ប្រជាពលរដ្ឋក្រីក្រចាស់ជរា មានជីវភាពខ្វះខាតចំនួន ១២០គ្រួសារ បានទទួលបានអំណោយមនុស្សធម៌ពីអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌសែនសុខ - គេហទំព័រ សន្តិភាពថ្មី

Breaking

Tuesday, March 3, 2020

ប្រជាពលរដ្ឋក្រីក្រចាស់ជរា មានជីវភាពខ្វះខាតចំនួន ១២០គ្រួសារ បានទទួលបានអំណោយមនុស្សធម៌ពីអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌសែនសុខ

ភ្នំពេញ៖ នៅថ្ងៃចន្ទ ៩កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ពស ២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០ លោក ម៉ូវ ម៉ានិត ប្រធានកិត្តិសយអនុសាខាកាកបាទក្រហមខណ្ឌ  និងជាអភិបាល នៃគណៈអភិបាលខណ្ឌសែនសុខ រួមជាមួយប្រធាន អនុប្រធាន សមាជិកគណៈកម្មាធិការអនុសាខាកាកបាទក្រហមខណ្ឌ និងព្រះវត្តមានដ៏ខ្ពង់ខ្ពស់ សម្តេចសាក្យមុនី កិត្តិបណ្ឌិត ទស្សនវិជ្ជា រ័ត្ន សារឿន ព្រះអគ្គាធិការរង នៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ សមាជិកថេរសភា នៃព្រះពុទ្ធសាសនា នៅព្រះរាជាណាចក្រកម្ពុជា ព្រះអនុគណខណ្ឌសែនសុខ ជាសម្តេចព្រះចៅអធិការវត្តសំរោងអណ្តែត បាននិមន្ត អញ្ជើញ ជួបសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ កាកបាទក្រហមកម្ពុជា ជូនប្រជាពលរដ្ឋក្រីក្រ ខ្វះខាតចំនួន ១២០គ្រួសារ មកពីសង្កាត់ចំនួន ០៣គឺ សង្កាត់គោកឃ្លាង សង្កាត់ភ្នំពេញថ្មី និងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ក្នុងឱកាសនេះ លោក ម៉ូវ ម៉ានិត ប្រធានកិត្តិសយអនុសាខាកាកបាទក្រហមខណ្ឌ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេច និង ថ្នាក់ដឹកនាំ តែងតែគិតគូយកចិត្តទុកដាក់ខ្ពស់បំផុត លើបងប្អូនប្រជាពលរដ្ឋ ដែលជួបទុក្ខលំបាក និងជនរងគ្រោះ ងាយរងគ្រោះគ្រប់ប្រភេទ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយឡើយ ក្រោមការដឹកនាំប្រកបដោយគិតបណ្ឌិតរបស់សម្តេច ទើបកម្ពុជាទទួលបាននូវសុខ សន្តិភាព និងអភិវឌ្ឍដូចសព្វថ្ងៃនេះ ។ សូមថែរក្សាសុខភាពដោយការបរិភោគមានអនាម័យល្អ ដើម្បីចៀសពីជំងឺផ្សេងៗ និងកុំជឿតាមការឃោសនាអកុសលផ្សេងៗ ដែលនាំឲ្យប្រជាពលរដ្ឋមានការភ័យខ្លាច ធ្វើប្រទេសជាតិខាតបង់សេដ្ឋកិច្ច របស់ជនអគតិមួយចំនួនតូច។

អំណោយមនុស្សធម៌ ដែលបានប្រគល់ជូននាពេលនេះដោយក្នុងមួយគ្រួសារៗទទួលបាន អង្ករចំនួន០១បាវ ស្មើនឹង៣០គីឡូក្រាម ឃីត០១កញ្ចប់ ថវិកា៣០,០០០រៀល។
 អំណោយទាំងនេះទទួលបានពីសប្បុរសជនរួមមាន៖ កាកបាទក្រហមកម្ពុជា អង្ករ១២០បាវ លោក តាំង សុភាវុធ អនុប្រធានកិត្តិយសអនុសាខា ឧបត្តមថវិកា១.២០០.០០០រៀ លោក គឹម ជឺ អនុប្រធានកិត្តិយសអនុសាខា ឧបត្ថមថវិកា១.២០០.០០០រៀល លោក ប៉ោយ ប៉ូលី ប្រធានការិយាល័យ ដនសភ ខណ្ឌ ឧបត្ថមថវិកា១.២០០.០០០រៀល 
សម្តេចសាក្យមុនី កិត្តិបណ្ឌិត ទស្សនវិជ្ជា រ័ត្ន សារឿន ព្រះអគ្គាធិការរង នៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ សមាជិកថេរសភា នៃព្រះពុទ្ធសាសនា នៅព្រះរាជាណាចក្រកម្ពុជា ព្រះអនុគណខណ្ឌសែនសុខ ជាសម្តេចព្រះចៅអធិការវត្តសំរោងអណ្តែត ឃីត១២០កញ្ចប់ អង្ករ០១តោន។






No comments:

Post a Comment

Pages