កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃពុធទី០៤ ខែឧសភា ឆ្នាំ២០២២ នៅទីបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការការងារត្រៀមចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ ដូសទី៣ និងទី៤ ជូនប្រជាពលរដ្ឋ កម្មករ កម្មការិនី នៅទូទាំងខេត្តកំពង់ឆ្នាំង ដែលកិច្ចប្រជុំនេះស្ថិតក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ទោ ប៉ូ វណ្ណៈ មេបញ្ជាការរង នាយសេនាធិការ និងជាប្រធានប្រតិបត្តិចាក់វ៉ាក់សាំង យោធភូមិភាគពិសេស និង ឯកឧត្ដម អម សុភា អភិបាលរងខេត្ត និងជាប្រធានក្រុមការងារចាក់វ៉ាក់សាំងខេត្តកំពង់ឆ្នាំង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួមពីបណ្តាមន្ទីរ អង្គភាពពាក់ព័ន្ធ ព្រម ទាំងអភិបាលក្រុង/ស្រុកទាំង៨ ក្នុងខេត្តកំពង់ឆ្នាំងផងដែរ។


មានមតិបើកអង្គប្រជុំ ឯកឧត្តម ឧត្តមសេនីយ៍ទោ ប៉ វណ្ណៈ បានដាក់ចេញនូវផែនការចុះយុទ្ធនា ការ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសជំរុញទី៣ ទី៤ ជូនប្រជាពលរដ្ឋ កម្មករ កម្មការិនីនៅតាមបណ្ដារោងចក្រសហ គ្រាសនានា អាជីវករ នៅទូទាំងខេត្តកំពង់ឆ្នាំង ត្រូវបានចាក់វ៉ាក់សាំង ដូសជម្រុញ (ទី៣ និង ទី៤) ឲ្យបានគ្រប់គ្នា នឹងធ្វើយ៉ាងណា មិនឱ្យប្រជាពលរដ្ឋ បាត់បង់ពេលវេលា និងការរកស៊ីទទួលទានរបស់ពួកគាត់ឡើយ។


ដូច្នេះ ក្រុមការងារគ្រូពេទ្យ ត្រូវផ្តល់ការចាក់វ៉ាក់សាំង នៅកន្លែងប្រជុំជនមានប្រជាពលរដ្ឋច្រើន និងបន្ត ចាក់វ៉ាក់សាំងដល់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋបន្ថែមទៀត។


បន្ទាប់ពីស្តាប់របាយការណ៍ និងមតិចូលរួមរបស់គ្រប់បណ្តាក្រុង/ស្រុក និងអង្គភាពពាក់ព័ន្ធ ឯកឧត្តម អម សុភា បានសំណូមពរដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវចូលរួមសហការឲ្យបានម៉ត់ចត់ ផ្តល់ភាពងាយស្រួល ដល់ក្រុមការងារចាក់វ៉ាក់សាំងរបស់កងទ័ព ដើម្បីឈានទៅសម្រេចគោលដៅចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅទូទាំងខេត្តកំពង់ឆ្នាំង បានគ្រប់ចំនួនដូសគ្រប់ៗគ្នា៕