ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល ចុញសួរសុខទុក្ខ សំណេះសំណាល និងនាំយកអំណោយមនុស្សធម៌ទៅឧត្ថម្ភដល់គ្រួសារអ្នកមានជំងឺ Covid-19 ចំនួន១គ្រួសារ - គេហទំព័រ សន្តិភាពថ្មី

Breaking

Saturday, March 21, 2020

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល ចុញសួរសុខទុក្ខ សំណេះសំណាល និងនាំយកអំណោយមនុស្សធម៌ទៅឧត្ថម្ភដល់គ្រួសារអ្នកមានជំងឺ Covid-19 ចំនួន១គ្រួសារ

ខេត្តកណ្តាល៖ កាលពីរសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល និងជាប្រធានគណកម្មាធិកាសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល បានដឹកនាំប្រតិភូ ជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌មួយចំនួនឧត្ថម្ភដល់គ្រួសារអ្នកមានជំងឺ Covid-19 ចំនួន១គ្រួសារ ស្ថិតនៅភូមិបារ៉ែនក្រោម ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល។

មានប្រសាសន៍នាឱកាសនោះ ឯកឧត្តមអភិបាលខេត្ត  បានសូមអោយបងប្អូនកុំព្រួយបារម្ភ ចំពោះជំងឺ(COVID-19)នេះ ព្រោះលោកគ្រូ អ្នកគ្រូពេទ្យ កំពុងតែព្យាបាលយ៉ាងយកចិត្តទុកដាក់បំផុត ហើយរាជរដ្ឋាភិបាលដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុន សែន ជាប្រធាន មិនទុកអោយបងប្អូនឯកការឡើយ ជាពិសេសជុំវិញករណីជំងឺរលាកសួតថ្មី (COVID-19)នេះ។

ឯកឧត្តមក៏បានសំដែងនូវអំណរអរគុណបំផុតចំពោះក្រុមគ្រូពេទ្យ ដែលបានប្រឹងប្រែងធ្វើការទាំងថ្ងៃ ទាំងយប់រហូតដល់ ១៥ ទៅ ១៦ម៉ោងក្នុង១ថ្ងៃ ជំវិញករណី COVID-19 នេះ។

ឯកឧត្តមបានបន្តថា ថ្វីត្បិតតែអំណោយមនុស្សធម៌ដែលបាននាំជូនដល់បងប្អូននាពេលនេះ មានចំនួនតិចតួចក្តី ក៏សង្ឃឹមថានឹងអាចសម្រួលដល់បងប្អូនបានមួយចំណែកតូច ហើយក៏ជាការបង្ហាញនូវការគិតគូររបស់ថ្នាក់ដឹកនាំ។

ឯកឧត្តម បានផ្ញាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវមានអនាម័យអោយបានគ្រប់ៗគ្នាត្រូវលាងសំអាតដៃអោយបានញឹកញាប់ ពេលធ្វើដំណើរចេញទៅខាងក្រៅត្រូវពាក់ម៉ាសអោយបានត្រឹមត្រូវ។

អំណោយមនុស្សធម៌ដែលបានឧបត្ថម្ភរួមមាន៖
មីខ្លាឃ្មុំចំនួន៤កេស ទឹកសុទ្ធ២កេស ទឹកផ្លែឈើ២កេស និងថវិកាឧបត្ថម្ភដល់គ្រួសារអ្នកជំងឺចំនួន ២លានរៀល និងអ្នកជំងឺសំរាកនៅមន្ទីរពេទ្យឧបត្ថម្ភថវិកា ១លានរៀល។




No comments:

Post a Comment

Pages