នាព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២នេះ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណ:អភិបាលរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសម្ភោធផ្សារទំនើប ព្រីនស៍ ថាមសឃែ្វរ ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយមហាវិថីព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ឯកឧត្ដម ឃួង ស្រេង បានបញ្ជាក់អោយដឹងថា៖ គិតត្រឹមដើមឆ្នាំ២០២២នេះ នៅរាជធានីភ្នំពេញមានសំណង់បុរី និងបណ្ដុំផ្ទះល្វែងចំនួន ៣១០ កន្លែង និងអគារខ្ពស់ៗ ចំនួន ១.៦០៣អគារ ក្នុងនោះអគារកម្ពស់ចាប់ពី ២០ជាន់ឡើងទៅ មានចំនួន ២២៥អគារ ហើយក្នុងឆ្នាំ២០២១ កន្លងទៅ ទោះបីមាន ផលប៉ះពាល់ពីវិបត្តិជាសកលបង្កឡើងដោយជំងឺកូវីដ-១៩ ក៏រាជធានីភ្នំពេញនៅតែបន្តទទួលបានគម្រោងសាងសង់ថ្មីៗពីវិស័យឯកជន រហូតដល់ទៅចំនួន ១.០៥០គម្រោង លើផ្ទៃក្រឡាសំណង់សរុបជាង ៤,៦៣លានម៉ែត្រក្រឡា ដែលមានទំហំទុនវិនិយោគប៉ាន់ស្មានជាង ២,២៦ពាន់លានដុល្លាអាមេរិក បន្ថែមទៀត ធ្វើឱ្យរាជធានីភ្នំពេញកាន់តែមាន ភាពស្រស់បំព្រងមិនចាញ់បណ្តាទីក្រុង នៃប្រទេសក្បែរខាង និងក្នុងតំបន់អាស៊ានឡើយ។


ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍ទៀតថា៖ ផ្សារទំនើប ព្រីនស៍ ថាមសឃែ្វរ បានប្រមូលផ្តុំនូវម្ចាស់អាជីវកម្មចិន និងខ្មែរជាច្រើន និងជាអគារពាណិជ្ជកម្មខ្នាតធំ ដែលមានមុខងារពេញលេញនៅក្នុងទីក្រុងភ្នំពេញ ហើយក៏ជាមជ្ឈមណ្ឌលពាណិជ្ជកម្មដំបូងបង្អស់របស់ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេតគ្រុប ដែលបានបើកដំណើរកការជាសាធារណៈ។ ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេតគ្រុប បានបណ្តាក់ទុនវិនិយោគក្នុងទំហំទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ ក្នុងវិស័យអចលនទ្រព្យ, ធនាគារ, ផ្សារទំនើប និងគម្រោងអភិវឌ្ឍន៍ មួយចំនួនទៀត ជាពិសេសក្នុងមូលដ្ឋានរាជធានីភ្នំពេញ។


ឯកឧត្ដមបន្តថា កំណើនសេដ្ឋកិច្ចកម្ពុជាត្រូវបានប៉ាន់ស្មានថានឹងបន្តងើបឡើងវិញ នាបណ្តាឆ្នាំខាងមុខយ៉ាងឆាប់រហ័ស ស្របតាមការកើនឡើងនូវតម្រូវការសកល និងទំនុកចិត្តរបស់វិនិយោគគិនទាំងក្នុងស្រុក និងបរទេស ដែលជាសក្តានុពលដ៏ធំសម្រាប់ការវិនិយោគក្នុងវិស័យអចលនទ្រព្យ ជាពិសេសអគារពាណិជ្ជកម្ម សណ្ឋាគារ សំណង់បុរី អគារស្នាក់នៅរួមទាំងខុនដូ និងផ្សារទំនើប ប្រកបដោយប្រណីតភាព សម្រាប់បម្រើដល់ការរស់នៅប្រចាំថ្ងៃ។


ការបើកសម្ពោធផ្សារទំនើប ព្រីនស៍ ថាមសឃែ្វរ គឺជាជម្រើសអាជីវកម្មមួយ ដែលនឹងទទួលបានការគាំទ្រពីសំណាក់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ក្នុងទីក្រុង ស្របពេលដែលប្រទេសជាតិយើង បានបើកដំណើរការសកម្មភាពសេដ្ឋកិច្ច-សង្គម ពេញលេញឡើងវិញលើគ្រប់វិស័យ។


លោក ខ្លីហ្វ កុហ្ស (CLIFF KOH) អភិបាលប្រតិបត្តិ នៃក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេតគ្រុប បានលើកឡើងថា៖ កម្ពុជាកំពុងបើកដំណើរការសកម្មភាពសេដ្ឋកិច្ច-សង្គម ពេញលេញឡើងវិញលើគ្រប់វិស័យតាមគន្លងប្រក្រតីថ្មី។ ហើយផ្សារទំនើបព្រីនស៍ ថាមសឃែ្វរ ដែលបានបើកសម្ពោធនៅពេលនេះ នឹងក្លាយទៅជាគោលដៅដើរទិញទំនិញ ការកម្សាន្ត និងទេសចរណ៍មួយ ដែលទទួលបានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ ហើយក្នុងអំឡុងពេលសាងសង់គម្រោងនេះ រដ្ឋបាលរាជធានីភ្នំពេញ និងក្រសួងមន្ទីរពាក់ព័ន្ធបានផ្ដល់ការគាំទ្រយ៉ាងច្រើន ដែលធ្វើឱ្យគម្រោងនេះអាចអភិវឌ្ឍ និងបើកដំណើរការស្របតាមការរំពឹងទុក។


លោក Edward Lee នាយកប្រតិបត្តិនៃក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេតគ្រុប បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះការគាំទ្រពីសំណាក់ស្ថាប័នរដ្ឋគ្រប់លំដាប់ថ្នាក់ក្នុងពេលកន្លងមក ក៏ដូចជាការគាំទ្រ និងការទទួលស្គាល់យ៉ាងពេញទំហឹងពីគ្រប់មជ្ឈដ្ឋាន និងសំណាក់ប្រជាជនកម្ពុជាផងដែរ៕