នៅព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយក នៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច ក្រសួងការពារជាតិ និងជាមេបញ្ជាការរងកងទ័ពជើងគោក អញ្ជើញដឹកនាំគណៈប្រតិភូសំណេះសំណាលសួរសុខទុក្ខនាយនាយនាវី និងពលនាវិក កងការពារកោះពូលូវ៉ៃលេខ៥ បញ្ជាការដ្ឋានការពារកោះឆ្នេរ ដោយមានការចូលរួមពីឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ប្រតិភូក្រសួងការពារជាតិ លោកអភិបាលរងខេត្ត លោកអភិបាលក្រុង និងប្រធានមន្ទីរ អង្គភាពក្នុងខេត្តព្រះសីហនុ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយក នៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច ក្រសួងការពារជាតិ និងជាមេបញ្ជាការរងកងទ័ពជើងគោកបានបញ្ជាក់ថា ថ្ងៃនេះយើងបានមកជួបជុំគ្នានៅកោះពូលូវ៉ៃ ហើយក៏ជាលើកទី១សម្រាប់រូបខ្ញុំផងដែរ ដើម្បីចូលរួមសំណេះសំណាលសាកសួរសុខទុក្ខ និងស្វែងយល់ពីតម្រូវការ និងសំណូមពរមួយចំនួនរបស់នាយ នាយនាវី និងពលនាវិករបស់យើងដែលឈរជើងការពារនៅតាមតំបន់កោះក្នុងព្រះរាជាណាចក្រកម្ពុជា ពិសេសនៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ។ ទន្ទឹមនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត ក៏បានថ្លែងអំណរគុណដល់បងប្អូនសប្បុរសជនដែលបានចូលរួមជាមួយរាជរដ្ឋាភិបាល ក៏ដូចជារដ្ឋបាលខេត្តព្រះសីហនុ ក្នុងការជួយឧបត្ថម្ភគាំទ្រដល់វីរកងទ័ពរបស់យើងដែលឈរជើងនៅតាមបណ្តាកោះក្នុងខេត្តព្រះសីហនុ ព្រោះយើងក៏ត្រូវការគិតគូរពីតម្រូវការចាំបាច់សម្រាប់កងទ័ពដែលនៅតាមតំបន់ដាច់ស្រយាលផងដែរ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត ក៏បានថ្លែងអំណរគុណ ឯកឧត្តម អភិបាលខេត្តព្រះសីហនុ និងប្រតិភូ ដែលបានចូលរួមចុះសួរសុខទុក្ខបងប្អូនកងទ័ព និងគ្រួសារកងទ័ពរបស់យើងនាពេលនេះ ព្រមទាំងបាននាំយកអំណោយជាថវិកា និងសម្ភារៈមួយចំនួនឧបត្ថម្ភជូនកងទ័ពដែលប្រចាំការនៅតាមតំបន់កោះក្នុងខេត្តព្រះសីហនុនាពេលនេះ ដែលជាការបូកបញ្ចូលគ្នាបានកាន់តែច្រើនបន្ថែមទៀតក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងឈានចូលមកដល់នៅថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៥ខាងមុខនេះ។
ឯកឧត្តម ក៏បានរំលេចពីវីរភាពអង់អាចក្លាហានរបស់វីរយុទ្ធជនរបស់យើងដែលបានលះបង់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតីក្នុងកិច្ចការការពារជាតិមាតុភូមិរបស់កម្ពុជាបានរឹងមាំ ទន្ទឹមនឹងកិច្ចការពារជាតិមាតុភូមិ នាយនាវី និងពលនាវិករបស់យើងបានកសាងនូវហេដ្ឋារចនាសម្ព័ន្ធជម្រកស្នាក់នៅក្នុងមូលដ្ឋានមានការរីកចម្រើនរហូតមកដល់សព្វថ្ងៃនេះ ដែលកាលពីឆ្នាំ២០០៨ មូលដ្ឋានរបស់យើងមិនមានការវិវឌ្ឍរីកចម្រើនដូចបច្ចុប្បន្ននេះទេ យើងក៏ត្រូវបំពាក់មធ្យោបាយធ្វើដំណើរមកកាន់តំបន់កោះរបស់យើងឱ្យកាន់តែមានភាពងាយស្រួលបន្ថែមទៀតនៅពេលខាងមុខ។ ម្យ៉ាងទៀតយើងក៏ត្រូវពង្រឹងចំណេះដឹង ជំនាញបច្ចេកទេស ជាពិសេសបន្តហ្វឹកហ្វឺនដល់នាយ នាយរង និងពលនាវិករបស់យើងនូវយុទ្ធវិធី និងវិធីសាស្ត្រនានាឪ្យបានជាប់ជាប្រចាំ ព្រោះកោះពូលូវ៉ៃរបស់យើងជាទីតាំងជួរមុខក្នុងកិច្ចការពារមាតុភូមិកម្ពុជា មិនឱ្យមានប្រទេសណាមួយចូលមកក្នុងដែនទឹក នៃព្រះរាជាណាចក្រកម្ពុជាយើងបាននោះទេ និងសូមជូនពរដល់នាយ នាយរង ពលនាវិក និងក្រុមគ្រួសារកងទ័ពទាំងអស់ទទួលបានសេចក្តីសុខ សិរីសួស្តី ជ័យមង្គលក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខគ្រប់ក្រុមគ្រួសារ។
ក្នុងពិធីសំណេះសំណាលជាមួយកងកម្លាំងប្រចាំការនៅកោះពូលូវៃ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ រដ្ឋបាលខេត្តព្រះសីហនុ ក៏បាននាំយកថវិកា និងសម្ភារៈមួយចំនួនឧបត្ថម្ភមានដូចជា ថវិកា ក្នុងនោះ៖ ១-បញ្ជាការដ្ឋានការពារកោះឆ្នេរ ១០,០០០,០០០រៀល ២-កងការពារកោះពូលូវ៉ៃលេខ៥ ១០,០០០,០០០រៀល ៣-យោធិនឈរជើងកោះពូលូវ៉ៃលេខ៥ ចំនួន ៦៦នាក់ ក្នុងម្នាក់ ១០០.០០រៀល ៤-កងការពារកោះរ៉ុងលេខ១ ចំនួន ៣៧នាក់ ក្នុងម្នាក់ ១០០.០០រៀល ៥-កងការពារកោះតាងលេខ៣ ចំនួន ៤២នាក់ ក្នុងម្នាក់ ១០០.០០០រៀល ៦-កងការពារកោះរ៉ុងសន្លឹមលេខ៤ ចំនួន ៤២នាក់ ក្នុងម្នាក់ ១០០.០០០រៀល ៧-គ្រួសារកងទ័ពចំនួន ៩នាក់ ក្នុងម្នាក់ ១០០.០០០រៀល ព្រមទាំងគ្រឿងឧបភោគ បរិភោគមានដូចជា៖ ១.ត្រីឆ្លើចំនួន ១០០គីឡូក្រាម ២.ត្រីងៀតចំនួន ១០០គីឡូក្រាម ៣.ផ្អកចំនួន ៥០គីឡូក្រាម ៤.ប្រហុកចំនួន ៥០គីឡូក្រាម ៥.មីកំប៉ុងចំនួន ១០កេសធំ ៦.ត្រីខកំប៉ុងចំនួន ៥កេសធំ ៧.ស្រាបៀរចំនួន ១៦០កេស និងមានថវិកា និងសម្ភារៈរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយក នៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ចក្រសួងការពារជាតិ និងជាមេបញ្ជាការរងកងទ័ពជើងគោក មួយចំនួនបន្ថែមទៀតផងដែរ៕
No comments:
Post a Comment