ខេត្តព្រះសីហនុ៖ រសៀលថ្ងៃពុធ ទី៨ ខែមករា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំគណ:កម្មាធិការសម្របសម្រួលបច្ទេកទេសក្រុមប្រឹក្សាខេត្ត  ដោយមានការចូលរួមពី ឯកឧត្តមសមាជិកក្រុមប្រឹក្សាខេត្ត លោក លោក ស្រី អភិបាលរងក្រុង ស្រុក ប្រធាន អនុប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធក្នុងខេត្តព្រះសីហនុ ។

កិច្ចប្រជុំគណ:កម្មាធិការសម្របសម្រួលបច្ទេកទេសក្រុមប្រឹក្សាខេត្តព្រះសីហនុ លើគម្រោងសកម្មភាពអាទិភាពសម្រាប់កម្មវិធីវិនិយោគរបស់រដ្ឋបាលខេត្តប្រចាំឆ្នាំ២០២០ មានចំនួន ៣៤គម្រោង មានតម្លៃ ៩៦,០៥៧,២០០,០០០រៀល ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា កម្មវិធីវិនិយោគបីឆ្នាំរំកិល លើគម្រោងសកម្មភាពអភិវឌ្ឍន៍ជាអាទិភាពរបស់រដ្ឋបាលខេត្ត សម្រាប់ឆ្នាំ២០២០ ដើម្បីបំលែងគោលដៅក្របខ័ណ្ឌអភិវឌ្ឍន៍ នៃផែនការអភិវឌ្ឍខេត្ត ជាគម្រោងសកម្មភាព ឬសេវាអាទិភាពនានាសំដៅលើកកម្ពស់ការផ្តល់សេវាសាធារណ: និងកិច្ចអភិវឌ្ឍន៍ខេត្តសម្រាប់រយ:ពេលបីឆ្នាំ ២០២០-២០២២ និងធ្វើបច្ចុប្បន្នភាពរៀងរាល់ឆ្នាំ ។

ឯកឧត្តម អភិបាលខេត្តបន្តថា ខេត្តព្រះសីហនុ មានវិស័យសំខាន់ៗដូចជា ឧស្សាហកម្ម ពាណិជ្ជកម្ម ទេសចរណ៍ និងកសិកម្ម ជាវិស័យគោលដៅសម្រាប់អភិវឌ្ឍខឿនសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាល ។  ខេត្តមានសក្តានុពលដូចជា កំពង់ផែសមុទ្រទឹកជ្រៅ តំបន់សេដ្ឋកិច្ចពិសេស ព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុ និងឆ្នេរសមុទ្រដ៏ស្រស់ស្អាត ជាប្រភពសត្តានុពល និងធនធានធម្មជាតិ បាននិងកំពុងជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចខេត្តព្រះសីហនុ មានការរីកចំរើនជាលំដាប់ បច្ចុប្បន្នបាននឹងកំពុងអនុវត្តឱ្យបានសម្រេចនូវគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីជំរុញការអភិវឌ្ឍប្រែក្លាយខេត្តព្រះសីហនុ ឱ្យទៅជាតំបន់ " តំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង " អាចធ្វើឱ្យខេត្តទេសចរណ៍មាត់សមុទ្រ មានឈ្មោះ ជាទីក្រុងឧស្សាហកម្មបៃតង អាស៊ាន យ៉ាងយូរត្រឹមឆ្នាំ២០២៥ ជាគោលដៅ ជំរុញការអនុវត្តគោល នយោបាយអភិវឌ្ឍវិស័យឧស្សាហកម្មឆ្នាំ២០១៥-២០២៥ ជាប៉ូលសេដ្ឋកិច្ចសំខាន់ មជ្ឈមណ្ឌលឧស្សាហកម្ម ពាណិជ្ជកម្ម និងទេសចរណ៍រីកចម្រើនប្រកបដោយចីរភាព និងមានតុល្យភាពបរិស្ថាន៕