ទីស្ដីការ ក្រសួងមហាផ្ទៃ ៖ គណៈកម្មការអន្តរក្រសួងប្រយុទ្ធនឹងជំងឺកូវីដ-១៩ នាព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ បានបើកកិច្ចប្រជុំ គណៈកម្មការអន្ដរក្រសួង ដើម្បីប្រយុទ្ធជំងឺកូវីដ-១៩ ជាមួយក្រុមទីភ្នាក់ងារអង្គការ សហប្រជាជាតិ (អ.ស.ប) ក្នុងការត្រៀមបង្ការ និងការឆ្លើយតប ចំពោះការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩ នៅកម្ពុជា ដោយកិច្ចប្រជុំនាពេលព្រឹកនេះមានការចូលរួមពី ថ្នាក់ដឹកនាំ ក្រសួងមហាផ្ទៃ អភិបាលខេត្ត រាជធានី-ខេត្ត និងស្ថាប័នពាក់ព័ន្ធជាដើម ហើយមានអ្នកចូលរួម សរុប ប្រមាណជា ៨០នាក់ផងដែរ។

សាស្ដ្រាចារ្យ ម៉ម ប៊ុនហេង ប្រធានគណៈកម្មការអន្ដរក្រសួង ដើម្បី ប្រយុទ្ធនឹង​ជំងឺកូវីដ-១៩ និងជារដ្ឋមន្ដ្រីក្រសួងសុខាភិបាល មានប្រសាសន៍ថា ដើម្បីឆ្លើយតប​ទៅនឹងការព្យាបាលអ្នកជំងឺកូវីដ-១៩ ដែលទាមទារឲ្យប្រទេសទាំងអស់​បង្កើនស្ថាន​ភាពបន្ថែមទៀតក្នុងការ ការពារទប់ស្កាត់កូវីដ-១៩ ឲ្យទាន់ពេលវេលា ជាពិសេស ពង្រឹងកិច្ចសហការប្រតិបត្តិការបន្ថែមទៀត ជាងនេះទៅទៀតក៏ត្រូវត្រៀម​ខ្លួនសម្រាប់ការរាតត្បាត ជំងឺឆ្លងនានាដែលអាចកើតមានឡើងនៅពេលអនាគត។
ឯកឧត្តមបន្ថែមថា ទោះបីជាស្ថានភាព កូវីដ-១៩ នៅកម្ពុជាបច្ចុប្បន្ន ស្ថិតនៅស្ថានភាពអាចគ្រប់គ្រងបាន ប៉ុន្ដែភាគីពាក់ព័ន្ធត្រូវបន្ដបង្កើនការតាមដាន ដើម្បីយកចិត្តទុកដាក់បន្ថែមទៀត និងត្រៀមបំរុងរួចជាសម្រេច ចំពោះការរាតត្បាត នៅតាមសមាគមន៍ដែលអាចកើតមានឡើងជាយថាហេតុ។
ឆ្លៀតឱកាសនោះ លោកជំទាវ Pauline Tamesis អ្នកសម្របសម្រួល អង្គការសហប្រជាជាតិ (អ.ស.ប) នៅកម្ពុជា បានថ្លែងថា «ទោះបីជាយើងពុំទាន់ឃើញសញ្ញាច្បាស់លាស់អំពីការឆ្លងក្នុងសហគមន៍ ដោយស្ថានភាពនេះអាចប្រែប្រួលយ៉ាងឆាប់រហ័ស។ យើងត្រូវត្រៀមខ្លួនជាស្រេច និងបន្ស៊ាំការឆ្លើយតបរបស់យើង ទៅតាមស្ថានភាពនោះ»។
លោកជំទាវ ក៏បានកោតសរសើរ ចំពោះរាជរដ្ឋាភិបាលកម្ពុជា  ជាពិសេស ក្រសួងសុខាភិបាល ដែលព្យាបាលអ្នកជំងឺកូវីដ-១៩ នៅកម្ពុជា បានជាសះស្បើយជាបន្ដបន្ទាប់ ហើយមានឆ្លងសរុបទាំងអស់ត្រឹមតែ​១២២នាក់ប៉ុណ្ណោះ៕