា និងសប្បុរសជនមកពីគ្រប់មជ្ឈដ្ឋានទាំងអស់។ លោក បន្តទៀតថា ឆ្លើយតបទៅនឹងការងារមនុស្សធម៌នេះ ក្នុងឆ្នាំកន្លងមកក៏ដូចជាក្នុងឆ្នាំ២០២១-២០២២នេះ សាខាកាកបាទក្រហមខេត្តមណ្ឌលគិរី បាននាំយកនូវទេយ្យទាន និងបច្ច័យ ដែលជាអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ប្រគេនដល់ព្រះសង្ឃគង់ក្នុងវត្តចំនួន៣០វត្តទូទាំងខេត្ត។ ប្រគល់ជូនផ្ទះមនុស្សធម៌កាកបាទក្រហមកម្ពុជា ចំនួន៤ខ្នង ជូនដល់ចាស់ជរាគ្មានទីពឹង ស្រ្តីមេម៉ាយកូនច្រើន នៅភូមិអូរយ៉េះ ឃុំស្រែសង្គម ស្រុកកោះញែក។ សាងសង់អណ្តូងទឹកស្អាត និងជួលជុលអណ្តូងទឹកស្អាត ជាច្រើនកន្លែងនៅស្រុកកែវសីមា និងស្រុកកោះញែក ព្រមទាំងបានចែកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋងាយរងគ្រោះ និងបានអប់រំផ្សព្វផ្សាយការយល់ដឹងពីសុខភាពបន្តពូជ សុខភាពមាតា ទារក និងកុមារបានជាច្រើនលើកផងដែរ។


លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការងទី១ កាកបាទក្រហមកម្ពុជា បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សម្ដេចតែងតែមានក្ដីនឹករលឹក និងការអាណិតអាសូរជានិច្ចចំពោះបងបងប្អូនគ្រប់ទិសទី ពិសេសប្រជាពលរដ្ឋដែលជួបការលំបាក។ លោកជំទាវ បានបន្ថែមថា ក្នុងឱកាសពិធីចម្រើនជន្មាយុសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន កាលពីថ្ងៃទី១៥ កញ្ញា ឆ្នាំ២០២១ ហ្លួងម៉ែជាអម្ចាស់ជីវិតតម្កល់លើត្បូងសព្វព្រះរាជហឬទ័យប្រោសប្រទានព្រះរាជទ្រព្យផ្ទាល់ព្រះអង្គ ចំនួន២ម៉ឺនដុល្លាអាមេរិកជូនសម្ដេចប្រធាន។ ហើយដោយមើលឃើញពីការលំបាក និងការខ្វះខាតទឹកសម្រាប់ប្រើប្រាស់ក្នុងសាលា និងតាមសហគមន៍នៅឆ្ងាយដាច់ស្រយាល ទើបសម្ដេចប្រធានសម្រេចយកថវិកាទាំងនោះ មកធ្វើជាងអណ្ដូងទឹកស្អាតជូននៅក្នុងស្រុកកោះញែក និងស្រុកកែវសីមាយើងនេះ។ លោកជំទាវ បន្ថែមថា ពិសេសក្នុងបរិបទនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ស្របពេលនឹងការបើកសាលាឱ្យសិស្សបានចូលរៀនសូត្រឡើងវិញ និងដោយមានការគិតគូរពីសំណាក់សម្ដេចប្រធានចំពោះការទប់ស្កាត់ជំងឺកូវីដ-១៩ ក៏បានសម្រេចឱ្យមានការសាងសង់ស្ថានីយ៍លាងដៃជូនដល់សាលាចំនួន៧ នៅកោះញែក និងស្រុកកែវសីមា សម្រាប់សិស្សានុសិស្សលាងសម្អាតដៃនៅក្នុងបរិវេណសាលារៀនដើម្បីលើកកម្ពស់សុខភាព និងចូលរួមកាត់ផ្ដាច់ការឆ្លងជំងឺកូវីដ-១៩។ លោកជំទាវ បានលើកឡើងដែរថា ចាប់តាំងពីឆ្នាំ២០១១ មកដល់បច្ចុប្បន្នកាកបាទក្រហមកម្ពុជាបានសាងសង់អណ្ដូងទឹកស្អាតជូនប្រជាពលរដ្ឋក្នុងខេត្តមណ្ឌលគិរីចំនួន១៣១អណ្ដូងរួចហើយ ។ បច្ចុប្បន្នទោះបីសកម្មប្រយុទ្ធនិងបញ្ហាកូវីដ-១៩ក៏ដោយ កាកបាទក្រហមកម្ពុជានៅតែបន្តសកម្មភាពមនុស្សធម៌ស្របតាមគោលការណ៍ស្នូលទាំង៧ ពិសេសការងារលើកកម្ពស់សុខភាព មាតា ទារក និងកុមារ ក៏ដូចជាការលុបបំបាត់ជំងឺអេដស៍ជាដើម។

សូមជម្រាបជូនថា ក្នុងឱកាសប្រារព្វពិធីប្រគល់ និងទទួលព្រះរាជអំណោយដ៏ឧត្តុងឧត្តមនេះ ក៏មានការប្រគល់វត្ថុអានុស្សាវរីយ៍មួយចំនួន ដែលមានដូចជា សៀវភៅសរសេរ ប៊ិក សាប៊ូដុំ និងថវិកាមួយចំនួនដល់សិស្សានុសិស្សដែលបានចូលរួមក្នុងពិធី និងជូនដល់សាលាចំនួន៥ក្នុងស្រុកកោះញែក និងសាលាចំនួន២ ក្នុងស្រុកកែវសីមា។ ដោយឡែកស្ត្រីមានផ្ទៃពោះ ស្ត្រីទើបសម្រាលកូនរួចចំនួន១០គ្រួសារដែលមានវត្តមាននាឱកាសនោះក៏ទទួលបានអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជារួមមាន៖ អង្គ២៥គីឡូក្រាម មី១កេស ត្រីខ១យួរ ឃីត១កញ្ចប់ និងថវិកា៥ម៉ឺនរៀលផងដែរ។

បន្ទាប់មកគណៈប្រតិភូកាកបាទក្រហមកម្ពុជា ដឹកនាំដោយលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ បានអញ្ជើញប្រគល់ជានិម្មិតរូបនូវសមិទ្ធផលនានាក្នុងវិទ្យាល័យហ៊ុនសែន កោះញែក រួមមាន៖ សូមជម្រាបជូនថា អណ្ដូងទឹកស្អាត កន្លែងលាងដៃ និងបង្គន់អនាម័យខាងលើ បានបញ្ចប់ការសាងសង់ជាស្ថាពរកាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ ហើយប្រារព្ធពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២២នេះ ត្រូវបានបែងចែកដូតទៅ៖ អណ្ដូងទឹកស្អាត និងបំពាក់មូទ័របូមចំនួន១, ស្ថានីយ៍លាងដៃ៣កន្លែង, បង្គន់អនាម័យ១ខ្នងមាន៤បន្ទប់។ ដោយឡែកសាលាបឋមសិក្សា ហ៊ុនសែន សុខសាន្ត, សាលាបឋមសិក្សាស្រែរូង, សាលាបឋមសិក្សារយ៉, ក្នុងស្រុកកោះញែក សាលានីមួយៗទទួលបានស្ថានីយ៍លាងដៃចំនួន១កន្លែង។ ចំណែកឯសាលាចំនួនពីរនៅស្រុកកែវសីមារួមមាន៖ សាលាបឋមសិក្សាឡង់ណេះ, សាលាបឋមសិក្សាត្រាំងកិត ទទួលបានអណ្ដូងស្នប់ចំនួន១៕









 

No comments:

Post a Comment

Pages