ខេត្តមណ្ឌលគិរី៖ យ៉ាងហោចណាស់ក៏មានមនុស្សប្រុសស្រីចំនួន៣នាក់ត្រូវបានរងរបួសក្នុងចំណោមអ្នកដំណើរចំនួន១៣នាក់ ក្នុងហេតុការណ៍ក្រឡាប់​ឡាន​ក្រុងរបស់ក្រុមហ៊ុនរតនៈសម្បត្តិ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩នេះ នៅលើដងផ្លូវជាតិលេខ៧៦ ចន្លោះkm129និង130 ស្ថិតក្នុងភូមិពូលូង សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មានករណីគ្រោះថ្នាក់​ចរាចរណ៍​១ករណីបានកើតឡើង គឺរថយន្តក្រុងរបស់ក្រុមហ៊ុនរតនៈសម្បត្តិ ក្រឡាប់ខ្លួនឯង ។

ប្រភពបន្តថា មូលហេតុបណ្ដាលមកពី​​អាកាស​​ធាតុ​មេឃភ្លៀងនិងចុះអ័ព្វ ក្នុងនោះមានមនុស្សជិះចំនួន១៣នាក់ រងបួស០៣នាក់ និងខូចប្រឡាយ​ទឹកបណ្ដោះទឹកប្រវែង​៣០ម៉ែត បាក់បង្គោលស្លាកសញ្ញាអស់២ដើម។ អ្នកបើកបរថយន្តឈ្មោះ ឈុន ចំរើន ភេទប្រុស​ អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ រស់នៅភូមិរណេល ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប(គេចខ្លួនបាត់)កម្លាំងជំនាញកំពុងស្រាវជ្រាវចាប់ឃាត់ខ្លួន។

អ្នករបួសរួមមាន៖
១-ឈ្មោះ ឆេង គឹមស្រន ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរសញ្ជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិកេត ឃុំញ៉ាង ស្រុកអណ្តូងមាស ខេត្តរនគិរី រងរបួសបែកក្បាល​ជង្គុងទាំង២​ ហើយចុក​ដើម​ទ្រូង​ និង​រលាត់ដៃជើង។
២-ឈ្មោះ ងន សាងហ៊ីម ភេទស្រី អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរកសិករ រងរបួសចាស់កន្លែងបាក់ភ្លៅឆ្វេងហើម។
៣-ឈ្មោះ ស្រែង គឹមសាន ភេទប្រុស អាយុ០៨ខែ​ ជន​ជាតិខ្មែរ មុខរបរក្នុងបន្ទុក រស់នៅភូមិឃុំជាមួយគ្នាខាងលើ។

បច្ចុប្បន្នជនរងគ្រោះសម្រាក់ព្យាបាលនៅមន្ទីពេទ្យបង្អែក​ខេត្ត​មណ្ឌល​គិរី​ ចំណែករថយន្តត្រូវបានកម្លាំងជំនាញយកមករក្សាទុកនៅស្នងការដ្ឋាននគរបាលរង់ចាំធ្វើការដោះស្រាយតាមនីតិវិធី៕