អគ្គិភ័យបានឆាបឆេះហាងលក់សាច់អាំងបែបចិន មួយកន្លែង​ យ៉ាងសន្ធោសន្ធៅ បណ្តាលឲ្យឆេះខូចខាតចង្ក្រានអាំងសាច់ រួមទាំងសម្ភារៈមួយចំនួនតូច ហើយពុំបណ្តាលឲ្យឆេះរាលដល់អ្នកក្បែរខាងឡើយ - គេហទំព័រ សន្តិភាពថ្មី

Breaking

Thursday, May 30, 2024

អគ្គិភ័យបានឆាបឆេះហាងលក់សាច់អាំងបែបចិន មួយកន្លែង​ យ៉ាងសន្ធោសន្ធៅ បណ្តាលឲ្យឆេះខូចខាតចង្ក្រានអាំងសាច់ រួមទាំងសម្ភារៈមួយចំនួនតូច ហើយពុំបណ្តាលឲ្យឆេះរាលដល់អ្នកក្បែរខាងឡើយ

ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់នៅវេលាម៉ោង ៧និង៤៥នាទីយប់ ថ្ងៃទី២៩​ ខែឧសភា​ ឆ្នាំ២០២៤ ដែលស្ថិតនៅចំណុចផ្ទះលេខ៨៩ ផ្លូវលេខ១៤៣​ ក្រុម៤០​ ភូមិ៤ សង្កាត់អូឡាំពិច ខណ្ឌបឹងកេងកង​ រាជធានីភ្នំពេញ។


ដោយមានការអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំដល់កម្លាំងជំនាញការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ ត្រូវធ្វើការយកចិត្តទុកដាក់ខ្ពស់នៅក្នុងប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។ 


ដោយទទួលបានបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាល និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានដឹកនាំបញ្ជាផ្ទាល់ដល់កងកម្លាំងពន្លត់អគ្គិភ័យដែលប្រចាំការនៅគ្រប់បណ្តាលគោលដៅទាំងអស់ ឲ្យចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់ឲ្យទាន់ពេលវេលា កុំឲ្យមានការឆាបឆេះបន្តដល់ផ្ទះប្រជាពលរដ្ឋដែលនៅក្បែរនោះ។ 


ដោយនៅក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន០១គ្រឿង ក្នុងនោះរួមមាន រថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យរាជធានីភ្នំពេញ ចំនួន០១គ្រឿង ប្រើប្រាស់ទឹកអស់០១ឡាន ស្មើរនឹង០៤ម៉ែត្រគូប​។ 


ដោយឡែកចំពោះប្រភេទសំណង់ខាងលើនេះ គឺ​ ថ្មបេតុង ទំហំ (៨ម៉ែត្រ x ១៤ម៉ែត្រ) ឆេះខូចខាតចង្ក្រានអាំងសាច់ រួមទាំងសម្ភារៈមួយចំនួនតូច ហើយពុំបណ្តាលឲ្យឆេះរាលដល់អ្នកក្បែរខាងឡើយ។ ចំពោះគ្រោះអគ្គិភ័យខាងលើនេះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញរបស់យើង ធ្វើការបាញ់ឲ្យរលត់ទៅវិញ នៅវេលាម៉ោង ៨និង០០នាទីយប់នាថ្ងៃដដែល។ 


ចំពោះហេតុការណ៍គ្រោះអគ្គិភ័យនេះ គឺបណ្តាលមកពីការឆាបភ្លើងចេញពីចង្ក្រានអាំងសាច់បង្កជាអគ្គិភ័យ។ ដោយនៅក្នុងនោះ មិនបានបណ្តាលឲ្យអ្នកណាម្នាក់រងរបួសនោះឡើយ៕





 

No comments:

Post a Comment

Pages