ព្រឹកថ្ងៃអង្គារ ២រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម វ៉ា ថន អភិបាលខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី១២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តក្រចេះ ។
ឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត បានចូលរួមអបអរសាទរ និងកោតសរសើរវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ទីរអង្គភាពពាក់ព័ន្ធ ជាពិសេសគឺរដ្ឋបាលខេត្ត ដែលមានឯកឧត្តម វ៉ា ថន អភិបាលខេត្ត បានដឹកនាំរៀបចំនូវសង្រ្កាន្តឆ្នាំថ្មីនៅទីរួមខេត្ត និងស្រុកមួយចំនួន ដែលជាការទាក់ទាញចាប់អារម្មណ៍ពីបងប្អូនប្រជាពលរដ្ឋ ក្នុងការមកចូលរួមលេងកម្សាន្ត និងបានផ្សព្វផ្សាយទៅលើបណ្តាញសង្គម អំពីសមិទ្ធផលរបស់ខេត្ត និងការខិតខំរបស់រដ្ឋបាលខេត្ត ។
បន្ថែមពីនោះ គឺការទន្ទឹងរងចាំរួមនិងក្តីសង្ឃឹមរបស់បងប្អូន ក្នុងការកាត់បន្ថយចំណាយ ពន្លឿនការធ្វើដំណើរប្រកបដោយសុវត្ថិភាព គឺគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ សម្រេចបានលទ្ធផលប្រមាណ ជាង៩៥.៩៣%ហើយ នឹងគ្រោងដាក់ដំណើរការបណ្តុះអាសន្ននាពេលខាងមុខនេះ ក្នុងពិធីបុណ្យជាតិភ្ជុំបិណ្ឌ ។
ឯកឧត្តមបន្តថា ៖ ជាភ័ព្វសំណាងរបស់ប្រជាពលរដ្ឋ និងខេត្តក្រចេះ ក្នុងចំណោមខេត្ត ៤ ស្ថិតក្នុងកម្មវិធីពិសេសអភិវឌ្ឍន៍ប៉ែកឦសាន្ត រាជរដ្ឋាភិបាលនិងរៀបចំធ្វើការអភិវឌ្ឍន៍ខេត្ត ឱ្យមានភាពទាក់ទាញអ្នកវិនិយោគ ដើម្បីបង្កើតការងារ បង្កើសេដ្ឋកិច្ច និងទាក់ទាញភ្ញៀវទេសចរណ៍មកកម្សាន្ត ។
ទន្ទឹមនឹងការអភិវឌ្ឍន៍រីកចម្រើន ក្រោមគោលនយោបាយដឹកនាំរបស់រាជរដ្ឋាភិបាល ឯកឧត្តម ប្រធាក្រុមប្រឹក្សាខេត្ត ក៏បានស្នើដល់បងប្អូនសូមប្រុងប្រយ័ត្នលើបញ្ហាសុខភាព និងការប្រែប្រួលអាការធាតុ ក្នុងរដូវវស្សាមានព្យុះ ភ្លៀង រន្ទះ ត្រូវបង្កើនការផ្សព្វផ្សាយពីវិធានការប្រុងប្រយ័ត្នផងដែរ ៕
No comments:
Post a Comment