ឯកឧត្តម គិត ទ្រី សមាជិករដ្ឋសភា និងជាអ្នកតំណាងរាស្រ្ត មណ្ឌលរតនគិរី នៅព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤នេះបាន នាំយកទៀនព្រះវស្សា ទេយ្យវត្ថុ ទេយ្យទានមួយចំនួននិងបច្ច័យ ប្រគេនព្រះសង្ឃចំនួន២គឺ វត្តអារញ្ញារាម ស្ថិតភូមិលំផាត់ ឃុំជ័យឧត្តម ស្រុកលំផាត់ និងវត្តឧត្តមរតនារាម ហៅវត្តអូរចេង ស្ថិតក្នុងភូមិតាអង ឃុំតាអង ស្រុកកូនមុំ ខេត្តរតនគិរី។
ក្នុងឱកាសនោះ ឯកឧត្តម គិត ទ្រី បានមានប្រសាសន៍ថា៖ ទៀនព្រះវស្សា និងទេយ្យវត្ថុដែលនាំមកប្រគេនព្រះសង្ឃនាពេលនេះ គឺសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃរបស់ព្រះសង្ឃ ក្នុងរយៈពេលគង់ចាំព្រះវស្សាអស់ត្រីមាស នៅតាមទីវត្តអារាមនានា ដែលព្រះសង្ឃមិនអាចនិមន្តចេញទៅបិណ្ឌបាត្របាន ដោយរដូវវស្សាមានភ្លៀងធ្លាក់ជោគជាំ និងដើម្បីឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធ ជីដូនជីតា ញាតិការទាំង៧សណ្តាន និងជូនដល់វិញ្ញាណក្ខន្ធបុព្វបរុសខ្មែរ យុទ្ធជន យុទ្ធនារីខ្មែរ ទាំងឡាយ ដែលបានពលីជីវិតក្នុងបុព្វហេតុជាតិឱ្យបានទៅកាន់សុគតិភព និងចាប់បដិសន្ឋិនៅទីឋានដ៏គាប់ប្រសើរ ។ ឯកឧត្តមបន្តថា៖ ដោយឡែកសម្រាប់ប្រជាពលរដ្ឋ និងពុទ្ធបរិស័ទ បានចាត់ទុកទីវត្តអារាម គឺមិនត្រឹមតែបម្រើវិស័យសាសនាប៉ុណ្ណោះទេ វាគឺជាទីកន្លែងសក្ការៈបូជារបស់បងប្អូនពុទ្ធបរិស័ទថែមទៀត គឺជាទីកន្លែងដែលប្រមូលផ្តុំនូវវប្បធម៌ និងជាថ្នាលបណ្តុះបណ្តាលធនធានមនុស្សជាជង្រុក នៃមូលដ្ឋានគ្រឹះអក្សរសាស្ត្រជាតិ អរិយធម៌ វប្បធម៌ខ្មែរយើងយ៉ាងពិតប្រាកដមិនអាចខ្វះបានឡើយ ។
ទេយ្យទាន ដែលឯកឧត្តម តំណាងរាស្រ្តនាំយកមកប្រគេនព្រះសង្ឃក្នុងវត្តទាំងពីរគឺ៖ ក្នុង១វត្ត អង្គរ១០០គីឡូក្រាម មី៤កេស ទឹកសុទ្ធ៣កេស ទឹកត្រី២យួរ ទឹកសុីអុីវ ២យួរ ត្រីខ ២យួរ ទឹកផ្លែឈើ២កេស ទៀន ១គូរនិងបច្ច័យមួយចំនួនផងដែរ៕
No comments:
Post a Comment