ឯកឧត្តម ខ័ណ្ឌ ចំណាន អភិបាលរងខេត្តរតនគិរីនៅព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងពិធីចែកវិញ្ញាបនបត្រ សម្គាល់អចលនវត្ថុនៅភូមិកាមែនក្នុងឃុំសាមគ្គី ស្រុកអូរជុំ ខេត្តរតនគិរី ចំនួន ៥០៤ វិញ្ញាបនបត្រ។ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ពីលោកមេបញ្ជាការកងកម្លាំងទាំង៣ លោក លោកស្រីប្រធាន អនុប្រធានមន្ទីរអង្គភាព និងអាជ្ញាធរក្រុងបានលុងព្រមទាំងមន្ត្រីរាជការពាក់ព័ន្ធជាច្រើនរូបផងដែរ។


លោក លី ឧសភា ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តរតនគិរី បានធ្វើរបាយការណ៍សង្ខេប អំពីលទ្ធផលការងារចុះបញ្ជីដីធ្លីមានលក្ខណៈជា ប្រព័ន្ធ ដែលក្រុមការងារប្រតិបត្តិនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តរតនគិរី បានអនុវត្តមានជាអាទិ៍៖ បានចុះបញ្ជី និងចេញប័ណ្ណជូនប្រជាពលរដ្ឋចំនួន ៣១ ភូមិ និងចុះបញ្ជីតាមបទបញ្ជាលេខ ០១ បប របស់រាជរដ្ឋាភិបាល ស្មើនឹងចំនួន ២៩,៥៨៨ វិញ្ញាបនបត្រ។ដោយឡែកនាឱកាសចែកប័ណ្ណនៅភូមិកាមែន ឃុំសាមគ្គីនាថ្ងៃនេះ ចំនួន ៥០៤ វិញ្ញាបនបត្រ មាន៖  ដីលំនៅឋានចំនួន ២០៩ ក្បាលដី  ដឹកសិកម្មចំនួន ២៩៤ ក្បាលដី  ដីរដ្ឋចំនួន ០១ ក្បាលដី។ដូចនេះសរុបមានចំនួន ៣០,០៩២ វិញ្ញាបនបត្រ។បានបញ្ចប់ការវាស់វែង និងប្រជុំគណៈកម្មការរដ្ឋបាលចំនួន ០៥ភូមិ មានស្រុកអូរជុំចំនួន ០២ភូមិ ស្រុកបរកែវចំនួន ០៣ ភូមិ។ត្រៀមបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យចំនួន ០១ភូមិ គឺភូមិសោមកានិញ ឃុំ សោមធំ ស្រុកអូរយ៉ាដាវ។ កំពុងវាស់វែង កំណត់ព្រំ និងវិនិច្ឆ័យចំនួន ១២ ភូមិ ក្នុងនោះស្រុកអូរជុំចំនួន ៣ភូមិ ស្រុកបរកែវ ចំនួន ៧ភូមិ និងស្រុកអូរយ៉ាដាវចំនួន ០២ ភូមិ។ ត្រៀមចែកប័ណ្ណចំនួន ០១ភូមិបន្ថែមទៀត នៅភូមិមួយ ឃុំឡាមិញ ស្រុកបរកែវ ចំនួន ១,៥៣១ វិញ្ញាបនបត្រ។ ត្រៀមបន្តប្រកាសតំបន់វិនិច្ឆ័យនៅឃុំល្អក់ចំនួន ០៥ ភូមិ ឃុំទីងចាក់ចំនួន ០៤ ភូមិ និងត្រៀម ចាប់ដើមអនុវត្តការងារវាស់វែងឃុំបរខាំចំនួន ០៤ ភូមិ ។


ថ្លែងទៅកាន់បងប្អូនប្រជាពលរដ្ឋដែលអញ្ជើញមកទទួលវិញ្ញាបនបត្រដីធ្លីពេលនេះ ឯកឧត្តម ខ័ណ្ឌ ចំណាន បានលើកឡើងថា កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល បានកំណត់ការគ្រប់គ្រងដីធ្លី តាមរយៈការជម្រុញ ការចុះបញ្ជីដីដែលរួមមានការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ការចុះបញ្ជីមានលក្ខណៈដាច់ដោយដុំ ការចុះបញ្ជីបំពេញបន្ថែម ការចុះបញ្ជីបន្ត ការចុះបញ្ជីសហគមន៍ជនជាតិដើមភាគតិច ការចុះបញ្ជីដីរដ្ឋ ព្រមទាំងផ្តល់ប័ណ្ណកម្មសិទ្ធិជូនអ្នកកាន់កាប់ដីដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់ត្រឹមត្រូវតាមលក្ខណៈច្បាប់។ ជាមួយ គ្នានេះដែរ ក៏បានដាក់ចេញនូវវិធានការទប់ស្កាត់ការចូលកាន់កាប់ដីរដ្ឋដោយខុសច្បាប់ និងបន្តពិនិត្យធ្វើ ប្រទានកម្មជូនប្រជាពលរដ្ឋ ដែលរស់នៅ និងអាស្រ័យផលជាក់ស្ដែងព្រមទាំងការជម្រុញ ការដោះស្រាយវិវាទដីធ្លី ក្រៅប្រព័ន្ធតុលាការ ការដោះស្រាយតាមរយៈគណៈកម្មការសុរិយោដីថ្នាក់ក្រុង ស្រុក ខេត្ត និងថ្នាក់ជាតិ។


ឯកឧត្តមបន្តថា កម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល នីតិកាលទី ៧ ក្រោមការដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធក៏ត្រូវបានកំណត់ជាអាទិភាព ហើយអាចដំណើរការបានដោយជោគជ័យអាស្រ័យដោយមានការចូលរួមអនុវត្តពីអាជ្ញាធរមូលដ្ឋាន បងប្អូនប្រជាពលរដ្ឋ និងគ្រប់ភាគីដែលពាក់ព័ន្ធ។ហើយ វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដែលពុកម៉ែទទួលបាននាពេលនេះ ពិតជាមានសារសំខាន់ណាស់សម្រាប់បងប្អូនដែលជាម្ចាស់កម្មសិទ្ធិ ដែលអាចបញ្ជាក់ពីសិទ្ធិស្របច្បាប់នៃការរស់នៅ និងកាន់កាប់ដីធ្លី ភាពច្បាស់លាស់នៃព្រំប្រទល់ដី លុបបំបាត់នូវវិវាទដីធ្លី អាចយកទៅតតាំងជាមួយតតិយជន អាចយកទៅដាក់បានប្រាក់(ខ្ចីប្រាក់) ពីគ្រឹះស្ថាន ហិរញ្ញវត្ថុ និងអាចយកទៅប្រើប្រាស់ផ្សេងៗ តាមដែលអាចធ្វើបាន៕