អភិបាលខេត្តព្រះសីហនុ លើកទឹកចិត្តដល់ក្រុមហ៊ុន ហេង ហេង ដែលចិញ្ចឹមបង្គារជាលក្ខណៈធម្មជាតិ ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញទៅកាន់បរទេស - គេហទំព័រ សន្តិភាពថ្មី

Breaking

Wednesday, April 29, 2020

អភិបាលខេត្តព្រះសីហនុ លើកទឹកចិត្តដល់ក្រុមហ៊ុន ហេង ហេង ដែលចិញ្ចឹមបង្គារជាលក្ខណៈធម្មជាតិ ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញទៅកាន់បរទេស

ខេត្តព្រះសីហនុ៖ នាព្រឹកថ្ងៃអង្គារ ៧កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន ដឹកនាំមន្ត្រីជំនាញ អាជ្ញាធរស្រុកព្រៃនប់ ចុះពិនិត្យទីតាំងស្រែបង្គាររបស់ក្រុមហ៊ុនហេងហេង ស្ថិតនៅអូរភូមិតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

ឯកឧត្តម គួច ចំរើន បានគាំទ្រចំពោះក្រុមហ៊ុន ហេង ហេង ដែលចិញ្ចឹមបង្គារជាលក្ខណៈធម្មជាតិនៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងបានលើកទឹកចិត្តក្រុមហ៊ុនឱ្យពង្រីកការចិញ្ចឹមបន្ថែមទៀត សម្រាប់ធ្វើការនាំចេញទៅកាន់បរទេសផងដែរ។ ក្នុងឱកាសនោះដែរ ឯកឧត្តម គួច ចំរើន បានណែនាំឱ្យអាជ្ញាធរឃុំ ស្រុក មន្ទីរ អង្គភាពជំនាញត្រូវយកចិត្តទុកដាក់ផ្តល់ភាពងាយស្រួលដល់ក្រុមហ៊ុនដើម្បីធ្វើការអភិវឌ្ឍស្រែបង្គារធម្មជាតិនេះឱ្យកាន់តែមានភាពផុលផុសថែមទៀត។ ឯកឧត្តម យល់ឃើញថាការចិញ្ចឹមបង្គារនេះនឹងអាចជួយបង្កើនការងារជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន និងកាត់បន្ថយការនាំចូលបង្គារពីប្រទេសជិតខាងចូលមកក្នុងប្រទេសកម្ពុជា។

តំណាងក្រុមហ៊ុន ហេង ហេង បានឱ្យដឹងថា ក្រុមហ៊ុនបានធ្វើការចិញ្ចឹមបង្គារធម្មជាតិលើផ្ទៃដី ១០០ហិកតា ដោយរៀបចំជាស្រះ ប្រឡាយបង្ហូរទឹកចេញ-ចូលបាន ២០ភាគរយ ដូច្នេះនៅសល់ស្រះបង្គារ ៨០ហិកតា ។

លោកបានបន្តថា ក្រុមហ៊ុនលោកចាប់ផ្តើមចិញ្ចឹមបង្គារកាលពីខែមិថុនា ឆ្នាំ២០១៩ រហូតមកដល់បច្ចុប្បន្នទទួលបានផលជាបណ្តើរៗ។ ការចិញ្ចឹមកូនបង្គារនេះ មានរយ:ពេល៣ខែអាចប្រមូលផលបានហើយ ដោយក្នុងផ្ទៃដីមួយហិកតា អាចប្រមូលផលបង្គារបានចាប់ពី ២.៥តោន ទៅជិត ៣តោន ហើយក្នុងមួយឆ្នាំអាចប្រមូលផលបាន ៣ដង។ ក្រោយពីការប្រមូលផលរួចយើងត្រូវលាងសម្អាតស្រះ ដើម្បីដាក់កូនបង្គារថ្មីចូល។ បច្ចុប្បន្ននេះក្រុមហ៊ុនមានកន្លែងភ្ញាស់កូនបង្គារដោយខ្លួនឯង។ លោកបានបន្ថែមថា បង្គារដែលកំពុងចិញ្ចឹមសព្វថ្ងៃនេះ សម្រាប់តែផ្គត់ផ្គង់ទីផ្សារក្នុងស្រុកតែប៉ុណ្ណោះមិនទាន់បានធ្វើការនាំចេញទេ ហើយនៅពេលដែលការចិញ្ចឹមផ្គត់ផ្គង់ក្នុងស្រុកសល់ ក្រុមហ៊ុននឹងធ្វើការនាំចេញទៅក្រៅប្រទេស៕




No comments:

Post a Comment

Pages