ពិធីផ្សព្វផ្សាយការដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធនសម្រាប់បុគ្គលទាំងឡាយស្ថិតនៅក្រោមបទប្បញ្ញត្តិ នៃច្បាប់ស្ដីពីការងារ - គេហទំព័រ សន្តិភាពថ្មី

Breaking

Friday, September 2, 2022

ពិធីផ្សព្វផ្សាយការដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធនសម្រាប់បុគ្គលទាំងឡាយស្ថិតនៅក្រោមបទប្បញ្ញត្តិ នៃច្បាប់ស្ដីពីការងារ

នៅព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២នេះ បេឡាជាតិសន្តិសុខសង្គម បានរៀបចំពិធីផ្សព្វផ្សាយការដាក់​ឱ្យអនុវត្តរបប​សន្តិសុខ​សង្គម​ផ្នែកប្រាក់សោធន សម្រាប់បុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិ នៃច្បាប់ស្ដីពីការងារ ដើម្បី​ផ្សព្វ​ផ្សាយពីរបបសន្តិសុខសង្គមថ្មីមួយនេះ ទៅកាន់បងប្អូនប្រជាពលរដ្ឋ ពិសេសបងប្អូនកម្មករនិយោជិត ដែលកំពុង​បម្រើការ​ងារ​ក្នុងវិស័យឯកជនទាំងអស់ ឱ្យទទួលបានការយល់ដឹងអំពីនីតិវិធី លក្ខខណ្ឌ និងអត្ថប្រយោជន៍ តាមរយៈ​របប​សន្តិសុខសង្គមថ្មីមួយនេះ។ ពិធីនេះដែរប្រព្រឹត្តិទៅក្រោមអធិបតីភាព ឯកឧត្តម អ៊ុក សមវិឡា ប្រតិភូរាជ​រដ្ឋា​ភិ​បាល​​ទទួលបន្ទុក ជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គម (បសស) និងលោក នាក់ ណេរ៉ុន អភិបាលរងខេត្ត ប្រតិ​ភូ​អបដំណើរ លោកលោកស្រីថ្នាក់ដឹកនាំមន្ទីរអង្គភាព និងតំណាងរោងចក្រ សហគ្រាស គ្រឹះស្ថានក្នុង​ខេត្ត​សៀមរាបជាង ៣០០នាក់។


ក្នុងនាមរដ្ឋបាលសៀមរាប លោក នាក់ ណេរ៉ុន បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះ​បេឡា​ជាតិ​សន្តិ​សុខ​​សង្គម ដែលជាប្រតិបត្តិករមួយសំខាន់ ក្នុងការអនុវត្តរបបសន្តិសុខសង្គមនៅកម្ពុជា ដែលបានបម្រើសេវា​ជូន​សមាជិករបស់ខ្លួនប្រកបដោយប្រសិទ្ធភាពខ្ពស់ និងទាន់ពេលវេលា។ ជាមួយគ្នានោះដែរ ដើម្បីចូលរួមលើកកម្ពស់ និងចូលរួមអនុវត្តនូវគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០១៦-២០២៥ របស់រាជរដ្ឋាភិបាល ក៏ដូចជាការអនុវត្តការងាររបស់ខ្លួន រដ្ឋបាលសាលាខេត្តសៀមរាប បានដាក់ចេញនូវសកម្មភាព ការងារផ្សេងៗ និងចូលរួមយ៉ាងសកម្មលើការងារសង្គម ព្រមទាំងបានគៀងគរ ប្រមូលវិនិយោគិនមកវិនិយោគ ជាច្រើននាក់ ដែលបានផ្ដល់ការងារដល់ប្រជាពលរដ្ឋទាំងក្នុង និងក្រៅខេត្ត។


លោកអភិបាលរង ក៏បានជម្រាបជូនផងដែរពីស្ថានភាពមួយចំនួនក្នុងខេត្តសៀមរាប ជាក់ស្ដែងបញ្ហានៃការប្រមូលផ្ដុំរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងទីតាំងដី ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដែលនេះជាមួយបញ្ហាមួយធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង ទៅលើជីវភាព មុខរបរ និងការងារប្រចាំថ្ងៃ ដោយការបោកប្រាស់របស់គេ។ បញ្ហានេះអាជ្ញាធរខេត្តក៏កំពុងយកចិត្តទុកដាក់ ក្នុងការសម្របសម្រួលឲ្យបងប្អូនប្រជាពលរដ្ឋត្រឡប់ទៅកាន់លំនៅដ្ឋាន និងបំពេញការងារភារកិច្ច និងប្រកបអាជីវកម្មឡើងវិញ។ ក្នុងនោះក៏សូមអំពាវនាវទៅដល់នាយករោងចក្រ ឬម្ចាស់សហគ្រាស គ្រឹះស្ថានទាំងអស់ ដែលមានបុគ្គលចាញ់បោកទៅលើការឃោសនាឲ្យទៅប្រមូលផ្ដុំនេះ សូមកុំមានការរើសអើន និងស្ដីបន្ទោសទៅលើពួកគាត់ឲ្យសោះ ព្រោះពួកគាត់អាចភ្លេចខ្លួនមួយពេល ដូចនេះត្រូវលើកទឹកចិត្ត និងផ្ដល់ឱកាសបំពេញការបន្តទៀតដល់ពួកគាត់។


មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម អ៊ុក សមវិទ្យា បានបញ្ជាក់ថា យុទ្ធនាការផ្សព្វផ្សាយនាពេលនេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីផ្សព្វផ្សាយរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធន ដែលជារបបសន្តិសុខសង្គមថ្មី ទៅកាន់បងប្អូនប្រជាពលរដ្ឋ ពិសេសបងប្អូនកម្មករនិយោជិត ដែលកំពុងបម្រើការងារក្នុងវិស័យឯកជនទាំងអស់ ឱ្យទទួលបានការយល់ដឹងអំពីនីតិវិធីលក្ខខណ្ឌ និងការទទួលបានអត្ថប្រយោជន៍តាមរយៈរបបសន្តិសុខសង្គម ថ្មីមួយនេះ។ ការយល់ដឹងកាន់តែច្បាស់ស្តីពី របបសន្តិសុខសង្គមផ្នែកប្រាក់សោធន របស់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជានិយោជក ពិសេសបងប្អូនកម្មករនិយោជិត គឺបានជំរុញឱ្យបងប្អូនទាំងអស់ អាចចូលរួមយ៉ាងផុសផុលក្នុងការអនុវត្តកាតព្វកិច្ចរបស់ខ្លួន ដោយក្តីជឿជាក់ និងពេញចិត្ត។


ឯកឧត្តម បញ្ជាក់ទៀតថា ការចូលរួមអនុវត្តនូវកាតព្វកិច្ចរបស់បងប្អូនក្នុងប្រព័ន្ធសន្តិសុខសង្គម គឺជាការជួយគ្នាទៅវិញទៅមកនៅពេលយើងទទួលរងនូវហានិភ័យ ដែលពាក់ព័ន្ធទៅនឹងជីវភាពរស់នៅដែលជាគោលនយោបាយនៃការចែករំលែកក្នុងការរួបរួមគ្នាតាមគោលការណ៍សាមគ្គីធម៌សង្គម។ ជាក់ស្ដែងគិតរហូតមកដល់ពេលនេះ មានបងប្អូនកម្មករនិយោជិតសរុបប្រមាណជាង ១លាននាក់ទៅហើយ ដែលទទួលបានការផ្សព្វផ្សាយស្តីពីរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន តាមរយៈក្រុមការងារត្រីភាគីសម្រាប់ការចុះយុទ្ធនាការផ្សព្វផ្សាយរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន ក្នុងចំនួនជាង ៤៦០លើក ត្រឹមតែរយៈពេលជិត ១ខែ កន្លងមកនេះ។ក្នុងនោះ បសស ក៏បាននឹងកំពុងបន្តបង្កើនការផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយបន្ថែមទៀត ទៅកាន់បងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ធ្វើយ៉ាងណាឱ្យពួកគាត់ទាំងអស់បានយល់ដឹងកាន់តែច្បាស់អំពីការអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន ដែលជាសមិទ្ធផលដ៏ពិសេសបំផុតមិនធ្លាប់មាន ក្នុងប្រវត្តិសាស្ត្រនៃកម្ពុជាដែលកើតចេញពីស្ថាបនិកសន្តិភាពប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់បំផុត ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា៕








 

No comments:

Post a Comment

Pages