ក្រសួងទេសចរណ៍បានកោះប្រជុំភាគីពាក់ព័ន្ធពិភាក្សាលើគោលការណ៍ណែនាំស្ដីពីកម្មវិធីហ្វឹកហាត់ការងារដល់យុវជន​ និងអ្នកកំពុងបម្រើការងារក្នុងវិស័យទេសចរណ៍ - គេហទំព័រ សន្តិភាពថ្មី

Breaking

Friday, February 21, 2020

ក្រសួងទេសចរណ៍បានកោះប្រជុំភាគីពាក់ព័ន្ធពិភាក្សាលើគោលការណ៍ណែនាំស្ដីពីកម្មវិធីហ្វឹកហាត់ការងារដល់យុវជន​ និងអ្នកកំពុងបម្រើការងារក្នុងវិស័យទេសចរណ៍

ភ្នំពេញ៖ ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ ក្រសួងទេសចរណ៍ ដោយមានកិច្ចសហការជាមួយអង្គការអន្តរជាតិខាងការងារ (ILO) ប្រចាំកម្ពុជា​បានរៀបចំកិច្ចប្រជុំជាមួយតំណាងសាលាបណ្ដុះបណ្ដាល​ ភាគីឯកជន​ ក្រសួងស្ថាប័នពាក់ព័ន្ធ​ ពិភាក្សាលើការដាក់ចុះអនុវត្តគោលការណ៍ណែនាំស្ដីពី “ការអនុវត្តកម្មវិធីហ្វឹកហាត់ការងារក្នុងវិស័ទេសចរណ៍ (Tourism Apprenticeship Guideline )” ។ ​

ឯកឧត្ដម​ ប៉ាក់​ សុខុម​​ រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានលើកឡើងថា​ ការបណ្ដុះបណ្ដាលជំនាញ​ដល់អ្នកកំពុងបម្រើការងារ​ និងយុវជនក្មេងៗ ជាគោលដៅអាទិភាពរបស់ក្រសួង ដើម្បីទ្រទ្រង់ភាពរឹងមាំនៃវិស័យទេសចរណ៍ និងការអភិវឌ្ឍទេសចរណ៍ប្រកបដោយចីរភាព។ កន្លងមក ក្រសួងទេសចរណ៍បានដាក់ចុះកម្មវិធីបណ្ដុះបណ្ដាល និងពង្រឹងសមត្ថភាពជាច្រើនស្របតាមស្តង់ដាអាស៊ានមានដូចជា​ ការបណ្ដុះបណ្ដាលដំបូង ការបណ្ដុះបណ្ដាលបន្ត ការបណ្ដុះបណ្ដាលខាងក្នុង (In-House Training) ការបណ្ដុះបណ្ដាលចល័ត ការបណ្ដុះបណ្ដាលជំនាញបន្ថែមដល់អ្នកកំពុងបម្រើការងារ ការវាយតម្លៃទទួលស្គាល់បទពិសោធន៍ឬការសិក្សាពីមុន ការបណ្ដុះបណ្ដាលជំនាញទេសចរណ៍ដល់ពលករចំណាកស្រុកត្រឡប់មកវិញឲ្យបម្រើការងារក្នុងផ្នែកសណ្ឋាគារជាដើម។

ការហ្វឹកហាត់ការងារជាកម្មវិធីថ្មី ដែលនឹងមានការចូលរួមដោយអង្គភាពអាជីវកម្ម សាលាបណ្ដុះបណ្ដាល អ្នកហ្វឹកហាត់ការងារ និងភាគីពាក់ព័ន្ធផ្សេងៗទៀត សំដៅឆ្លើយតបបានកាន់តែខ្ពស់នូវតម្រូវការជំនាញរបស់ទីផ្សារការងារ។

ឯកឧត្ដមរដ្ឋលេខាធិការក៏បានជម្រាបផងដែរថា ក្រសួងទេសចរណ៍កំពុងសហការជាមួយភាគីពាក់ព័ន្ធដាក់ចុះកម្មវិធីប​ណ្ដុះបណ្ដាលអ្នកកំពុងបម្រើការងារបន្ថែមទៀតនាពេលខាងមុខនេះ។

សូមរំលឹកផងដែរថា បច្ចុប្បន្នអ្នកកំពុងបម្រើការងារដោយផ្ទាល់ក្នុងវិស័យទេសចរណ៍កម្ពុជាមានប្រមាណ​៦៣ម៉ឺននាក់។ ស្របតាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យទេសចរណ៍ ២០១៧-២០២៥ និងស្មារតីនៃការអនុវត្ត កិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកលើអ្នកជំនាញទេសចរណ៍អាស៊ាន (MRA-TP) ក្រសួងមានគោលដៅសម្រេចការបណ្ដុះបណ្ដាលឲ្យបានយ៉ាងតិច ៥០% ត្រឹមឆ្នាំ២០២០ ១០០% ត្រឹមឆ្នាំ២០២៥ និងសម្រេច​គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព​ SDG4: ការសិក្សាពេញមួយជីវិត និង SDG8: ការងារសមរម្យ ត្រឹមឆ្នាំ២០៣០។







No comments:

Post a Comment

Pages