ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្តាំផ្ញើដល់ឪពុកម្តាយទូទៅ ត្រូវមើលថែនិងគ្រប់គ្រងកុមារឲ្យបានដិតដល់! - គេហទំព័រ សន្តិភាពថ្មី

Breaking

Monday, August 22, 2022

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្តាំផ្ញើដល់ឪពុកម្តាយទូទៅ ត្រូវមើលថែនិងគ្រប់គ្រងកុមារឲ្យបានដិតដល់!

 

នៅវេលាម៉ោង០៨និង៤៥នាទី ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២ មានប្រជាពលរដ្ឋផ្តល់ព័ត៌មានតាមរយៈលេខទូរសព្ទ១២៩១ របស់មណ្ឌលបញ្ជាប្រតិបត្តិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដោយបានរាយការណ៍ថា បានប្រទះឃើញកុមារវង្វេងឪពុកម្តាយ ម្នាក់ នៅចំណុចផ្លូវ៣៧១ ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាមលោក ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដាក់បញ្ជាដោយផ្ទាល់ ដល់ក្រុមការងារ ឲ្យចុះទៅដល់កន្លែងកើតហេតុ ហើយបានទទួលយកកុមារាម្នាក់នោះ មកមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌមានជ័យ ដើម្បីធ្វើការស្រាវជ្រាវស្វែងរកឪពុកម្ដាយ និងបានជូនដំណឹងទៅកាន់វិទ្យុ ABC ផងដែរ ដើម្បីឲ្យជួយប្រកាសរកឪពុកម្ដាយ អាណាព្យាបាល មកទទួលយកកុមារត្រឡប់ទៅផ្ទះវិញ។


ក្រោយពីបានធ្វើការស្រាវជ្រាវ និងផ្សព្វផ្សាយតាមបណ្តាញសង្គម ក៏ដូចជាវិទ្យុABCផងនោះ នៅទីបំផុត កុមារា ដែលវង្វេងឪពុកម្តាយម្នាក់នេះ ត្រូវបានម្ដាយឈ្មោះ ចិន ចន្ធី ភេទស្រី អាយុ៣៨ឆ្នាំ មុខរបរកម្មការិនីរោងចក្រ មានទីលំនៅភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មកទទួលយកត្រឡប់ទៅផ្ទះវិញ ដោយសុវត្ថិភាព។ កុមារា មានឈ្មោះថា ខេត សុខេម អាយុ0៥ឆ្នាំ ។


ចំពោះករណីកុមារវង្វេងផ្លូវបាត់ឪពុកម្តាយនេះ បានធ្វើឲ្យលោក ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បង្ហាញនូវអារម្មណ៍ ក្តុកក្តួល អាណិត ស្រណោះ ជាពន់ពេក និងសូមអំពាវនាវដល់ឪពុកម្តាយទូទៅ ត្រូវមើលថែនិងគ្រប់គ្រង កុមារ ឲ្យបានដិតដល់ ជៀសវាងមានរឿងអកុសលកើតឡើងលើកុមារ ដោយសារតែការធ្វេសប្រហែសរបស់យើង ដែលអាចនឹងក្លាយជារឿងវិប្បដិសារីអស់មួយជីវិត៕





No comments:

Post a Comment

Pages