នារសៀលថ្ងៃអង្គារ ៩ រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី ២០ ខែឧសភា ឆ្នាំ២០២៥ នៅទីស្នាក់ការសាខា ឯកឧត្តម ញ៉ែម សំអឿន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី បានអញ្ជើញដឹកនាំគណៈប្រតិភូសាខា ទទួលជួបសំណេះសំណាល និងទទួលថវិកាចំនួន ២០.០០០.០០០ រៀល (ម្ភៃលានរៀល) របស់អង្គភាពអគ្គិសនីរតនគិរី ដឹកនាំដោយ លោក ហេង ពិសិដ្ឋ ប្រធានអង្គភាពអគ្គិសនីរតនគិរី ក្នុងឱកាសអបអរសាទរខួបទី ១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រម ៨ ឧសភា ២០២៥ ក្រោមប្រធានបទ «រួមគ្នាស្ម័គ្រចិត្តដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ»
ក្នុងឱកាសនោះ ឯកឧត្តម ញ៉ែម សំអឿន ប្រធានគណៈកម្មាធិការសាខា បានសំណេះសំណាលសួរសុខទុក្ខ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ អង្គភាពអគ្គិសនីរតនគិរី ដែលតែងតែបានចូលរួមបរិច្ចាគថវិកា ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី ដោយសទ្ធាជ្រះថ្លា និងតាមការស្ម័គ្រចិត្តជាបន្តបន្ទាប់ ក៏ដូចជាតែងតែចូលរួមវិភាគទានក្នុងកម្មវិធីសប្បុរសធម៌ជាច្រើនទាំងក្នុងការងារសង្គម និងជាមួយរដ្ឋបាលខេត្ត ដែលទាំងនេះបានឆ្លុះបញ្ចាំងពីការចូលរួមប្រកបដោយឆន្ទៈនិងបេះដូងមនុស្សធម៌ពិតៗរបស់អង្គភាពអគ្គិសនីរតនគិរី ក្នុងការជួយដល់សង្គមជាតិរបស់យើង។
សូមជម្រាបថា សម្រាប់សប្បុរសជនគ្រប់មជ្ឈដ្ឋាន ដែលមានសទ្ធាជ្រះថ្លា ចូលរួមបរិច្ចាគថវិកាជូន សាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី ក្នុងឱកាសខួបលើកទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៥ ដើម្បីសាខាមានធនធាន បន្តផ្តល់សេវាកម្មមនុស្សធម៌ ដោះស្រាយបញ្ហាប្រឈមនានា បន្តពង្រឹងភាពធន់សហគមន៍ និងជួយសម្រាលទុក្ខលំបាកប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត តាមគោលការណ៍គ្រឹះរបស់ចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម សូមអញ្ជើញចូលរួមបរិច្ចាគផ្ទាល់ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី ដោយមានក្រុមការងាររងចាំទទួលមូលនិធិរបស់សប្បុរសជនជារៀងរាល់ចាប់ពីពេលនេះ តទៅ ឬតាមរយៈគណនីរធនាគារអេស៊ីលីដាៈ
-ប្រាក់ដុល្លារៈ CRC-Rattanakiri Branch I (2600 10 789289 17)
-ប្រាក់រៀលៈ CRC-Rattanakiri Branch II (2600 04 407384 11)
No comments:
Post a Comment