លោកឧត្តមសេនីយ៍ស្នងការបានដឹកនាំកងកម្លាំងនគរបាលបន្តចុះជួយអន្តរាគមន៍រុះរើផ្ទះបងប្អូនប្រជាពលរដ្ឋ ដែលប្រឈមនឹងការបាក់ស្រុតផ្ទះចូលទន្លេនិងបានពិនិត្យស្ថានភាពទឹកទន្លេមេគង្គកំពុងហក់ឡើងខ្ពស់ - គេហទំព័រ សន្តិភាពថ្មី

Breaking

Saturday, August 13, 2022

លោកឧត្តមសេនីយ៍ស្នងការបានដឹកនាំកងកម្លាំងនគរបាលបន្តចុះជួយអន្តរាគមន៍រុះរើផ្ទះបងប្អូនប្រជាពលរដ្ឋ ដែលប្រឈមនឹងការបាក់ស្រុតផ្ទះចូលទន្លេនិងបានពិនិត្យស្ថានភាពទឹកទន្លេមេគង្គកំពុងហក់ឡើងខ្ពស់

ត្បូងឃ្មុំ៖ នៅថ្ងៃសៅរ៍ ទី១៣ ខែសីហា ឆ្នាំ២០២២ ក្នុងនាមនគរបាល ជាកូនចៅ របស់ប្រជាពលរដ្ឋ ដូច្នេះពេលឪពុកម្ដាយមានគ្រោះអាសន្ន និងត្រូវការជំនួយ គឺយើងត្រូវចុះទៅដល់ទីកន្លែងដោយផ្ទាល់ និងខិតខំបម្រើគាត់ឲ្យអស់ពីសមត្ថភាព ប្រកបដោយការទទួលខុសត្រូវខ្ពស់ និងពោរពេញដោយភាពកក់ក្តៅ ។


     ក្រោកពីព្រលឹមស្រាងៗ បន្ទាប់ពីស្រស់ស្រូបអាហារពេលព្រឹករួចហើយ លោកឧត្តមសេនីយ៍ត្រី ម៉ុន មាគ៌ាស្នងការនគរបាលខេត្តត្បូងឃ្មុំ បានអញ្ជើញដឹកនាំ កងកម្លាំងនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បន្តចុះជួយរុះរើផ្ទះចំនួន ២ខ្នង និងជួយលើកគ្រឿងផ្ទះ រួមនឹងសម្ភារៈមួយចំនួន របស់បងប្អូនប្រជាពលរដ្ឋ ស្ថិតនៅភូមិទួលគរ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ  ដែលកំពុងប្រឈមនឹងការបាក់ដីស្រុតចូលទៅក្នុងទន្លេ ដាក់លើយានយន្ត ដឹកយកទៅរក្សាទុកនៅទីទួលមានសុវត្ថិភាព ។ 


      ស្ថិតក្នុងពេលវេលាដ៏មមាញឹកនេះ យើងសង្កេតឃើញថា កងកម្លាំងនគរបាលរបស់យើង បានខិតខំ ប្រឹងប្រែងបំរើ និងជួយលើកគ្រឿងបង្គុំ និងរុះរើសផ្ទះ របស់បងប្អូនប្រជាពលរដ្ឋ យ៉ាងយកចិត្តទុកដាក់ ប្រកបដោយការទទួលខុសត្រូវខ្ពស់ និងសេចក្តីរីករាយ ។


     ដោយសេចក្តីសណ្តោសប្រណី មេត្តា លោកឧត្តមសេនីយ៍ស្នងការ បានជូនថវិកាមួយចំនួន ដល់យាយៗ ដែលរស់នៅក្នុងភូមិទួលគរ ។

     យោងតាមស្ថានីយជលសាស្ត្រទន្លេមេគង្គខេត្តកំពង់ចាម នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ០៦ : ០០នាទីព្រឹក ទឹកមានកម្ពស់ ១២.២១ម៉ែត្រ ខ្ពស់ជាងថ្ងៃម្សិលមិញ +០.១៧ម៉ែត្រ ដែលកំរិតកម្ពស់ទឹកប្រកាសអាសន្នគឺ ១៥.២០ ម៉ែត្រ ។


      សូមបងប្អូនប្រជាពលរដ្ឋ មេត្តាយកចិត្តទុកដាក់និងប្រុងប្រយ័ត្នឲ្យបានខ្ពស់ ចំពោះគ្រោះមហន្តរាយនានា ដូចជាទឹកជំនន់ ខ្យល់កន្ត្រាក់ជាដើម ។ 


     ក្នុងករណីចាំបាច់ ឲ្យកងកម្លាំងនគរបាលខេត្តត្បូងឃ្មុំជួយអន្តរាគមន៍ ២៤ម៉ោង សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ ០៧១ ៤៤ ២២ ៦៦៦ ៕

សូមអរគុណ!!!








 

No comments:

Post a Comment

Pages