តាកែវ៖ រដ្ឋបាលខេត្តតាកែវ នៅព្រឹកថ្ងៃពុធ ទី១៤ ខែឧសភា ឆ្នាំ២០២៥នេះ បានរៀបចំព្រះរាជពិធីចម្រើនព្រះជន្ម ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា គម្រប់ព្រះជន្ម៧២ យាងចូល៧៣ព្រះវស្សា នៅសួនច្បារបឹងតាកែវ។
ពិធីនេះធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ ព្រមទាំងបានការនិមន្ត និងអញ្ជើញចូលរួមពីលោក-លោកស្រីជាសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ថ្នាក់ដឹកនាំ មន្ត្រីរាជការតាមមន្ទីរ អង្គភាព ក្រុង ស្រុក ព្រមទាំងយុវជន សិស្សានុសិស្សយ៉ាងច្រើនកុះករ។
នៅក្នុងឱកាសនោះឯកឧត្តម វ៉ី សំណាង បានអានបានសារលិខិតថ្វាយព្រះពរ របស់រដ្ឋបាលខេត្តថា ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នាជាសមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ លោកគ្រូអ្នកគ្រូ សិស្សនិស្សិតព្រមទាំងប្រជានុរាស្រ្តទាំងអស់ទូទាំងខេត្តតាកែវ សូមព្រះបរមរាជាអនុញ្ញាតថ្វាយនូវអភិវន្ធនកិច្ចនិងសូមថ្វាយនូវព្រះសព្វសាធុការពជ័យ បវរសួស្ដី សេរីមង្គលវិបុលសុខមហាប្រសើរគ្រប់ប្រការថ្វាយព្រះករុណាជាអង្គម្ចាស់ជីវិតជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតសូមព្រះអង្គទ្រង់ ប្រកបដោយព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះបញ្ញាញាណភ្លឺថ្លា ព្រះជន្មាយឺនយូរជាងរយព្រះវស្សា និងចាកផុតពីរោគាព្យាធិនានាដើម្បីព្រះអង្គគង់ប្រថាប់ក្នុងសេរីរាជ្យសម្បត្តិ និងជាម្លប់ដ៏ត្រជាក់ត្រជុំរបស់ប្រជារាស្រ្តរបស់ព្រះអង្គជាអង្វែងតទៅ។
ឯកឧត្តមអភិបាលខេត្តបានថ្លែងបន្តថា ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នាសូមព្រះបរមរាជាអនុញ្ញាតដ៏ខ្ពង់ខ្ពស់បំផុត ក្រាបថ្វាយនៅកតញ្ញូតាធម៌និងកត្តវេទិកាធម៌យ៉ាងជ្រាលជ្រៅបំផុតចំពោះព្រះរាជបញ្ញាញាណនិងព្រះរាជកម្មសកម្មភាពដ៏ឧត្តុងឧត្តមថ្លៃថ្លារបស់ព្រះករុណាជាអម្ចាស់ក្នុងការជម្រុញអភិវឌ្ឍន៍ប្រទេសជាតិលើគ្រប់វិស័យ ទាំងវិស័យសេដ្ឋកិច្ច សង្គមកិច្ច ការទួត សាសនា អប់រំសិក្សាធិការវប្បធម៌ មនុស្សធម៌ ជីវភាពរស់នៅរបស់ប្រជានុរាស្រ្តក្នុងម្លប់នៃសន្តិភាពឱ្យរឹងរឹតតែមានភាពរីកចម្រើនជឿនលឿនប្រកបដោយសេចក្ដីសុខក្សេមក្សាន្តចំរុងចម្រើន និងរុងរឿង។
ឯកឧត្តមអភិបាលខេត្ត វ៉ី សំណាង ក៍បានលើកឡើងពីទឹកចិត្តស្វាមីភក្តិនិងដង្ហែតាមព្រះរាជមាគ៌ានយោបាយដ៍ភ្លឺស្វាងពោពេញដោយព្រះរាជគតិបណ្ឌិតរបស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងសម្រាប់ជានិមិត្តរូបនៃឯករាជ្យភាព អធិបតេយ្យភាព វឌ្ឍនភាព និងបូរណភាពទឹកដីនៃព្រះរាជណាចក្រកម្ពុជា៕
No comments:
Post a Comment