បាត់ដំបង៖ សមត្ថកិច្ចនគរបាលនៃអធិការដ្ឋាននគរបាលស្រុកឯកភ្នំបានបើកកិច្ចប្រតិបត្តិការចុះបង្រ្កាបនិងឃាត់ខ្លួនជនសង្ស័យ០១នាក់ ក្រោយប្រើប្រាស់កាំបិតផ្គាក់កាប់ទៅលើយុវជនម្នាក់បណ្តាលអោយស្លាប់ភ្លាមៗនៅនិងកន្លែង។


កិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងនៅវេលាម៉ោង ៧និង៥០នាទី ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចក្រុមទី១៧ ស្ថិតក្នុងភូមិព្រែកតាច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

ប្រភពពីសមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យមានឈ្មោះ ឃន ចំរើន ហៅ ងិត ភេទប្រុស អាយុ៣០ឆ្នាំ ជាមនុស្សប្រើប្រាស់គ្រឿងញៀន(បែកថ្នាំ)រស់នៅក្រុមទី១៧ ភូមិព្រែកតាច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ ដែលជនសង្ស័យខាងលើបានប្រើប្រាស់កាំបិតផ្គាក់កាប់ទៅលើជនរងគ្រោះឈ្មោះ សោម មេសា ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅក្រុមទី១៦ ភូមិព្រែកក្រូច ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង បណ្តាលអោយត្រូវចំសៀតផ្កាលើត្រចៀកខាងឆ្វេងស្លាប់ភ្លាមខណះពេលជនរងគ្រោះកំពុងអង្គុយលេងក្រោមផ្ទះមិត្តភ័ក្រ្ត កាលពីវេលាម៉ោង ២៣និង០០នាទីយប់ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចភូមិសាស្ត្រខាងលើ។


ក្រោយពីឃាត់ខ្លួន ជនសង្ស័យត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកឯកភ្នំ ធ្វើការសាកសួរដើម្បីរៀបចំកសាងសំណុំរឿងបញ្ជូនបន្តទៅការិយាល័យជំនាញចាត់ការតាមនីតិវិធីច្បាប់៕រូបភាព និងអត្ថបទ៖ ភ្នំខៀវ