នាថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៤ លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានតំណាងរដ្ឋបាលខេត្ត អញ្ជើញចូលរួមដំណើរទស្សនកិច្ចសិក្សា ដែលដឹកនាំដោយ ឯកឧត្ដម យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង អ.គ.ហ. ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវអភិបាលរង លោក លោកស្រីតំណាងរដ្ឋបាលខេត្ត និងតំណាងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុទាំង ២៥ រាជធានី-ខេត្ត មន្ត្រីជំនាញជាន់ខ្ពស់ មន្ត្រីជំនាញនៃ អ.គ.ហ. និងមន្ត្រីពាក់ព័ន្ធនានា នៅក្រុមហ៊ុនសាជីវកម្មតំបន់ឧស្សាហកម្មថាញ់ថាញ់កុង។


ដំណើរទស្សនកិច្ចសិក្សានេះ មានគោលបំណង៖

១.ស្វែងយល់អំពីការគ្រប់គ្រងប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត និងការគ្រប់គ្រងអាងប្រព្រឹត្តិកម្មទឹកកខ្វក់

២.សិក្សាពីស្ថានភាពអភិវឌ្ឍន៍តំបន់ឧស្សាហកម្ម និងគម្រោងអភិវឌ្ឍសេដ្ឋកិច្ចខេត្តជាប់ព្រំដែន

៣.ចែករំលែកបទពិសោធន៍ នៃការគ្រប់គ្រងសាធារណៈ ចំពោះតំបន់ឧស្សាហកម្ម

៤.ពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២។


ផ្អែកលើគោលបំណងខាងលើ គណៈប្រតិភូកម្ពុជា បានស្វែងយល់ពីការអភិវឌ្ឍសេដ្ឋកិច្ចក្នុងភូមិសាស្ត្រខេត្តតៃនិញ ប្រទេសវៀតណាម ព្រមទាំងបានជួបពិភាក្សាជាមួយ ឯកឧត្តម វ៉ ឌឹកត្រុង អនុប្រធានប្រចាំការ នៃគណៈកម្មាធិការប្រជាជនខេត្តតៃនិញផងដែរ។


ក្នុងជំនួបនេះ លោកអភិបាលរងខេត្តព្រះសីហនុ បានធ្វើបទបង្ហាញចែករំលែកអំពីសក្តានុពលនៃការវិនិយោគក្នុងខេត្តព្រះសីហនុ និងបានលើកឡើងអំពីកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ក្នុងឆ្នាំ២០២៤ ដែលទើបដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា និងបានសំណូមពរឱ្យភាគីវៀតណាមរៀបចំដំណើរទស្សនកិច្ចសិក្សាមកកាន់ខេត្តព្រះសីហនុ ដើម្បីសិក្សាលទ្ធភាពបើករោងចក្រផលិត ផលិតផលសម្រេច ឬពាក់កណ្តាលសម្រេច សំរាប់បំពេញខ្សែ​ចង្វាក់ផលិតកម្មឱ្យគ្នាទៅវិញទៅមក ដើម្បីបង្កើនឱកាសការងារ បណ្តុះជំនាញ និងការនាំចេញនៅកម្ពុជា។