តាកែវ៖ នាព្រឹកថ្ងៃចន្ទ ទី២៨ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ បានអញ្ជើញនាំយកអំណោយមនុស្សរបស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា មកចែកជូនបងប្អូនប្រជាពលរដ្ឋ ចំនួន ១៧៩គ្រួសារ មកពីឃុំចំនួន៥ ក្នុងស្រុកបាទី ដែលរងគ្រោះថ្នាក់ដោយសារគ្រោះធម្មជាតិ ខ្យល់កន្ត្រាក់ កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ កន្លងទៅថ្មីៗនេះ។
មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ ឯកឧត្តម វ៉ី សំណាង បានពាំនាំនូវការចូលរួមសោកស្ដាយ និងផ្ដាំការ សាកសួរសុខទុក្ខ ពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និង លោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នីជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលរងគ្រោះដោយសារគ្រោះថ្នាក់ធម្មជាតិ។
សូមជម្រាបជូនដែរថា កាលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល ១៥:៣០នាទីរសៀល ស្រុកបាទី មានភ្លៀងធ្លាក់លាយឡំជាមួយខ្យល់កន្រ្តាក់បានធ្វើឱ្យប៉ះពាល់ និងខូចខាតផ្ទះសំបែង របស់ប្រជាពលរដ្ឋមានចំនួន ៥ឃុំ និង ១៩ភូមិ សរុបចំនួន១៧៩ខ្នងផ្ទះ ក្នុងនោះប៉ះពាល់ស្រាល ៧៨ខ្នងផ្ទះ ប៉ះពាល់មធ្យម ៨៧ខ្នងផ្ទះ រលំទាំងស្រុង ១៣ខ្នងផ្ទះ ក្នុងនោះ៖ ឃុំចំប៉ី មានចំនួន ៤ភូមិសរុបខ្នងផ្ទះ ៤៣ខ្នងផ្ទះ ស្រាល ១៨ខ្នងផ្ទះ មធ្យម ២០ខ្នងផ្ទះ និងទាំងស្រុង ៥ខ្នងផ្ទះ។ ឃុំដូង មានចំនួន ៦ភូមិ សរុបខ្នងផ្ទះ ៨៨ខ្នងផ្ទះស្រាល ២៤ខ្នងផ្ទះ មធ្យម ៦០ខ្នងផ្ទះ និង ទាំងស្រុង ៤ខ្នងផ្ទះ។ ឃុំលំពង់ មានចំនួន ១ភូមិ សរុបខ្នងផ្ទះ ៥ខ្នងផ្ទះ ស្រាល ២ខ្នងផ្ទះ មធ្យម៣ខ្នងផ្ទះ។ ឃុំត្នោត មានចំនួន ៦ភូមិ សរុបខ្នងផ្ទះ ១៩ខ្នងផ្ទះ ស្រាល ១៥ខ្នងផ្ទះ មធ្យម ៤ខ្នងផ្ទះ និងឃុំតាំងដូង មានចំនួន ២ភូមិ សរុបខ្នងផ្ទះ ២៣ខ្នងផ្ទះ ស្រាល ១៩ខ្នងផ្ទះ ម និងទាំងស្រុង ៤ខ្នងផ្ទះ៕
ប្រភព៖ រដ្ឋបាលខេត្តតាកែវ
No comments:
Post a Comment