ព្រះសីហនុ៖ នារសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំពិព័រណ៍ទេសចរណ៍ និងពាណិជ្ជកម្មនៅខេត្តព្រះសីហនុ។

   

ព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍ និងពាណិជ្ជកម្ម មានគោលបំណង ៖ ១.បង្កើនការទាក់ទាញទេសចរមកសម្រាកកម្សាន្តខេត្តព្រះសីហនុ ២.ជម្រុញការវិនិយោគ ដើម្បីបង្កើតផលិតផល និងសេវាកម្មទេសចរណ៍ថ្មីៗ ៣.ជម្រុញការផ្សព្វផ្សាយលើកកម្ពស់តម្លៃវប្បធម៌ជាតិ ៤.ពង្រីកកិច្ចសហប្រតិបត្តិការ ដើម្បីជម្រុញផ្នែកទេសចរណ៍ និងពាណិជ្ជកម្ម។ ព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍ វប្បធម៌ និងពាណិជ្ជកម្មនេះមានរយៈពេល ៧ថ្ងៃ មានស្តង់ចំនួន ២៥០ និងស្តង់ VIP ចំនួន ៥៨។ ក្នុងនោះក៏មានកម្មវិធីរត់ប្រណាំង ដើម្បីមិត្តភាព និងផ្សព្វផ្សាយលើកកម្ពស់អនាម័យបរិស្ថានក្រោមប្រធានបទ «តំបន់ឆ្នេរគ្មានសំណល់ផ្លាស្ទីក»និង «បរិស្ថានអនាម័យបរិស្ថានឆ្នេរល្អ ទេសចររីករាយ»។

   

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍បើកកិច្ចប្រជុំដោយសារខេត្តព្រះសីហនុ និងខេត្តក្នុងតំបន់អាស៊ាននៅមានកម្រិត ដោយសារវិបត្តិកូវីដ-១៩ មិនមានភាពសកម្មក្នុងការធ្វើទំនាក់ទំនង។ ហើយឆ្នាំនេះ យើងរៀបចំពិព័រណ៍ទេសចរណ៍ និងពាណិជ្ជកម្មនៅទីលានតេជោ ក្រុងព្រះសីហនុ ទាមទារឱ្យមានការចូលរួមពីផ្នែកឯកជនទាក់ទងនឹងវិស័យទេសចរណ៍ដែលមានការចូលរួមពីដៃគូរនានា ក្នុងការជម្រុញវិស័យទេសចរណ៍នៅខេត្តព្រះសីហនុ និងបង្ហាញពីសក្តានុពល និងការដាក់ចេញគោលនយោបាយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសកាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ការផ្តល់អត្ថប្រយោជន៍ពិសេសជំរុញវិនិយោគិន និងធុរជននៅខេត្តព្រះសីហនុក្នុងឆ្នាំ២០២៤។ 

   

ឯកឧត្តម អភិបាលខេត្ត បានធ្វើការណែនាំដល់មន្ទីរ អង្គភាព និងសភាពាណិជ្ជកម្មខេត្តព្រះសីហនុ ជួយគាំទ្រការរៀបចំពិព័រណ៍ទេសចរណ៍ និងពាណិជ្ជកម្ម ឆ្នាំ២០២៤ ដើម្បីកិត្តិយសរបស់ប្រទេសកម្ពុជា ពិសេសសម្រាប់ជម្រុញទេសចរមកកាន់ខេត្តព្រះសីហនុ ព្រោះពិព័រណ៍ទេសចរណ៍ និងពាណិជ្ជកម្ម មានការចូលរួមពីខេត្តជាប់ឆ្នេរ មានដូចជាប្រទេសវៀតណាម  ប្រទេសថៃ និងកម្ពុជា ដើម្បីផ្សព្វផ្សាយជម្រុញលំហូរភ្ញៀវទេសចរសម្រាប់ឆ្នាំ២០២៤ ក្នុងនោះជម្រុញការផ្លាស់ប្តូរភ្ញៀវទេសចររវាងខេត្តតំបន់ឆ្នេរនៃប្រទេសទាំង៣ ក្នុងតំបន់អាស៊ាន ជម្រុញការវិនិយោគទេសចរណ៍តំបន់ឆ្នេរ នៃប្រទេសកម្ពុជា វៀតណាម ថៃ (ជម្រុញបន្តក្របខ័ណ្ឌ CVTEC)៕