អបអរសាទរកម្ពុជា ត្រូវបានអង្គសន្និសីទរដ្ឋភាគីលើកទី២១ នៃអនុសញ្ញាស្តីពីការហាមការប្រើប្រាស់មីនប្រឆាំងមនុស្ស(អនុសញ្ញាអូតាវ៉ា) នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ បោះឆ្នោតជ្រើសតាំងជាប្រធាន និងជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ ឆ្នាំ២០២៤ ដែលកម្ពុជាប្រសិទ្ធនាមជា “កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន” - គេហទំព័រ សន្តិភាពថ្មី

Breaking

Saturday, November 25, 2023

អបអរសាទរកម្ពុជា ត្រូវបានអង្គសន្និសីទរដ្ឋភាគីលើកទី២១ នៃអនុសញ្ញាស្តីពីការហាមការប្រើប្រាស់មីនប្រឆាំងមនុស្ស(អនុសញ្ញាអូតាវ៉ា) នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ បោះឆ្នោតជ្រើសតាំងជាប្រធាន និងជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ ឆ្នាំ២០២៤ ដែលកម្ពុជាប្រសិទ្ធនាមជា “កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន”

កិច្ចប្រជុំត្រួតពិនិត្យឡើងវិញនៃអនុសញ្ញាអូតាវ៉ា​ ត្រូវបានប្រព្រឹត្តទៅជារៀងរាល់៥ឆ្នាំម្តង ហើយ​​​កម្ពុជា គឺ​ជាប្រទេសទី​៥ នៅលើសកលលោក និង​ជា​ប្រទេស​ដំបូងគេ​បង្អស់​ក្នុងតំបន់អាស៊ី ដែលធ្វើជា​ប្រធាន និង​ជាម្ចាស់ផ្ទះដឹកនាំ​​​កិច្ចប្រជុំនេះ ។ កិច្ចប្រជុំលើកទី១ធ្វើនៅ​ប្រទេស​កេនយ៉ា ​ឆ្នាំ​២០០៤ លើកទី២នៅប្រទេស​កូឡុំប៊ី ឆ្នាំ២០០៩ លើកទី៣នៅ​ប្រទេស​ម៉ូសំប៊ិក ​ឆ្នាំ២០១៤ លើកទី៤នៅប្រទេស​ន័រវែស ​ឆ្នាំ២០១៩ និងលើកទី៥នៅ​ប្រទេស​កម្ពុជា ​ឆ្នាំ​២០២៤ ខាងមុខ។ 


ក្នុង​នាម​ជា​​ប្រធាន និង​ម្ចាស់​ផ្ទះ​ដឹកនាំ​កិច្ច​ប្រជុំ កម្ពុជា​បានជ្រើសយក​ទឹកដី​ខេត្ត​សៀមរាប​សម្រាប់​ការ​រៀបចំ​ និង​​មានការ​ចូលរួម​ពី​​រដ្ឋសមាជិក​ចំនួន ១៦៤ ប្រទេស និង​រដ្ឋអង្កេតការណ៍ផ្សេងៗ ព្រមទាំងអង្គការ​-ស្ថាប័ន​ ពិភពលោក​ជាច្រើនទៀត​​​។​ កិច្ចប្រជុំកំពូលសៀមរាប-អង្គរ គឺជាវេទិកាដែលកម្ពុជានឹងបញ្ជាក់ជូន​សហគមន៍អន្តរជាតិ ពីការប្តេជ្ញាចិត្ត ចំពោះការបោសសម្អាតមីនប្រឆាំងមនុស្សឱ្យអស់ និងពិនិត្យ​មើលលើ​វឌ្ឍនភាពនៃការអនុត្តផែនការសកម្មភាពកន្លង​មក​។ កម្ពុជា​ គ្រោង​នឹង​ដាក់​ចេញ​​​នូវ​​ការ​ងារ​អាទិភាព​​ចំនួន ៣ រួម​មាន​ ៖

១. ជំរុញសកលភាវូបនីយកម្មនៃអនុសញ្ញា៖ ជំរុញ​ប្រទេសមិនមែនរដ្ឋភាគីឱ្យចូលរួមជារដ្ឋភាគី ឬចូលរួមកិច្ចប្រជុំ ឬអនុវត្តទិដ្ឋភាពនានានៃអនុសញ្ញា

២. ពង្រឹងការអនុវត្តមាត្រា៥នៃអនុសញ្ញា៖ បោសសម្អាតមីនប្រឆាំងមនុស្ស និង​

៣. ជួយជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម


​ជាង​នេះ​ទៅទៀត​ កម្ពុជា​ នឹងរៀបចំ​ឱ្យ​មានជា​​​​សេចក្តី​ថ្លែងការណ៍​​​ស្តីពី​​ផែនការសកម្មភាព ៥ឆ្នាំបន្ត សម្រាប់​រដ្ឋសមាជិក និង​ភាគី​ពាក់ព័ន្ធ​​ទាំង​អស់​យកទៅ​អនុវត្ត​ន៍​ ដោយមានឈ្មោះថា “សេចក្តី​ថ្លែង​ការ​ណ៍​សៀមរាប​-អង្គរ_ Siem Reap – Angkor Declaration or Siem Reap – Angkor Action Plan" ដែលនឹងត្រូវប្រើប្រាស់ក្នុងឯកសារប្រវត្តិសាស្ត្ររបស់អង្គការសហប្រជាតិ ។


ក្នុង​ឱកាស​នេះ ខ្ញុំ​សូម​កោត​សរសើរ​ជូន​ចំពោះ​ ឯកឧត្តម​ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១​ អាជ្ញាធរមីន​ ថ្នាក់ដឹកនាំ មន្រ្តី​បុគ្គលិក​​អាជ្ញាធរមីន ប្រទេសជាមិត្ត​ ដៃគូអភិវឌ្ឍន៍​ ប្រតិបត្តិករ​ជាតិ​-អន្តរជាតិ​ សហគមន៍​សកម្មភាព​មីន​ និងគ្រប់​​ភាគី​ពាក់ព័ន្ធ សម្រាប់កិច្ច​ខិ​តខំប្រឹង​ប្រែង និងចូលរួមចំណែក​​ជំរុញឱ្យ​ប្រទេស​​ និង​ប្រជាជន​កម្ពុជា​ រួច​ចាក​ផុតពី​ទុក្ខវេទនា​ដោយសារមីនប្រឆាំងមនុស្សដែល​ជា​មរតក​សង្រ្គាម​ដ៏​រ៉ាំរ៉ៃនៅ​កម្ពុជា​។​ 


ខ្ញុំ​ក៏​សូម​ថ្លែង​អំណរគុណ​ចំពោះ​រដ្ឋជា​សមាជិក​នៃ​អនុសញ្ញា​អូតាវ៉ា និង​សហគមន៍អន្តរជាតិ ដែលតែង​តែ​ផ្តល់ការ​គាំទ្រ​ និង​​វាយ​តម្លៃ​ខ្ពស់ដល់​​កិច្ចខិត​ខំ​ប្រឹង​ប្រែងរបស់​កម្ពុជាក្នុង​កិច្ចការ​សកម្មភាព​មីន ក៏​ដូច​ជាបាន​​ផ្តល់សេចក្តីទុកចិត្តជ្រើសតាំង​កម្ពុជា​ធ្វើ​ជា​ប្រធាន​ និង​ម្ចាស់​ផ្ទះ រៀបចំកិច្ច​ប្រជុំ​កំពូល​ដ៏មានសារសំខាន់នេះ​។​​​​


អនុសញ្ញាអូតាវ៉ា ឬហៅបានថាអនុសញ្ញាស្តីពីការហាម ការប្រើប្រាស់មីនប្រឆាំងមនុស្ស ឬហៅពេញថា អនុសញ្ញាស្តីពីការហាមការប្រើប្រាស់ ការរក្សាទុក ការផលិត និងការផ្ទេរគ្រាប់មីនប្រឆាំងមនុស្ស និងការបំផ្លាញគ្រាប់មីន ។ អនុសញ្ញានេះ គឺជាអនុសញ្ញា​របស់​អង្គការ​សហប្រជាជាតិ និង​ជា​ការឆ្លើយតបគ្រប់ជ្រុងជ្រោយរបស់សហគមន៍អន្តរជាតិ ចំពោះបញ្ហាមនុស្សធម៌ ដែលបង្កឡើងដោយមីនប្រឆាំងមនុស្ស ដែលជាអាវុធ បង្កផលអាក្រក់ដ៏ធ្ងន់ធ្ងរ ទោះបីជាជម្លោះប្រដាប់អាវុធបានបញ្ចប់ទៅជាច្រើនទសវត្សរ៍ក៏ដោយ៕




 

No comments:

Post a Comment

Pages