(ត្បូងឃ្មុំ)៖ ក្រោយទឹកទន្លេមេគង្គហក់ឡើង បណ្តាលជន់លិចភូមិស្ថាន ផ្ទះសម្បែង និងដំណាំរបស់បងប្អូនប្រជាពលរដ្ឋរស់នៅតាមមាត់ទន្លេក្នុងស្រុកត្បូងឃ្មុំ ភ្លាមៗឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានណែនាំឲ្យអាជ្ញាធរជម្លៀសបងប្អូនមកកាន់ទីទួលសុវត្ថិភាព បណ្តោះអាសន្ន បន្តបន្ទាប់ នៅក្នុងឃុំជីរោជ៍ទី១ និងឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ។
ជាក់ស្តែងនាព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២២នេះ ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ និងលោកជំទាវ ម៉េង វ៉ាន់ដានីន បានដឹកនាំអភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត សមាជិក សមាជិកា គណ:កម្មាធិការសាខា អនុសាខា ក្រុមប្រតិបត្តិសាខា និងអ្នកស្ម័គ្រចិត្ត អញ្ជើញចុះសួរសុខទុក្ខ នាំយកអំណោយកាកបាទក្រហមខេត្ត ទៅផ្តល់ជូនដល់គ្រួសារប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ជម្លៀសមកពីឃុំជីរោជ៍ទី១ មាន ៤៣គ្រួសារ និងឃុំទន្លេបិទ៩០គ្រួសារ សរុបចំនួន១៣៣គ្រួសារ។
ក្នុងឱកាសនោះឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនបងប្អូនទាំងអស់។
ឯកឧត្ដមបណ្ឌិត ក៏បានណែនាំឲ្យអាជ្ញាធរសហការជាមួយមន្ទីរសុខាភិបាលខេត្ត និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត រៀបចំការរស់នៅរបស់បងប្អូនឲ្យបានល្អ មានបង្គន់អនាម័យ ក្រុមគ្រូពេទ្យ ថ្នាំសង្កូវ និងភ្លើងបំភ្លឺនាពេលយប់ជាដើម។
បន្ថែមពីនេះឯកឧត្តមបណ្ឌិត ក៏បានក្រើនរំលឹក និងអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ថែរក្សាសុខភាព ពិសេសបងប្អូនរស់នៅតាមដងទន្លេ បង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ផងដែរ។
ចំពោះអំណោយមនុស្សធម៌ដែលបានផ្តល់ជូនដល់គ្រួសារនីមួយៗរួមមាន អង្ករ២៥គីឡូក្រាម មី១កេស ទឹកត្រី១យួរ ទឹកស៊ីអុីវ១យួរ ត្រីខ១០កំប៉ុង និងថវិកាចំនួន២០,០០០រៀល។
ជាមួយគ្នានោះឯកឧត្តមបណ្ឌិត និងលោកជំទាវ បានបន្តសំណេះសំណាលនឹងប្រគល់ជូនអំណោយ និងចែកថវិកាលើកទឹកចិត្តដល់បងប្អូនកងកម្លាំង និងប្រជាការពារ ក៏ដូចជាចែកនំចំណី ដល់កុមារាកុមារី ដោយក្តីស្រលាញ់ចេញពីបេះដូងយ៉ាងកក់ក្តៅផងដែរ៕
សូមជម្រាបថា ទឹកទន្លេមេគង្គថ្ងៃនេះមានកម្ពស់ ១៣,៤៣ម៉ែត្រ ធៀបព្រឹកថ្ងៃម្សិលមិញ ទឹកស្រក ០,១៥ម៉ែត្រ ធៀបនឹងឆ្នាំមុនខ្ពស់ជាង ៤,៤០ម៉ែត្រ កំពស់ទឹកប្រកាសអាសន្ន ១៥,២០ ម៉ែត្រ៕
No comments:
Post a Comment