ខេត្តត្បូងឃ្មុំ៖ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩នេះ លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយស្រុកត្បូងឃ្មុំ ស្រុកមេមត់ ស្រុកក្រូចឆ្មា និងក្រុងសួង ខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីក្នុងពិធីប្រារព្ធខួប ៦៨ឆ្នាំ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០១៩) ដោយមានសមាជិកសមាជិការគណបក្សចូលរួមចំនួនប្រមាណ ៥១០០នាក់ ក្នុងនោះក៏បានប្រកាសទទួលស្គាល់សមាជិកគណបក្សប្រជាជនថ្មីចំនួន   ៤៦៤១នាក់។

ដែលពិធីនេះ ធ្វើឡើងនាពេលព្រឹក នៅស្នាក់ការគណបក្សប្រជាជនមេមត់ ប្រកាសសមាជិកថ្មីទូទាំងស្រុកចំនួន ១៤៩៣នាក់។ ចំណែកពេលរសៀល ធ្វើឡើងនៅស្នាក់ការគណបក្សប្រជាជនស្រុកត្បូងឃ្មុំ ក្នុងនោះប្រកាសសមាជិកថ្មីទូទាំងស្រុកត្បូងឃ្មុំ ចំនួន ១៨២៥នាក់ ស្រុកក្រូចឆ្មារ ចំនួន ៨២៦នាក់ និងក្រុងសួង ចំនួន ៥០៣នាក់។

ថ្លែងទៅកាន់សមាជិក-សមាជិកាទាំងអស់ នាឪកាសនោះ លោក ជា សុផារ៉ា ប្រធានក្រុមការងារ បានថ្លែងថា គណបក្សប្រជាជនកម្ពុជា ជាគណបក្សនយោបាយដ៏ធំ និងរឹងមាំបំផុតនៅក្នុងប្រទេសកម្ពុជា ហើយក៏ជាគណបក្សតែមួយគត់ ដែលបានរំដោះអាយុជីវិតពលរដ្ឋរាប់លាននាក់ឱ្យរួចចាកផុតពីវាលពិឃាត កាលពីថ្ងៃទី ៧ មករា ១៩៧៩។

លោកបានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា មានលោកហ៊ុន សែន ជាប្រធានបក្ស និងជានាយករដ្ឋមន្ត្រី ដឹកនាំប្រទេសកម្ពុជា បានរួមសុខរួមទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋរយៈពេលជាយូរមកហើយ ហើយនឹងនៅបន្តនៅជាប់ជាមួយប្រជាជនយូរអង្វែងទៅមុខទៀត ដើម្បីថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ។

លោក បន្ថែមថា គណបក្សប្រជាជនកម្ពុជា បានពុះពារឆ្លងកាត់រាល់ឧបសគ្គច្រើនរាប់មិនអស់ នៅលើកំណាត់ផ្លូវយ៉ាងវែង និងបត់បែនបំផុតនៃប្រវត្តិសាស្ត្រកម្ពុជា រហូតធ្វើឱ្យប្រទេសជាតិ និងប្រជាជនទទួលបានសន្តិភាព និងមានការអភិវឌ្ឍនាពេលបច្ចុប្បន្ន។

ស្ថិតក្នុងឱកាសនោះ ថ្នាក់ដឹកនាំ និងសមាជិកសមាជិកាទាំងអស់ បានសម្តែងនូវក្តីរំបភើប សោមនស្សរីករាយ ដែលបានអញ្ជើញចូលរួម ក្នុងពិធីអបអរសាទរនៃខួប ៦៨ឆ្នាំ ថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា ដែលជាប្រវត្តិសាស្រ្តនាពេលនេះ និងប្តេជ្ញាបន្តបោះឆ្នោតគាំទ្រគណបក្សប្រជាជនតែមួយគត់ ពិសេសបន្តគាំទ្រលោក នាយករដ្ឋមន្ត្រី ហ៊ុនសែន ជាប្រមុខដឹកនាំកម្ពុជា រួមសុខរួមទុក្ខ រួមសាមគ្គីជាមួយលោក ពោលគឺប្រជាជន នៅជាមួយគណបក្សប្រជាជន៕