ភ្នំពេញ៖ ​​​​​អនុសាខាកាកបាទក្រហមកម្ពុជាច្បារអំពៅ នាព្រឹកថ្ងៃទី២១ ខែ​ មិថុនា ឆ្នាំ​២០២២ នេះ  លោក ចេង មុនីរ៉ា ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌច្បារអំពៅ បានដឹកនាំក្រុមការងារចុះសាកសួរសុខទុក្ខ​ និង នាំយអំណោយមនុស្សធម៌ទៅផ្តល់ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយសារអគ្គិភ័យចំនួន៣៧ខ្នងផ្ទះស្មើនឹង៤៣គ្រួសារ ស្ថិតនៅភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ ។


ឆ្លៀតក្នុងឪកាសនោះផងដែរ លោក ចេង មុនីរ៉ា បានពាំនាំនូវការសួរសុខទុក្ខ និងចូលរួមសោកស្តាយពីសំណាក់ឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ និង ជាពិសេសសម្តេចកិត្តិព្រឹទ្ឋបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជាមួយគ្រួសាររងគ្រោះ និងសូមឲ្យមេត្តាកាត់ចិត្ត កុំអស់សង្ឃឹម ឲ្យតែនៅមានជីវិតរស់នៅ គឺបងប្អូនអាចប្រកបរបររកទទួលទាន ដើម្បីស្តាជីវភាពគ្រួសារឡើងវិញ ព្រមទាំងសូមអំពាវនាវក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមប្រុងប្រយត័្នឲ្យបានខ្ពស់ក្នុងការបង្ការចំពោះគ្រោះអគ្គីភ័យនេះ ។


លោក ក៏បានគូសបញ្ជាក់ថា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ប៊ុន រ៉ានី ហ៊ុន សែន តែងតែយកចិត្តទុកដាក់គិតគូរជាប់ជានិច្ចចំពោះសុខទុក្ខប្រជាពលរដ្ឋជាទូទៅ ជាពិសេសជនរងគ្រោះ និងងាយរងគ្រោះគ្រប់ប្រភេទ ដោយមិនប្រកាន់ពីវណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយអ្វីឡើយ ពោល «ទីណាមានការលំបាក​ ទីនោះមានកាកបាទក្រហមកម្ពុជា»។


អំណោយមនុស្សធម៌ដែលអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌច្បារអំពៅបានយកមកចែកជូនក្នុង១គ្រួសារៗទទួលបាន ៖​ អង្ករ២៥គីឡូក្រាម​ មី១កេស​  ទឹកត្រី១យួរ ត្រីខ១យួរ បាឡុង១សម្រាប់ដែលជាទេយ្យទានរបស់វត្តនៅក្នុងខណ្ឌច្បារអំពៅ និងថវិកាចំនួន១០ម៉ឺនរៀល​ ៕