(បន្ទាយមានជ័យ)៖ សេនាធិការសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រតិបត្តិករលើសមរភូមិគ្រោះមហន្តរាយ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម នៅរសៀលថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២២ ម្សិលមិញនេះ បានបន្តហោះទៅដល់ខេត្តបន្ទាយមានជ័យ ដើម្បីចាត់ចែងការងារស្តារការដាំដុះរបស់ប្រជាកសិករឡើងវិញ តាមបទបញ្ជារបស់សម្តេចតេជោ។
នៅលើទឹកដីខេត្តបន្ទាយមានជ័យ ដែលជាខេត្តទទួលរងការវាយប្រហារធ្ងន់ធ្ងរមួយពីជំនន់ទឹកភ្លៀង ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម ប្រតិបត្តិករសមរភូមិគ្រោះមហន្តរាយ ដែលតែងតែផ្សារភ្ជាប់ខ្លួនជាមួយជនរងគ្រោះរាល់ពេលមានគ្រោះមហន្តរាយនោះ បានធ្វើសកម្មភាព៣ផ្ទួនៗគ្នា។ សកម្មភាពនោះរួមមានការនាំអំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនដល់ជនរងគ្រោះ ចុះពិនិត្យស្រូវរបស់កសិករដែលកំពុងលិចលង់ និងការជួបប្រជុំជាមួយថ្នាក់ដឹកនាំខេត្ត ដើម្បីពិភាក្សាបូកសរុបផលប៉ះពាល់ និងដាក់ចេញផែនការបន្ទាន់សម្រាប់ការស្តារលទ្ធកម្មដាំដុះរបស់ប្រជាកសិករឡើងវិញ ក្រោយពេលទឹកស្រក។
គ្រោះមហន្តរាយធម្មជាតិ គឺជាគ្រោះអកុសលដែលបានកើតកើតមានទូទាំងសកលលោក ដែលមិនទាន់មានប្រទេសណាមួយអាចគ្រប់គ្រងវាបាននោះឡើយ។ សម្រាប់កម្ពុជា បើទោះបីមិនអាចគ្រប់គ្រង ឬបញ្ចៀសរាល់គ្រោះមហន្តរាយទាំងនោះយ៉ាងណាក្តី តែរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ជាពិសេសតាមរយៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ មានឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម ជាអ្នកប្រតិបត្តិការផ្ទាល់នោះ មិនដែលអង្គុយមើលនូវទុក្ខវេទនារបស់ប្រជាពលរដ្ឋរងគ្រោះនោះឡើយ។
ក្នុងពិធីចែកអំណោយដល់ពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងនេះឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម បាននាំយកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់ប្រជាពលរដ្ឋរងគ្រោះទាំងអស់។ លោកទេសរដ្ឋមន្ត្រី ក៏បាននាំយកនូវប្រសាសន៍សម្តែងការសោកស្តាយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតចំពោះផលប៉ះពាល់ទាំងឡាយបណ្តាលមកពីគ្រោះទឹកជំនន់នេះ។
ឯកឧត្តម បានជម្រាបប្រជាពលរដ្ឋរងគ្រោះថា បើទោះបីសម្តេចទាំងទ្វេលោកមិនបានចុះជួបប្រជាពលរដ្ឋដោយផ្ទាល់ ដោយសារការមមាញឹកនឹងកិច្ចការជាតិដទៃនោះ តែសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែនឹករលឹក គិតគូរ និងព្រួយបារម្ភជាប់ជានិច្ចចំពោះសុខទុក្ខ និងការលំបាករបស់ប្រជាពលរដ្ឋរងគ្រោះ។ លោកទេសរដ្ឋមន្ត្រី គន់ គីម បានជម្រាបពលរដ្ឋថា សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងដាក់ចេញបទបញ្ជាឱ្យរូបលោក និងអាជ្ញាធរគ្រប់ខេត្តទាំងអស់ ឱ្យជួយដោះស្រាយរាល់ការលំបាករបស់ប្រជាពលរដ្ឋ ជាពិសេសការពារអាយុជីវិតរបស់ប្រជាពលរដ្ឋពីគ្រោះទឹកជំនន់។
ក្នុងឱកាសនោះឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានជម្រាបប្រជាពលរដ្ឋពីបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន ពាក់ព័ន្ធការស្តារលទ្ធកម្មដាំដុះឡើងវិញក្រោយពេលទឹកស្រក។ សម្តេចតេជោ បានចេញបទបញ្ជាឱ្យបញ្ចេញស្រូវពូជ និងផលដំណាំនានា ហើយធ្វើកិច្ចអន្តរាគមន៍ជួយពលរដ្ឋជាបន្ទាន់លើការងារដាំដុះនេះ។ បន្ថែមពីលើនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីស្តីទីក្រសួងកសិកម្ម ក៏បានចាត់ចែងក្រុមការងាររួចហើយ ដើម្បីធ្វើការលើការងារនេះ។
ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម ក៏បានឆ្លៀតអំពាវនាវដល់ប្រជាពលរដ្ឋឱ្យត្រៀមលក្ខណៈសម្បត្តិជាមួយអាជ្ញាធរពាក់ព័ន្ធគ្រប់ផ្នែក ដើម្បីដាំដុះឡើងវិញ។ «ការលិចលង់ជាគ្រោះអកុសលរបស់យើងគ្រប់គ្នា ប៉ុន្តែការងារដែលយើងត្រូវតែរួមគ្នាធ្វើបន្ទាប់ពីទឹកស្រកទៅវិញ គឺការដាំដុះឡើងវិញ ដើម្បីធានាសុវត្ថិភាពស្បៀងអាហាររបស់ពួកយើង។ សម្តេចតេជោ ហ៊ុន សែន ជាកូនកសិករ ជាអ្នកធ្វើការងារជាមួយកសិករ លោកបានគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ណាស់លើរឿងនេះ។ សម្តេចតេជោ លោកបានបញ្ជាដាច់ណាត់ដល់អាជ្ញាធរគ្រប់ផ្នែកឱ្យជួយកសិករលើការដាំដុះឡើងវិញនេះ។ ដូច្នេះយើងខ្ញុំទាំងអស់គ្នាបានត្រៀមលក្ខណៈសម្បត្តិរួចរាល់ហើយក្នុងការជួយបងប្អូនដាំដុះឡើងវិញ យើងត្រូវតែរួមគ្នាជម្នះនូវការលំបាកមួយនេះ»។ ក្រៅតែពីនាំអំណោយជូនពលរដ្ឋរងគ្រោះហើយនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានចុះពិនិត្យជាក់ស្តែងដំណាំស្រូវកសិករ ដែលលិចលង់។ បន្ទាប់មកពីបានជួបពិភាក្សាជាមួយអាជ្ញាធរខេត្ត ដើម្បីដាក់ចេញផែនការស្តារការដាំដុះរបស់ប្រជាពលរដ្ឋឡើងវិញ។
ក្នុងជំនូបនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម បានលើកនូវប្រសាសន៍ជាបទបញ្ជាដាច់ណាត់របស់សម្តេចតេជោ ក្នុងកិច្ចអន្តរាគមន៍ស្តារការដាំដុះឡើងវិញរបស់ប្រជាពលរដ្ឋក្រោយពេលទឹកស្រកចុះទៅវិញ។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានណែនាំមន្ទីរកសិកម្ម និងមន្ទីរធនធានទឹក និងឧតុនិយម សហការគ្នាសិក្សាឱ្យបានម៉ត់ចត់អំពីភូមិសាស្រ្តនីមួយៗ ដែលត្រូវស្តារឡើងវិញ ក្នុងពេលស្ថានភាពអាកាសធាតុបន្តប្រឈម និងអាចអូសបន្លាយរងគ្រោះដោយទឹកជំនន់។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ទោះបីស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ត្រូវតែសិក្សាអំពីការស្តារ និងផ្តល់ពូជស្រូវជូនប្រជាកសិករ ដែលប៉ះពាល់ធ្ងន់ធ្ងរក្រោយទឹកជំនន់ស្រកទៅវិញ។
No comments:
Post a Comment