ប្រកាសសាលក្រមក្រុម សុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅ William Guang និងបក្ខពួក៣នាក់ទៀត ដោយផ្ដន្ទាទោសពី៤ឆ្នាំ ដល់៦ឆ្នាំ សំណុំរឿងប៉ុនប៉ងប្លន់មួយករណីទៀត លើអ្នករកស៊ីអចលនទ្រព្យ - គេហទំព័រ សន្តិភាពថ្មី

Breaking

Wednesday, January 31, 2024

ប្រកាសសាលក្រមក្រុម សុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅ William Guang និងបក្ខពួក៣នាក់ទៀត ដោយផ្ដន្ទាទោសពី៤ឆ្នាំ ដល់៦ឆ្នាំ សំណុំរឿងប៉ុនប៉ងប្លន់មួយករណីទៀត លើអ្នករកស៊ីអចលនទ្រព្យ

ភ្នំពេញ៖  នៅរសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ បានបើកសវនាការប្រកាសលើសំណុំរឿងជនត្រូវចោទឈ្មោះ សុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅ William Guang និងបក្ខពួកសរុប៤នាក់ ក្នុងសំណុំរឿងប៉ុនប៉ងប្លន់មួយករណីទៀត ដែលបម្រុងប្រព្រឹត្តទៅលើអ្នករកស៉ីជំនួញអចលនទ្រព្យម្នាក់ នៅខេត្តកំពង់ស្ពឺ។

វត្តមានក្នុងការប្រកាសសាលក្រមក្នុងពេលនេះ មានលោកស្រីចៅក្រម ឈុន ដាវី ជាប្រធានក្រុមប្រឹក្សា លោកចៅក្រម ធាម ច័ន្ទពិសិដ្ឋ និងលោកចៅក្រម កេត សុជាតិ ជាចៅក្រមប្រឹក្សា និងមានវត្តមាន លោក សាន សុភ: ជាតំណាងអយ្យការ។


នៅចំពោះមុខជនត្រូវចោទទាំង៤នាក់ តុលាការបានប្រកាសសម្រេច៖

* ទី១៖ ឈ្មោះ សុខ សុវណ្ណវឌ្ឍនា សាប៊ុង ភេទប្រុស អាយុ៤៤ឆ្នាំ ហៅ សុខ សុវណ្ណវឌ្ឍនាសាពុង ហៅ វីល្លាម គ័ង ដាក់ពន្ធនាគារ៦ឆ្នាំ

* ទី២៖ គេច ម៉ាច ហៅ អាតឿ ភេទប្រុស អាយុ២៦ឆ្នាំ ដាក់ពន្ធនាគារ៤ឆ្នាំ

* ទី៣៖ អោ រ៉ាម៉ន ភេទប្រុស អាយុ៣៧ឆ្នាំ ដាក់ពន្ធនាគារ៥ឆ្នាំ

* និងទី៤៖ ឈ្មោះ សុវណ្ណ រ៉ានុត ភេទប្រុស អាយុ២៦ឆ្នាំ ដាក់ពន្ធនាគារ៥ឆ្នាំ។ ពីបទ «ប៉ុនប៉ងលួចមានស្ថានទម្ងន់ទោស និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត»។

គួរជម្រាបថា ការប្រកាសសាលក្រមនៅពេលនេះ គឺជាសំណុំរឿងទី២ ក្រោយពីប្រកាសសាលក្រមក្នុងសំណុំរឿងប្លន់ប្រដាប់អាវុធ លើផ្ទះអ្នកលក់ឡេអនឡាញ អ៊ាន សៀវម៉ី កាលពីពេលកន្លងទៅ។

សូមរំលឹកថា កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាប់ឃាត់ខ្លួន លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ហៅ William Guang ប្រធានគណបក្សខ្មែរក្រោក និងមនុស្សជាង១០នាក់ទៀត ក្រោមបទសង្ស័យករណីប្លន់ស្ត្រី ឧកញ៉ាដែល ប្រកបអាជីវកម្មលក់គ្រឿងសម្អាង (ឡេ) ឈ្មោះ អ៊ាន សៀវម៉ី។

ប្រតិបត្តិការកាលពីយប់ថ្ងៃទី២០ ខែធ្នូ ឈានដល់ការឃាត់ខ្លួនមនុស្ស១២នាក់ ប្រុស៩នាក់ និងស្រី៣នាក់ នៅគេហដ្ឋាន ក្នុងបុរីមួយកន្លែង នៅផ្លូវ៦០ម៉ែត្រ រាជធានីភ្នំពេញ។ ក្នុងចំណោមនោះ មាន លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ដែលត្រូវបានគេស្គាល់ជាទូទៅថា William Guang ប្រធានគណបក្សខ្មែរក្រោក។

កងរាជអាវុធហត្ថរាជធានី ក៏ប្រមូលបានគ្រឿងពេជ្ររបស់អ្នកស្រី អ៊ាន សៀវម៉ី ត្រឡប់មកវិញ ហើយក៏បានដកហូតអាវុធ៥ដើម (វែង១ដើម ខ្លី៤ដើម) ផងដែរ។

នៅមុនឈានទៅដល់ការឃាត់ខ្លួននេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបង្ហាញពីសកម្មភាពស្រាវជ្រាវ និងដេញឃាត់រថយន្តដែលត្រូវជនសង្ស័យបានប្រើប្រាស់ក្នុងករណីប្លន់កាលពីព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ នៅក្នុងបុរីញូថោន ខណ្ឌពោធិ៍សែនជ័យ ។

ដោយស្ថានភាពងងឹតខ្លាំង កម្លាំងជំនាញបានប្រដេញរថយន្តនេះ រហូតជនសង្ស័យបានបើកទ្វារលោតគេចខ្លួនចូលក្នុងគម្ពោធព្រៃ។ ដោយពិនិត្យឃើញមានដបសាំងក្នុងរថយន្ត សមត្ថកិច្ចបានធ្វើការសន្និដ្ឋានជាបឋមថា ជនសង្ស័យមានបំណងបើករថយន្តទៅកន្លែងស្ងាត់ដើម្បីដុតកំទេចចោលបំផ្លាញភស្តុតាងផងដែរ៕




 

No comments:

Post a Comment

Pages