កាលពីវេលាម៉ោង ១៩និង៣០នាទី ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣ មានករណីលួចដោយហិង្សាមានស្ថានទម្ងន់ទោស (ឆក់ខ្សែ-ក) មួយកើតឡើង នៅចំណុចផ្លូវជាតិលេខ៤ ភូមិកន្ទោកខាងជើង សង្កាត់កន្ទោក ខណ្ឌកំបូល ​ខណៈដែល ជនរងគ្រោះកំពុងធ្វើដំណើរតាមផ្លូវ ស្រាប់តែត្រូវបានជនសង្ស័យជិះមកជិត ហើយធ្វើសកម្មភាពឆក់យកខ្សែ-ក តែមិនបានសម្រេច ហើយបម្រុងជិះគេចខ្លួន តែត្រូវជនរងគ្រោះដេញប្រផាប់ ចាប់ប្រភីង និងស្រែកឆោរឡោថាចោរៗ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌកំបូល ចុះអន្តរាគមន៍ឃាត់ខ្លួនជាក់ស្តែងបានជនសង្ស័យភ្លាមៗតែម្តង។


ជនសង្ស័យឈ្មោះ រ៉ន សូពីណា ហៅ ទីណា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ មិនពិតប្រាកដ បានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាព ឆក់ខ្សែកពីជនរងគ្រោះតែមិនបានសម្រេច នៅចំណុចខាងលើ ពិតប្រាកដមែន។


បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕