រដ្ឋបាលខេត្តកំពតបើកកិច្ចប្រជុំក្រុមការងារថ្នាក់ខេត្តពិនិត្យពិភាក្សានិងសម្រេចលើសំណើរបស់រដ្ឋបាលក្រុង ស្រុក ក្នុងដំណើរ​ការសមាហរណកម្មបុគ្គលិក ទៅក្នុងរចនា​សម្ព័ន្ធថ្មីនៃ​រដ្ឋបាល​ក្រុងស្រុក - គេហទំព័រ សន្តិភាពថ្មី

Breaking

Monday, January 6, 2020

រដ្ឋបាលខេត្តកំពតបើកកិច្ចប្រជុំក្រុមការងារថ្នាក់ខេត្តពិនិត្យពិភាក្សានិងសម្រេចលើសំណើរបស់រដ្ឋបាលក្រុង ស្រុក ក្នុងដំណើរ​ការសមាហរណកម្មបុគ្គលិក ទៅក្នុងរចនា​សម្ព័ន្ធថ្មីនៃ​រដ្ឋបាល​ក្រុងស្រុក

ខេត្តកំពត៖ នៅសាលប្រជុំសាលាខេត្តកំពត  កាលពីព្រឹកថ្ងៃច័ន្ទ១២កើត  ខែបុស្ស  ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ២៥៦៣  ត្រូវនឹងថ្ងៃទី០៦ ខែមករា  ឆ្នាំ២០២០  រដ្ឋបាលខេត្តកំពតបានបើកកិច្ចប្រជុំ​ក្រុមការងារថ្នាក់ខេត្តពិនិត្យពិភាក្សា  និងសម្រេចលើ​សំណើរបស់រដ្ឋបាលក្រុងស្រុកក្នុងដំណើរការសមាហរណកម្មបុគ្គលិកទៅក្នុងរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលក្រុងស្រុក និងផ្សព្វផ្សាយសេចក្ដីណែនាំលេខ០៥៥ស.ណ.ន របស់ក្រសួងមហាផ្ទៃ ស្ដីពីការធានានិរន្តរភាពការងាររដ្ឋបាល  និងការផ្ដល់សេវាក្នុងដំណើរការរៀបចំរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលក្រុង  ស្រុក  ក្រោមអធិបតីភាព  ឯកឧត្តម  ជាវ តាយ  អភិបាលនៃគណៈអភិបាលខេត្ត ។ 

កិច្ចប្រជុំមានការចូលរួមពីអភិបាលរងខេត្ត ប្រធានមន្ទីរ អង្គភាពក្នុងខេត្ត អភិបាល  និងមន្ត្រី ពាក់ព័ន្ធក្រុងស្រុក សរុប៥៥នាក់។

ឯកឧត្តម  ជាវ តាយ  អភិបាលខេត្ត  បានចាត់ទុកកិច្ចប្រជុំ​នាពេលនេះ គឺជាការងារចាំបាច់ក្នុងការអនុវត្តនូវកំណែទម្រង់ថ្មី  ស្របទៅនឹងគោលនយោបាយ កំណែទម្រង់តាមបែបវិមជ្ឈការ និងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាលកម្ពុជា គឺក្នុងន័យឱ្យរដ្ឋបាល​ថ្នាក់ក្រោមជាតិ កាន់តែមានស្វ័យភាព ដើម្បីបម្រើសេចក្ដីត្រូវការ​របស់ប្រជាពលរដ្ឋបានឆាប់រហ័ស  និងមានប្រសិទ្ធភាពខ្ពស់។

ឯកឧត្តម អភិបាលខេត្ត ក៏បានលើកបញ្ជាក់ទៀតថា ដោយផ្អែកលើ​​នយោបាយ​កំណែទម្រង់នេះ ដូច្នេះសូមឲ្យក្រុមការងារទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ធ្វើ​​ការងារនេះឱ្យបានរួសរាន់ដើម្បីរៀបចំបញ្ជូនទៅ គ.ជ.អ.ប  ពិនិត្យសម្រេច បាន ទាន់ពេលវេលាតាមសេចក្ដីណែនាំ និងតាមការកំណត់របស់ថ្នាក់ជាតិដែលកំពុងពន្លឿនលើការងារសមាហរណកម្ម បុគ្គលិកនៃរដ្ឋបាលថ្នាក់ក្រោមជាតិដែល​នឹងដំណើរការអនុវត្ត នូវរចនាសម្ព័ន្ធថ្មី ក្នុងខែមករាឆ្នាំ២០២០ ខាងមុខនេះ។

ជាមួយឱកាសនោះ ឯកឧត្តមអភិបាលខេត្តបានសំណូមពរស្នើឱ្យ នាយករដ្ឋបាលខេត្តធ្វើការផ្សព្វផ្សាយខ្លឹមសារលិខិតលេខ ០៥៥ស.ណ.ន ចុះថ្ងៃទី២៥ ខែធ្នូ  ឆ្នាំ២០១៩ របស់ក្រសួង​មហាផ្ទៃស្ដីពីការធានានិរន្តរ៍ភាពការងាររដ្ឋបាល  និងការផ្ដល់​សេវាក្នុងដំណេីរការរៀបចំរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលក្រុង  ស្រុក  ខណ្ឌ។




No comments:

Post a Comment

Pages