ឯកឧត្តម វ៉ាន់ សោភា អភិបាលរងខេត្ត តំណាងឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរីបានលើកឡើងថា អ្នកសារព័ត៌មានគឺជាអ្នកនាំពាក្យពីប្រជាពលរដ្ឋ ទៅកាន់រាជរដ្ឋាភិបាល និងពីរាជរដ្ឋាភិបាលមកកាន់ប្រជាពលរដ្ឋវិញ តាមរយៈប្រព័ន្ធផ្សព្វផ្សាយនានា។ ដូច្នេះអ្នកសារព័ត៌មានត្រូវបង្កើនទំនាក់ទំនងល្អជាមួយអាជ្ញាធរ មន្ត្រីមន្ទីរអង្គភាពជំនាញពាក់ព័ន្ធអោយបានល្អបន្ថែមទៀតដើម្បីឲ្យការចុះផ្សាយព័ត៌មាន មានលក្ខណៈច្បាស់លាស់ មានតម្លាភាព ប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៌ និងសម្បូរបែប។
ការលើកឡើងរបស់អភិបាលខេត្តរតនគិរីនេះធ្វើឡើងនៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ ក្នុងកិច្ចប្រជុំពិភាក្សា រវាងអង្គភាពពាក់ព័ន្ធ និងអ្នកសារព័ត៌មាន ក្រោមកិច្ចសហការជាមួយអង្គការជំនួយផ្នែកច្បាប់នៃកម្ពុជា និងមន្ទីរព័ត៌មានខេត្តរតនគិរីដែលបានរៀបចំធ្វើឡើងនៅសាលប្រជុំអគារBសាលាខេត្តរតនគិរី។
ថ្លែងក្នុងកិច្ចប្រជុំនេះផងដែរ លោក កុល ផាន់ណា ប្រធានមន្ទីរព័ត៌មានខេត្តរតនគិរី បានលើកឡើងថា នេះជាលើកទី៣ហើយដែលអង្គការជំនួយផ្នែកច្បាប់នៃកម្ពុជា និងមន្ទីរព័ត៌មានខេត្តរៀចំអោយមានកិច្ចប្រជុំពិភាក្សារវាងអង្គភាពពាក់ព័ន្ធ និងអ្នកសារព័ត៌មានក្នុងខេត្តរតនគិរី។លោកប្រធានមន្ទីរបញ្ជាក់ថា ការអនុវត្តច្បាប់ស្តីពីរបបសារព័ត៌មាននៅក្នុងខេត្តរតនគិរី កន្លងមក មានលក្ខណៈល្អប្រសើរ ។ហើយ អ្នកសារព័ត៌មានបានដើរតួយ៉ាងសំខាន់ក្នុងជួយកែលម្អចំណុចឆកល្វែងមួយចំនួន ទាក់ទងនឹងការអនុវត្តភារកិច្ចតួនាទី របស់មន្ត្រីក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ។ អ្នកសារព័ត៌មាន ប្រាប់ពីដំណឹង ឬហេតុការណ៍ផ្សេងៗ ដែលកើតមានឡើងក្នុងសង្គម ឱ្យប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាលបានដឹង ដើម្បីរកវិធីដោះស្រាយ និងធ្វើអន្តរាគមន៍បានទាន់ពេលវេលាតាមរយៈការផ្សព្វផ្សាយព័ត៌មានតាមវិទ្យុ ទូរទស្សន៍ ទស្សនាវដ្តី សារអេឡិចត្រូនិច និងបណ្តាញសង្គមជាដើម។ដូច្នេះអ្នកសារព័ត៌មានចំបាច់ត្រូវពង្រឹងសមត្ថភាព មានការគោរពច្បាប់ និងក្រមសីលធម៌វិជ្ជាជីវៈ ជាអ្នកសារព័ត៌មាន ដើម្បីរួមគ្នាលើកកំពស់វិស័យសារព័ត៌មានឲ្យមានភាពសុក្រិតយុត្តិធម៌ និង ត្រឹមត្រូវរាល់ពេលចុះផ្សាយព័ត៌មានស្របតាមច្បាប់ស្តីពីរបបសារព័ត៌មាន។
សូមបញ្ជាក់ថា ក្នុងកិច្ចសហការជាមួយសាលាខេត្តរតគិរី និងមន្ទីរពត៌មានខេត្តរតនគិរី អង្គការជំនួយ ផ្នែកច្បាប់នៃកម្ពុជា ដោយស្ថិតក្រោមគម្រោង ការផ្ដល់ការគាំទ្រផ្នែកច្បាប់ដល់អ្នកសារពត៌មាននៅកម្ពុជា បានអនុវត្តនូវសកម្មភាពគម្រោងរបស់ខ្លួន ដើម្បីលើកកម្ពស់ដល់សិទ្ធិសេរីភាព របស់អ្នកសារពត៌មានតាមរយៈការផ្តល់ការការពារផ្លូវច្បាប់ ការផ្តល់ការបណ្ដុះបណ្ដាលផ្នែកច្បាប់ស្តីពីរបបសារពត៌មាន និងច្បាប់ពាក់ព័ន្ធ ដល់អ្នកសារពត៌មាន ដើម្បីបង្កើនការយល់ដឹងផ្នែកច្បាប់ ក៏ដូចជារៀបចំកិច្ចប្រជុំពិភាក្សាអង្គភាពពាក់ព័ន្ធ និងអ្នកសារពត៌មានផងដែរ។
អង្គការជំនួយផ្នែកច្បាប់នៃកម្ពុជា រៀបចំកិច្ចប្រជុំពិភាក្សារវាងអង្គភាពពាក់ព័ន្ធ និងអ្នកសារពត៌មាននេះឡើង ក្នុងគោលបំណង (១)ដើម្បី បង្កើនការយល់ដឹងរបស់អង្គភាពពាក់ព័ន្ធ ដូចជាមន្ទីរពាក់ព័ន្ធនៅក្នុងខេត្ត អាជ្ញាធរមូលដ្ឋានក្នុងខេត្ត តំណាងអាយ្យការ និងតុលាការេខេត្ត ចំពោះតួនាទី និងសិទ្ធិរបស់អ្នកសារពត៌មាន (២)ក៏ដូចជាធ្វើឪ្យប្រសើរឡើងនូវការទំនាក់ទំនងរវាងពួកគាត់ ក្នុងការងាររាយការណ៏ពត៌ មាន និងស្វែងរកពត៌មាន និងជួយសម្រួលដល់ពួកគាត់ ក្នុងការទទួលបានពត៌មាន។ (៣)។លើសពីនេះទៀត កិច្ចប្រជុំពិភាក្សានេះ ក៏មាន បំណងផ្ដល់ដល់អ្នកសារពត៌មាននូវវេទិកាឬឪកាសមួយសម្រាប់ពួកគាត់ ក្នុងការលើកឡើងនូវបញ្ហាប្រឈម ក៏ដូចជាការលំបាក ដែល គាត់ជួបប្រទះកន្លងមក ដើម្បីលើកឡើង និងឆ្លើយតបឬដំណោះស្រាយពីអង្គភាពពាក់ព័ន្ធនានា ដែលមានវត្តមានក្នុងកិច្ចប្រជុំពិភាក្សានេះផងដែរ៕
No comments:
Post a Comment