ខេត្តកណ្តាល៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាលបានបញ្ជាក់ថា ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ នូវកុដិព្រះសង្ឃ សាលបុណ្យ និងសមិទ្ធផលនានា ក្នុងវត្តរស្មីសាមគ្គីរតនារាម នាពេលនេះ គឺជាសមិទ្ធផលផ្លែផ្កា ដែលទទួលបានក្រោមម្លប់សន្តិភាពថ្មីមួយបន្ថែមទៀត ជាមួយនឹងសមិទ្ធផលជាច្រើន ក្នុងស្រុកកោះធំ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ ប្រកបដោយគតិបណ្ឌិត របស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចការសម្ដេចតែងតែធ្វើការអភិវឌ្ឍលើគ្រប់វិស័ទាំងពុទ្ធចក្រ និងអាណាចក្រ ពិសេសវិស័យព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ ឱ្យមានការរីកចម្រើនគ្រប់ទីកន្លែង។
ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ដូច្នេះ ក្នុងឱកាសដែលឯកឧត្តម និងលោកជំទាវ បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ភោធឆ្លងកុដិព្រះសង្ឃ សាលាបុណ្យ និងសមិទ្ធផលនានា ក្នុងវត្តរស្មីសាមគ្គីរតនារាម ស្ថិតនៅភូមិជ្រោយតាកែវ ឃុំជ្រោយ តាកែវ ស្រុកកោះធំ ដោយមានការនិមន្តយាង និងអញ្ជើញចូលរួមពីសំណាក់ សម្ដេចព្រះមង្គលទេពាចារ្យ វង្ស អានេតា សម្ដេចព្រះសង្ឃនាយករង នៃគណ:ធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា ជាព្រះមេគណគណ:ធម្មយុត្តិកនិកាយខេត្តកណ្ដាល និងជាព្រះចៅអធិការវត្តព្រះឥន្ទសាមគ្គីធម៌ ព្រមទាំង ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត មន្ទីរជុំវិញខេត្ត និងពុទ្ធបរិស័ទ សិស្សានុសិស្សជាច្រើនរូប។
ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់បន្ថែមថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងភាពប្រាកដនិយម របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង ជាអគ្គមហារដ្ឋបុរស នៃព្រះរាជាណាចក្រកម្ពុជា និងក្រោមម្លប់ដ៏ត្រជាក់ នៃសុខសន្តិភាព បានធ្វើឱ្យប្រទេសជាតិ មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ទាំងពុទ្ធចក្រ និងអាណាចក្រ។
ឯកឧត្តមបានបន្តថា តាមរយៈការដាក់ចេញនូវនយោបាយ ឈ្នះ-ឈ្នះ របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានធ្វើឱ្យប្រទេសជាតិទាំងមូលទទួលបាន សន្តិភាព ឯកភាព ស្ថិរភាព និងកិត្យានុភាពជាតិ ពេញលេញក្នុងប្រវត្តិសាស្ត្រ ដែលប្រទេសកម្ពុជាពុំធ្លាប់មានអស់រយៈពេលជាង ៥០០ឆ្នាំ ហើយបច្ចុប្បន្ននេះប្រទេសកម្ពុជាបានទទួលការកោតសរសើរស្ងប់ស្ញែងលើឆាកអន្តរជាតិ ដែលនេះជាបុរេល័ក្ខខ័ណ្ឌសម្រាប់ធ្វើការអភិវឌ្ឍប្រទេសឱ្យមានភាពរីកចម្រើន និងលេចធ្លោរស្មើមុខស្មើមាត់ជាមួយបណ្តាប្រទេសនានាក្នុងតំបន់ និងលើពិភពលោក។
ក្នុងពិធីនេះដែរ ឯកឧត្តមអភិបាលខេត្ត បានជំរុញ ដល់អជ្ញាធរស្រុកកោះធំ ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការគ្រប់គ្រង និង ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ កុំឱ្យឆ្លងចូលក្នុងសហគមន៍ ដោយត្រូវផ្សាយនូវនាំដល់ប្រជាពលរដ្ឋបន្តអនុវត្ត ឱ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣ ការពារ និង ៣ កុំ ឱ្យបានជាប់ជាប្រចាំ និង ជំរុញឱ្យប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំងដូសមូលដ្ឋាន ដូសទី៣ ឬដូសទី ៤ តាមកាលកំណត់។ ឯកឧត្តមក៏បានធ្វើការអំពាវនាវ ដល់ប្រជាពលរដ្ឋដែលគ្រប់អាយុ ទៅចូលរួមបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឱ្យបានគ្រប់ៗគ្នា នៅថ្ងៃអាទិត្យ ទី ៥ ខែមិថុនា ឆ្នាំ ២០២២ ខាងមុខនេះ ដើម្បីអនុវត្តសិទ្ធិ និង កាតព្វកិច្ចរបស់ខ្លួន ព្រមទាំងចូលរួម អនុវត្តលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស នៅក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ។
No comments:
Post a Comment