នាថ្ងៃពុធ ទី២៩ ខែមិថុនា ឆ្នាំ២០២២ រដ្ឋបាលខេត្តកោះកុង បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយលិខិតបទដ្ឋាន និងកិច្ចការនានាពាក់ព័ន្ធនឹងដំណើរការរៀបចំកិច្ចប្រជុំលើកដំបូង ដើម្បីប្រកាសសុពលភាពសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ដោយមានការអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពីសំណាក់ លោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង។


លោកអភិបាលរងខេត្ត បានលើកឡើងថា សូមឱ្យទីចាត់ការគ្រប់គ្រងធនធានមនុស្ស និងទីចាត់ការផែនការ និងវិនិយោគខេត្ត លោកអភិបាលក្រុង ស្រុក ស្មៀនឃុំ សង្កាត់ ត្រូវយកចិត្តទុកដាក់ សហការអនុវត្តការងារកិច្ចប្រជុំលើកដំបូង ដើម្បីប្រកាសសុពលភាពក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិថ្មី អាណត្តិទី៥ ឱ្យបានរលូន និងតាមការណែនាំរបស់ក្រសួងមហាផ្ទៃ។


លោកបញ្ជាក់ថា ចំពោះអធិបតី នៃពិធីប្រកាស និងអ្នកសម្របសម្រួល គឺរដ្ឋបាលខេត្តបានរៀបចំ កំណត់រួចរាល់ហើយ រួមនឹងកាលបរិច្ឆេទ ក៏ដូចជាទីកន្លែង។ ទន្ទឹមគ្នានេះដែរ សូមឱ្យក្រុង ស្រុក និងស្មៀនឃុំ សង្កាត់ ត្រៀមឱ្យបានរួចរាល់នូវកិច្ចការពាក់ព័ន្ធក្នុងការរៀបចំពិធី ដូចជា៖ ការអញ្ជើញភ្ញៀវ ការរៀបចំទីកន្លែង ហ្វុងរបាយការណ៍៥ឆ្នាំ របាយការណ៍សង្ខេប សម្ភារផ្ទេរឱ្យក្រុមប្រឹក្សាអាណត្តិថ្មី ត្រាឯកសារ ប្រាក់កាស់ ពិសេសស្មៀនត្រូវត្រៀមឱ្យហើយនូវលិខិតប្តេជ្ញាចិត្ត របស់មេឃុំ ចៅសង្កាត់ អាណត្តិថ្មី។


ក្រោយពីពិធីចប់សព្វគ្រប់ ស្មៀនត្រូវរៀបចំរបាយការណ៍ ស្តីពីកិច្ចប្រជុំលើកដំបូង ដើម្បីប្រកាសសុពលភាពក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឱ្យបានលឿន ហើយផ្ញើមកទីចាត់ការគ្រប់គ្រងធនធានមនុស្សសាលាខេត្ត ដើម្បីបូកសរុបជូនក្រសួងមហាផ្ទៃ៕