ថ្នាក់ដឹកនាំខេត្តប៉ៃលិន ធ្វើពិធីបួងសួងសុំសេចក្តីសុខ នៅអាស្រមរូបសំណាក់លោកយាយយ៉ាត - គេហទំព័រ សន្តិភាពថ្មី

Breaking

Wednesday, April 17, 2024

ថ្នាក់ដឹកនាំខេត្តប៉ៃលិន ធ្វើពិធីបួងសួងសុំសេចក្តីសុខ នៅអាស្រមរូបសំណាក់លោកយាយយ៉ាត

ប៉ៃលិន៖ នៅអាស្រមលោកយាយយ៉ាត ព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤  ឯកឧត្តមទេសរដ្ឋមន្ត្រី អ៊ី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន និងលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្ត ព្រមទាំងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ បានអញ្ជើញធ្វើពិធីបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន និងថ្វាយគ្រឿងដង្វាយ ភ្លេងពិណពាទ្យ និង របាំក្ងោក ដល់រូបសំណាកលោកយាយយ៉ាត ទៅតាមគន្លងព្រះពុទ្ធសាសនា និងព្រហ្មញ្ញសាសនា ដើម្បីតាមជួយបីបាច់ថែរក្សា ថ្នាក់ដឹកនាំ មន្រ្តីរាជការ បងប្អូនប្រជាពលរដ្ឋទូទាំងខេត្តប៉ៃលិន និងបងប្អូនជនរួមជាតិទាំងអស់ ឱ្យទទួលបានសេចក្តីសុខសប្បាយ និងជោគជ័យគ្រប់ភារកិច្ច បន្ទាប់ពីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរបានបញ្ចប់ ។


ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋ អ៊ី ឈាន និងលោកជំទាវបណ្ឌិត បាន ស្រីមុំ ព្រមទាំងថ្នាក់ដឹកនាំខេត្ត ក៏បានបួងសួងសុំពរជ័យពីលោកយាយយ៉ាត ដែលមានបារមីថែរក្សាលើទឹកដីត្បូងពេជ្រ សូមតាមជួយបីបាច់ថែរក្សា ថ្នាក់ដឹកនាំ មន្រ្តីរាជការ បងប្អូនប្រជាពលរដ្ឋទូទាំងខេត្តប៉ៃលិន និងប្រទេសជាតិឱ្យជៀសផុតពីគ្រោះធម្មជាតិនានា និងជំងឺដង្កាត់ផ្សេងៗ ជាពិសេសសូមតាមជួយថែរក្សាថ្នាក់ដឹកនាំកំពូលនៃរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ព្រមទាំងប្រទេសជាតិ ឱ្យជួបនូវសេចក្តីសុខ សន្តិភាព និងមានការអភិវឌ្ឍ រីកចម្រើនតទៅអនាគត។


សូមរំលឹកថា៖ រូបសំណាកធំរបស់លោកយាយយ៉ាត ដែលស្ថិតនៅក្នុងអាស្រម ក្បែរជើងភ្នំយ៉ាតនេះ ត្រូវបានកសាងឡើងនៅក្នុងអំឡុងខែមេសា ឆ្នាំ២០១១ គឺចំណាយថវិកាផ្ទាល់របស់ឯកឧត្តមនាយឧត្តមសេនីយ៍ អ៊ី ឈាន និងលោកជំទាវ បាន ស្រីមុំ ដោយធ្វើពីថ្មភក់នៅខេត្តកំពង់ធំ មានកម្ពស់ ៣,៨០ម៉ែត្រ បល្ល័ង្កទំហំប្រវែង ២,៤០ម៉ែត្រការ៉េ និងមានទម្ងន់សរុប ៣២តោន៕






 

No comments:

Post a Comment

Pages