នាព្រឹកថ្ងៃពុធ ទី១៧ ខែសីហា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសីលាសាងសង់អគារសិក្សា១ខ្នង ៤ជាន់ ២០បន្ទប់ នៅអនុវិទ្យាល័យ សោ ហឺ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដោយមានការអញ្ជើញចូលរួម ឯកឧត្តម រដ្ឋលេដាធិការប្រចាំការ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ អភិបាលខេត្តមន្រ្តីពាក់ព័ន្ធ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាច្រើនរូបទៀត។
ជាកិច្ចចាប់ផ្តើម ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានធ្វើសេចក្តីរាយការណ៍សង្ខេបជូនសម្ដេចក្រឡាហោម និងអង្គពិធីថា សាលារៀន សោ ហឺ ត្រូវបានសាងសង់ឡើងនៅឆ្នាំ១៩៥៤ ដោយឧកញ៉ាបំរុងរដ្ឋ សោ ហឺ បច្ចុប្បន្នសាលារៀនេះ បានប្ដូរឈ្មោះជាអនុវិទ្យាល័យ សោ ហឺ រហូតដល់ឆ្នាំ២០០៥ ដោយបានទទួលអំណោយអគារសិក្សាពីសម្ដេចក្រឡាហោម និងលោកជំទាវ ដែលមកដល់ពេលនេះមានអគារសិក្សា ៣ខ្នង ស្មើ២៩បន្ទប់ មានបគ្គលិកសិក្សា៧១នាក់ និងសិស្សានុសិស្ស១១៦៥នាក់។
ឯកឧត្តម អភិបាលខេត្ត បានឱ្យដឹងថា អគារសិក្សាថ្មីដែលប្រារព្ធពិធីបញ្ចុះបឋមសិលានាឱកាសនេះ ត្រូវដំណើរការសាងសង់រយៈពេល១២ខែ គិតចាប់ពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ ដល់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ ដោយមានបំពាក់តុ កៅអី ភ្លើងអគ្គិសនី និងទឹកស្អាត ប្រើប្រាស់បច្ចេកទេសសាងសង់ដំបូងគេក្នុងខេត្តបាត់ដំបង គឺប្លង់សេខ្សែកាប ធ្វើឱ្យកាន់តែរឹងមាំ ធន់ និងចំណេញពេលវេលា និងអាចចាត់ទុកបានថា ជាអគារសិក្សាបំដូងគេនៅកម្ពុជា ដែលប្រើបច្ចេកទេសនេះ។
ក្នុងឱកាសនោះដែរ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា វិស័យអប់រំ និងសិក្សាធិការ ពិតជាមានសារៈសំខាន់ជាគន្លឹះដើម្បីផលិតធនធានមនុស្សផ្ដល់ទៅគ្រប់វិស័យក្នុងសង្គមជាតិ។ សម្ដេចក្រឡាហោម បន្តថា គ្រប់ផ្នែកទាំងអស់នៃសង្គម មិនបានមើលបំណាំគ្នាអភិវឌ្ឍវិស័យអប់រំឡើយ ក្នុងនោះថ្នាក់ដឹកនាំ និងក្រុមការរាជរដ្ឋាភិបាល សុទ្ធតែបានផ្ដល់ការគាំទ្រយ៉ាងច្រើន ពិសេសការជួយសាងសង់ហេដ្ឋារចនាសម្ព័ន្ធដូចថ្ងៃនេះស្រាប់។
សម្ដេចក្រឡាហោម ក៏បានរម្លឹកជូនអង្គពិធីអំពីការខិតខំរួមចំណែករបស់សម្ដេចផ្ទាល់ ជាមួយថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍវិស័យជាច្រើនរួមទាំងការអភិវឌ្ឍវិស័យអប់រំក្នុងខេត្តបាត់ដំបងដោយសម្ដេចបន្តថាកាលពីថ្ងៃម្សិលមិញ សម្ដេចក្រឡាហោម ទើបតែបានអញ្ជើញពិនិត្យវឌ្ឍនភាពនៃការសាងសង់អគារសិក្សាវិទ្យាល័យ មុនីវង្ស មុនពេលមកបញ្ចុះបឋមសិលាសាងសង់អគារសិក្សានៅអនុវិទ្យាល័យ សោ ហឺនេះ ខណៈមានសមិទ្ធផលជាច្រើនទៀតនឹងត្រូវសម្ពោធជាបន្តបន្ទាប់។
សម្ដេចក្រឡាហោម ក៏បានថ្លែងអំណរគុណក្រុមការងារទាំងអស់ រួមទាំងសប្បុរសជនដែលបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីអភិវឌ្ឍន៍វិស័យអប់រំ រួមទាំងវិស័យផ្សេងទៀតក្នុងខេត្តបាត់ដំបង។ ជាមួយគ្នានេះសម្ដេចក៏បានបង្ហាញមោទនភាពចំពោះលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ដែលផ្ដល់ទំនុកចិត្តលើរាជរដ្ឋាភិបាលលើរូបសម្ដេច ព្រមទាំងក្រុមការងារ ដើម្បីស្នើសុំឱ្យជួយសាងសង់សាលារៀន ព្រោះបើគ្មានការជឿជាក់ និងការឱ្យតម្លៃទេនោះ សំណើរនេះនឹងមិនអាចកើតឡើងឡើយ ៕
No comments:
Post a Comment