មន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល បានរៀបចំទិវា​អន្តរជាតិ​សម្រាប់​យុវជន ១២ សីហា លើកទី២៣ ក្រោម​ប្រធាន​បទ "យុវជន និងការអនុវត្តសកម្មភាពគន្លឹះសហគមន៍សាលារៀន" - គេហទំព័រ សន្តិភាពថ្មី

Breaking

Friday, August 12, 2022

មន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល បានរៀបចំទិវា​អន្តរជាតិ​សម្រាប់​យុវជន ១២ សីហា លើកទី២៣ ក្រោម​ប្រធាន​បទ "យុវជន និងការអនុវត្តសកម្មភាពគន្លឹះសហគមន៍សាលារៀន"

ខេត្តកណ្តាល៖ លោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្តកណ្តាល បានគាំទ្រ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្រោមឱវាទ គ្រឹះស្ថានសិក្សាទាំងអស់ ដែលបានខិតខំបំពេញការងារយ៉ាងសកម្ម និងមានការទទួលខុសត្រូវខ្ពស់លើការងារអប់រំប្រកបដោយសុវត្ថិភាព និងធានាបានូវនិរន្តរភាព នៃការសិក្សារបស់សិស្សានុសិស្សប្រកបដោយប្រសិទ្ធភាព និងគុណភាព ហើយអ្វីដែលសំខាន់នោះគឺបាន ដាក់បញ្ចូលអនុវិស័យយុវជន ជាអនុវិស័យអាទិភាព ក្នុងការរួមចំណែកពង្រឹងវិស័យអប់រំឱ្យទទួលបានគុណភាពពេញលេញ តាមរយៈសកម្មភាពគន្លឹះសហគមន៍សាលារៀន មានន័យយ៉ាងខ្លីថា "សិស្សមានគុណភាព សាលារៀនមានការអភិវឌ្ឍ"។ 


លោកជំទាវ បានមានប្រសាសន៍ដូច្នេះ នៅក្នុងទិវា​អន្តរជាតិ​សម្រាប់​យុវជន ១២ សីហា លើកទី២៣ ក្រោម​ប្រធាន​បទ "យុវជន និងការអនុវត្តសកម្មភាពគន្លឹះសហគមន៍សាលារៀន" ដែលបានរៀបចំឡើងនៅសាលាគរុកោសល្យ និងវិក្រឹតការខេត្តកណ្តាល នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ ដោយមានចូលរួមពីមន្ទីរពាក់ព័ន្ធ លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស ក្រុមប្រឹក្សាយុវជន យុវជនកាកបាទក្រហម យុវជនកាយរិទ្ទ យុវជនសហភាពសហព័ន្ធយុវជនកម្ពុជា និងយុវជនស្ម័គ្រចិត្តប្រមាណជាង ២៨០នាក់។


លោកជំទាវ បានមានប្រសាសន៍បន្តថា អនុវិស័យយុវជន បាននឹងកំពុងបោះជំហានទៅរកទម្រង់ នៃការអប់រំតាមបែបបច្ចេកទេសពេញលេញ ដែលទម្រង់នៃការអប់រំបែបនេះកំពុងឆ្លើយតប ទៅនឹងក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ឆ្នាំ២០២១-២០៣៥។  ការបោះជំហាននេះពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដោយសារតែយុវជនយើងកំពុងត្រូវការសេវាអប់រំតាមបែបថ្មី ទំនើប និងមានគុណភាពកម្រិតខ្ពស់ ពិសេសនៅពេលដែលមានការកើនឡើងយ៉ាងឆាប់រហ័សនៃការប្រើប្រាស់បច្ចេកវិទ្យា និងប្រព័ន្ធអ៊ីនធឺណិតជាដើម។


លោកជំទាវអភិបាលរងខេត្ត បានជំរុញ និងការគាំទ្រ ឱ្យមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ក៏ដូចជាវិស័យអប់រំឯកជន ត្រូវមានគំនិតផ្ដួចផ្ដើម ក្នុងការបណ្តុះបណ្តាលជំនាញខ្លីៗ និងពង្រឹងសមត្ថភាពផ្នែកបំណិនវិជ្ជាជីវៈដល់យុវជន ក្នុង គោលបំណងទាញប្រយោជន៍ពីសេដ្ឋកិច្ច និងធ្វើឱ្យយុវជនជំនាន់ក្រោយមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការសម្រួច សកម្មភាពអាទិភាព ទេពកោសល្យ ឆ្លើយតបទៅនឹងតម្រូវការសង្គម-សេដ្ឋកិច្ច ដែលផ្តោតលើលទ្ធផល និងការអនុវត្តផ្ទាល់គឺជាកត្តាដែលមិនអាចខ្វះបានក្នុងវ័យរបស់ពួកគេ មុនក្លាយទៅជាពលរដ្ឋដ៏មានសក្ដានុពលសម្រាប់ សង្គមជាតិ។

 

លោកជំទាវ បានបន្ថែមថា នៅក្នុងយុគសម័យ នៃបដិវត្តឧស្សាហកម្មទី៤ (IR 4) តម្រូវការសិក្សារបស់យុវជន ក៏មានការផ្លាស់ប្តូរយ៉ាងស៊ីជម្រៅផងដែរ ដោយសារពួកគេត្រូវការនូវ៖ ១. របៀបរៀនបែបថ្មីសមស្របទៅនឹងវិធីសាស្ត្រថ្មីនៃ ការបង្រៀន, ២. ការទទួលបាននូវការបណ្តុះបណ្តាលជំនាញថ្មីៗ ពិសេសជំនាញឌីជីថល ដើម្បីដោះស្រាយ បញ្ហាប្រឈមនៃសតវត្សទី២១ និងទី៣. ការត្រៀមខ្លួនបានសមស្របសម្រាប់ទីផ្សារការងារដែលមានការផ្លាស់ប្តូរ យ៉ាងឆាប់រហ័ស។


លោក ម៉ម ប៉ូលី អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានបញ្ជាក់ថា ខួបលើកទី២៣ នៃទិវាអន្តរជាតិសម្រាប់យុវជន ១២ សីហា ឆ្នាំ២០២២នេះ មានលក្ខណៈពិសេស ដោយបានរៀបចំឡើងជាកិច្ចការបច្ចេកទេស ដើម្បីស្របតាមទិសដៅសន្និបាតបូកសរុបវាយតម្លៃការងារអប់រំ យុវជន និងកីឡាខេត្តកណ្តាលសម្រាប់ឆ្នាំសិក្សា២០២១-២០២២ ក្រោមប្រធានបទ "យុវជន អនុវត្តសកម្មភាពគន្លឹះសហគមន៍ សាលារៀន" ដើម្បីលើកកម្ពស់ការអភិវឌ្ឍសាលារៀន និងគុណភាពអប់រំទូទាំងខេត្តកណ្តាល តាមរយៈសកម្មភាព យុវជនផ្សារភ្ជាប់ជាមួយនឹងសហគមន៍រួមគ្នាបង្កើនកិច្ចសហប្រតិបត្តិការ ដើម្បីឆ្លើយតបទៅនឹងការយកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងអប់រំ យុវជន និងកីឡា និងជាពិសេសអនុសាសន៍ដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលជំរុញនិងលើកកម្ពស់ ធនធានយុវជនប្រកបដោយសក្តានុពលភាពទៅថ្ងៃអនាគត។







 

No comments:

Post a Comment

Pages