(មណ្ឌលគិរី)៖ នៅក្នុងពិធីសំណេះសំណាល និងជំរុញការអនុវត្តសារព័ត៌មាន សន្តិភាព អហិង្សា ព្រមទាំងក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មាន នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ នៅក្រុងសែនមនោរម្យ ដោយមានការចូលរួមពីសំណាក់លោក សុន សារឿន ប្រធានមន្ទីរព័ត៌មានខេត្តមណ្ឌលគិរី កញ្ញា សេង សុធារី នាយិកាអង្គការក្រុមការងារដើម្បីដោះស្រាយទំនាស់ (ACT) រួមទាំងមន្រ្តីនៃមន្ទីរព័ត៌មានខេត្ត និងអ្នកសារព័ត៌មានជាច្រើនអង្គភាពនៅក្នុងខេត្តមណ្ឌលគិរី។
លោក ងិន សុវិមាន អភិបាលរងខេត្តមណ្ឌលគិរី មានប្រសាសន៍ថា ប្រព័ន្ធផ្សព្វផ្សាយបានដើរតួនាទីយ៉ាងសំខាន់ សម្រាប់បម្រើឲ្យសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ និងអាជ្ញាធរ ដែលមានតម្រូវការក្នុងជីវភាពប្រចាំថ្ងៃ។ មិនត្រឹមតែប៉ុណ្ណោះ ប្រព័ន្ធផ្សព្វផ្សាយ ក៏បានចូលរួមចំណែកក្នុងការកសាងសង្គមជាតិមួយ ឲ្យមានភាពរីកចម្រើនទៅបាន តាមរយៈការផ្សព្វផ្សាយអំពីផលិតផល នៅក្នុងមូលដ្ឋាន តំបន់ទេសចរណ៍ និងវិស័យផ្សេងៗទៀត ដែលប្រជាពលរដ្ឋផលិតបាននៅក្នុងតំបន់ទៅដល់ទីផ្សារសេរី។ លោក ក៏បានណែនាំដល់អ្នកសារព័ត៌មាន ដែលមិនទាន់ជ្រាបច្បាស់អំពីច្បាប់ស្ដីពីរបបអ្នកសារព័ត៌មាន សូមសិក្សាឈ្វេងយល់ឲ្យបានច្រើន ដើម្បីផ្សាយព័ត៌មានប្រកបដោយវិជ្ជាជីវៈ ការពារខ្លួនឯងអំពីការប្រឈមផ្សេងៗ។ លោក ងិន សុវិមាន អភិបាលរងខេត្ត ក៏បានថ្លែងអំណរគុណ កោតសរសើរចំពោះសារព័ត៌មានទាំងអស់ក្នុងខេត្តមណ្ឌលគិរី ដែលតែងផ្សព្វផ្សាយពីសមិទ្ធផល និងសកម្មភាពនានារបស់ថ្នាក់ដឹកនាំខេត្ត និងមន្ទីរអង្គភាព ជាពិសេស លើវិស័យទេសចរណ៍របស់ខេត្ត ធ្វើឲ្យខេត្តមណ្ឌលគិរីកាន់តែល្បីល្បាញ ទាក់ទាញទេសចរកាន់តែច្រើនឡើង។
លោក សុន សារឿន ប្រធានមន្ទីរព័ត៌មានខេត្តមណ្ឌលគិរី បានឲ្យដឹងថា អ្នកកាសែត គឺជាភ្នែកច្រមុះរបស់សង្គម ដោយអាចផ្សារភ្ជាប់ ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ស្វែងយល់អំពី កិច្ចការងារអភិវឌ្ឍន៍នានារបស់រាជរដ្ឋាភិបាល និងអាចនាំយកនូវកង្វល់ផ្សេងៗ របស់ពលរដ្ឋ ផ្សព្វផ្សាយជូនដល់ថ្នាក់ដឹកនាំ ដើម្បីចាត់វិធានការនានាឲ្យបានទាន់ពេលវេលា។ លោក ប្រធានមន្ទីរព័ត៌មានខេត្ត ក៏បានរំលឹកផងដែរថា អ្នកស្ដាប់ អ្នកទស្សនា គឺតែងតែមានសេចក្តីត្រូវការព័ត៌មានពីអ្នកកាសែត ប៉ុន្តែមានតែអ្នកកាសែតខ្លួនឯងប៉ុណ្ណោះ ដែលធ្វើឲ្យទស្សនិកជនមិនមានតម្រូវការ។ ក្នុងន័យនេះ លោកប្រធានមន្ទីរ បានស្នើដល់ អ្នកសារព័ត៌មានទាំងអស់ ដែលបម្រើការងារនៅក្នុងខេត្ត ក៏ដូចជាភ្នាក់ងារយកព័ត៌មានទូទាំងប្រទេស ត្រូវប្រកាន់ភ្ជាប់នូវគោលការណ៍ ក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព៍ត៌មាន ពិតត្រឹមត្រូវ តុល្យភាព និងយុត្តិធម៌។
កញ្ញា សេង សុធារី នាយិកាអង្គការក្រុមការងារដើម្បីដោះស្រាយទំនាស់ បានលើកឡើងថា កម្មវិធីនេះធ្វើឡើងក្នុងបំណងទី១. បង្កើនការយល់ដឹងពីសារព័ត៌មានសន្តិភាព ទី២. កាត់បន្ថយការសរសេរព័ត៌មានបែបហិង្សា និងទី៣. ក្រុមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មាន។
អ្នកយកព័ត៌មានរបស់ទូរទស្សន៍លេខ៥ នៅខេត្តមណ្ឌលគិរី លោក សាយ ករុណា បានសម្ដែងភាពរីករាយ ដែលលោកបានទទួលបទពិសោធន៍ថ្មីៗ ជុំវិញវិស័យព័ត៌មាន ក្នុងពិធីជួបសំណេះសំណាលនេះ ហើយមូលដ្ឋានចំនេះដឹងទទួលបាន គឺជាចំណុចល្អៗដែលអ្នកសារព័ត៌មានអាចយកទៅប្រើក្នុងការសរសេរអត្ថបទប្រកបដោយគុណភាពជូនអ្នកទស្សនាផងដែរ៕
No comments:
Post a Comment