ការលើកឡើង របស់លោកជំទាវ ញាន ទិត្យចិន្តា អភិបាលរងខេត្តរតនគិរី យ៉ាងដូច្នេះ ធ្វើឡើងនៅក្នុងពិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្តរបស់ដែលរៀបចំដោយមន្ទីរពេទ្យបង្អែកខេត្តរតនគិរី ព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រោមប្រធានបទ “ ផ្តល់ឈាម ផ្តល់សេចក្តី ស្រឡាញ់ “ ។
លោក ជំទាវ អភិបាលរងខេត្តបន្តថា ការបរិច្ចាគឈាម គឺជាការបង្ហាញពីទឹកចិត្តការស្រឡាញ់ ការជួយសង្គ្រោះអាយុជីវិតទៅកាន់អ្នកជំងឺដែលត្រូវការឈាមជាចាំបាច់។ អ្នកផ្តល់ឈាមទាំងអស់ គឺជាវីរៈបុរស វីរៈនារី ហើយការផ្តល់ឈាម គឺជាការធ្វើអំពើល្អ ផ្តល់នូវទឹកចិត្តក្តីមេត្តា សូមចងចាំថាការបរិច្ចាគឈាមមិនប៉ះពាល់ដល់សុខភាពទេ ហើយឈាមមានប្រភពតែមួយគត់ គឺពីមនុស្ស មិនមានរោងចក្រណាអាចផលិតបានទេ។ដូច្នេះយើងទាំងអស់គ្នាត្រូវ បង្កើតទម្លាប់ និងវប្បធម៌នៃការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត និងជំរុញលើកកម្ពស់ឱ្យយុវជនប្រជាជនទូទៅក្នុងខេត្តចូលរួមធ្វើសកម្មភាពជាមួយការផ្តល់ឈាម ដើម្បីធានាឱ្យមានការផ្តត់ផ្គង់ឈាមគ្រប់គ្រាន់សម្រាប់អ្នកជំងឺដែលកំពុងត្រូវការឈាមនៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរី។
លោកជំទាវ ញាន ទិត្យចិន្តា បានបញ្ជាក់បន្ថែមថា ថ្ងៃ ១៤ កុម្ភៈ មិនមែនជាប្រពៃណីខ្មែរទេ ដូច្នេះសូមយុវជនយើងកុំមានការភ្លើតភ្លើនយកប្រពៃណីបរទេសមកប្រព្រឹត្តមិនគប្បី ប្រាសចាកទៅនិងប្រពៃណីទំនៀមទំលាប់ របស់ខ្មែរយើង។ ផ្ទុយទៅវិញត្រូវយកថ្ងៃទិវា នៃសេចក្តីស្រឡាញ់នេះ ទៅជាការគោរពស្រឡាញ់ឪពុកម្តាយ បងប្អូន មិត្តភ័ក្រ ពិសេសត្រូវចូលរួមធ្វើអំពើល្អ ដូចជាការបរិច្ចាគឈាមសង្រ្គោះអាយុ ជីវិតអ្នកជំងឺទើបជាការប្រសើរ។
ក្នុងឱកាសនេះលោក វេជ្ជៈបណ្ឌិត អូន សាវុធ ប្រធានមន្ទីរពេទ្យបង្អែកខេត្តរតនគិរី បានអោយដឹងថា នៅឆ្នាំ២០២៤ មន្ទីរពេទ្យបង្អែកខេត្តរតនគិរីទទួលបានឈាមពីការបរិច្ចាគជាង៦០០ប្លោក។ ហើយឈាមជាង៦០០ប្លោកនោះមន្ទីរពេទ្យបានប្រើប្រាស់ជួយសង្គ្រោះអ្នកជំងឺអស់ហើយដែរ។ បច្ចុប្បន្ននៅមន្ទីរពេទ្យកំពុងមានការកើនឡើងអ្នកជំងឺដូច្នេះមន្ទីរពេទ្យកំពុងត្រូវការឈាម។ លោកថា ការចូលរួមបរិច្ចាគឈាមដោយស្មគ្រ័ចិត្តក្នុងឱកាសទិវា នៃសេចក្តីស្រឡាញ់ថ្ងៃទី ១៤ កុម្ភៈនេះ គឺដើម្បីជួយសង្រ្គោះអាយុជីវិតអ្នកជំងឺដែលត្រូវការឈាម ជាចាំបាច់ ជួយដល់ជនក្រីក្រដែលជួបការលំបាក ដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យក៏ដូចជាបានចូលរួមចំណែកជួយដល់សង្គមលើការងារមនុស្សធម៌។ តាមរយៈនេះលោក វេជ្ជៈបណ្ឌិត អូន សាវុធ បានក៏អំពាវនាវ ដល់ពុកម៉ែបងប្អូនប្រជាពលរដ្ឋក្នុងខេត្តសូមមេត្តាចូលរួមចែករំលែកទាំងអស់គ្នា តាមរយៈ យុទ្ធនាការ “ ចាស់អ្នក ថ្មីខ្ញុំ “ខាងមន្ទីរពេទ្យបង្អែកខេត្ត នឹងរង់ចាំទទួលការចែករំលែកពីដល់ពុកម៉ែបងប្អូនប្រជាពលរដ្ឋយើង។ហើយរបស់របរ បានមកពីចែករំលែកមន្ទ្ទីរពេទ្យ នឹងយកទៅចែករំលែកដល់អ្នកជំងឺ ដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យបន្ត៕
No comments:
Post a Comment