(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC) និងទីភ្នាក់ងារសហប្រជាជាតិ រួមមាន ILO UNESCO UNICEF និង UNIDO ដែលបានចូលរួមអនុវត្តកម្មវិធីមុខរបរ និងការងារសមរម្យសម្រាប់យុវជននៅកម្ពុជា ដំណាក់កាលទី ២ (ដែលហៅកាត់ថា DEY II) និងអង្គការភ្លែនអន្តរជាតិកម្ពុជាផងដែរ បានរួមចំណែកគាំទ្រដល់ការរៀបចំព្រឹត្តិការណ៍ “ជិះកង់ ដើម្បីការងារសមរម្យ និងបរិយាបន្នសម្រាប់ជនមានពិការភាព” នាព្រឹកថ្ងៃទី២០ ខែសីហា ឆ្នំា២០២២ មានអ្នកចូលរួមជិះកង់ប្រមាណ៦០០នាក់ ចាប់ផ្តើមចេញដំណើរពីទីក្រុងកោះពេជ្រ ដោយមានចំងាយផ្លូវ ៣៥គីឡូម៉ែត្រ ២០គីឡូម៉ែត្រ និង១គីឡូម៉ែត្រសម្រាប់ជនពិការ។
ឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលជាអធិបតី និងក៏បានចូលរួមជិះកង់ ក្នុងចំងាយផ្លូវ១គីឡូម៉ែត្រជាមួយជនពិការដែរនោះ សង្ឃឹមថា អ្នកចូលរួមទាំងអស់គ្នាពិតជាទទួលបាននូវភាពសប្បាយរីករាយពីការជិះកង់ ជាពិសេសឆ្លុះបញ្ជាំងពីគុណតម្លៃនៃសាមគ្គីភាព ដែលធ្វើឱ្យយើងអាចជំនះរាល់ឧបសគ្គនៅចំពោះមុខ ដើម្បីចូលរួមលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្ន ដោយមិនទុកនរណាម្នាក់ចោលឡើយ។
ឯកឧត្តមបណ្ឌិត អ៉ិត សំហេង បានលើកឡើងថា អង្គការសហប្រជាជាតិបានកំណត់យកថ្ងៃទី១២ ខែសីហា ជាទិវាយុវជនអន្តរជាតិ ដើម្បីអបអរសាទរនូវសារៈសំខាន់នៃតួនាទីរបស់យុវជនក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច។ ជាការពិតណាស់កម្ពុជា គឺជាប្រទេសដែលសំបូរទៅដោយយុវជន ពោលគឺប្រជាពលរដ្ឋជាង ៥០% មានអាយុក្រោម ៣០ឆ្នាំ។ ឯកឧត្តមរដ្ឋមន្ត្រី ជឿជាក់ថា យុវជនទាំងនោះ គឺជាចលករកម្លាំងពលកម្មដ៏មានសក្តានុពលឆ្លើយតបទៅតម្រូវការទីផ្សារការងារនាពេលបច្ចុប្បន្ននិងថ្ងៃអនាគត និងជ្រោងកំណើនសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរីកចំរើនបន្ថែមទៀត តាមរយៈការទទួលបាននូវការបណ្តុះបណ្តាលជំនាញមួយប្រកបដោយគុណភាព និងត្រឹមត្រូវ។ ដូចនេះ យើងទាំងអស់គ្នា ពោលគឺក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងកម្មវិធី DEY II ក៏ដូចជាដៃគូពាក់ព័ន្ធទាំងអស់ កំពុងខិតខំប្រឹងប្រែងដោះស្រាយបញ្ហាជុំវិញកត្តាមុខរបរ និងការងាររបស់យុវជន ដើម្បីបង្កើនឱកាសការងារ និងទទួលបានជីវភាពរស់នៅ និងអនាគតកាន់តែប្រសើរដល់យុវជន ជាពិសេសជនមានពិការភាពផងដែរ។
ឯកឧត្តមបណ្ឌិត អ៉ិត សំហេង បានស្នើដល់ក្រសួងស្ថាប័នពាក់ព័ន្ធ អ្នកតាក់តែងគោលនយោបាយ ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីផ្តល់ឱកាស និងការគាំទ្រដល់ជនមានពិការភាព ក្នុងការទទួលបានការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងឱកាសទទួលបានមុខរបរ និងការងារសមរម្យ តាមរយៈការវិនិយោគ ការរួមចំណែក ការសម្របសម្រួល និងការបង្កើតការងារជូនដល់ជនទាំងនោះ៕
No comments:
Post a Comment